ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បឹងទន្លេសាបនឹងមិនត្រូវកែសម្រួលព្រំប្រទល់ ឬកាត់ឆ្វៀលទៀតនោះទេ ដើម្បីថែរក្សាទុកបម្រើផលប្រយោជន៍រួមរបស់ពលរដ្ឋទាំងពេលបច្ចុប្បន្ននិងអនាគត បន្ទាប់ពីផ្ទៃដីប្រមាណជា ៨ម៉ឺនហិកតា ត្រូវបានកាត់រួចហើយនាពេលថ្មីនេះៗ។
ប្រមុខរដ្ឋាភិបាលបានថ្លែងក្នុងពិធី«បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំបន្តរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី២៦ ខែវិច្ឆិកានេះថា ក្រោយពីបឹងទន្លេសាបត្រូវបានបោះបង្គោលកំណត់ព្រំរួចរាល់ លោកបានប្រាប់ទៅមន្រ្តីពាក់ព័ន្ធថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការកែសម្រួលព្រំដីទៀតនោះទេ។ ដោយហេតុថា បឹងទន្លេសាបធ្លាប់ត្រូវបានកែពីព្រំតំបន់ ៣ មកតំបន់១ ហើយពីតំបន់ ៣ មកតំបន់ ២ ដែលមាន ផ្ទៃដីរាប់ម៉ឺនហិកតានាពេលថ្មីៗនេះដើម្បីផ្តល់សិទ្ធិដល់ប្រជាជន។
លោកប្រសាសន៍ថា៖ «យើងកែសឹងតែអស់ទៅហើយ។ អញ្ជឹង នៅមានការស្នើសុំចង់កែអាតំបន់៣ តំបន់២ធ្វើអីទៀត? អត់ទេ។ ត្រូវការពារសម្រាប់ពលរដ្ឋ ១៧លាននាក់ គឺមិនមានការកែប្រែតំបន់ ៣ មកតំបន់២ ទៀតទេ គឺត្រូវថែរក្សាឱ្យបាន។ យើងគ្រាន់តែកែពីតំបន់៣ មកតំបន់២ និងតំបន់១ អស់ ៨ម៉ឺនហិកតា ដើម្បីឱ្យពលរដ្ឋមានកម្មសិទ្ធិ ឬមួយមានសិទ្ធិប្រើប្រាស់។ ឥឡូវ បើយើងសុំកាត់រាប់សែនហិកតាទៀត កាត់អត់ឈប់ទេ»។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា រាជ រដ្ឋាភិបាល មាន ភារៈកិច្ច និងកាតព្វកិច្ចចំពោះប្រជាពលរដ្ឋដែលនៅជាក់ស្តែងក្នុងតំបន់នោះ។ ជាពិសេស អ្នកដែលមានភូមិករនៅទីនោះ ជាយូរយារមកហើយ ដែលរាជរដ្ឋាភិបាលកាលពីអាណត្តិមុនបានកាត់តំបន់មួយឱ្យរួចទៅហើយ។ កន្លែងខ្លះទៀត រដ្ឋាភិបាលអាចផ្តល់សិទ្ធិជូនពលរដ្ឋ មានសិទ្ធិនៅក្នុងការអាស្រ័យផល ដើម្បីគាត់បានផលចំណូលមួយចំនួន។ ប៉ុន្តែ វាមិនបង្កការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធជីវៈចម្រុះ សម្រាប់ប្រជាពលរដ្ឋ រាប់លាននាក់ផ្សេងទៀត។
លោកបញ្ជាក់ថា៖ «តំបន់ ៣ ជាតំបន់ដាច់ខាត ដែលត្រូវការពារដាច់ខាត។ ពិតណាស់តំបន់នេះ បើឱ្យប្រជាពលរដ្ឋ ១០០នាក់ ១ពាន់ធ្វើ [កសិកម្ម] អ្នកនោះបានចំណូល តែយើងអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ តើស្រុកខ្មែរយើង ថ្ងៃក្រោយទៅជាយ៉ាងម៉េច? យើងត្រូវតែទទួលខុសត្រូវអាហ្នឹង»។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ «បើឱ្យគ្រប់កន្លែងទាំងអស់ អ្នកណាក៏ធ្វើដែរ តែយើងមិនអាចឱ្យធ្វើ។ បើធ្វើកសិកម្មប្រើជី ប្រើអី វាប៉ះពាល់ ឈូសឆាយ ព្រៃលិចទឹកចោលទាំងអស់។ អញ្ជឹងត្រីពងក៏លែងរួច ខ្ទិចអស់នូវធនធានធម្មជាតិ។ អញ្ជឹងរាជរដ្ឋាភិបាលដៃម្ខាងគិតផលប្រយោជន៍ប្រជាជនរាប់រយគ្រួសារ ដែលនៅក្នុងនោះ។ ដៃម្ខាងគឺ ១៧លាននាក់។ ផលប្រយោជន៍ទាំងអស់គ្នា»។
ការការពារបឹងទន្លេសាបនេះ មិនមែនថែសម្រាប់តែពលរដ្ឋ១៧លាននាក់នាពេលបច្ចុប្បន្ននេះទេ តែ២០ឆ្នាំក្រោយទៀត ប្រជាជនខ្មែរអាចកើនឡើង ២០លាននាក់ ឬ៣០លាននាក់។ ចំពោះ ការដោះស្រាយបញ្ហាដីធ្លីនៅបឹងទន្លេសាប គឺមិនខុសគ្នា ពីករណីផ្សេងនោះទេ។ ពោល គឺត្រូវកំណត់និយាមការណ៍ កំណត់ព្រំ ហើយបោះបង្គោលឱ្យច្បាស់លាស់។
លោកមានប្រសាសន៍ដូច្នេះថា៖«ខ្ញុំសុំបញ្ជាក់ថា តំបន់៣ មិនមែនសម្រាប់ ឯកឧត្តមសាយ សំអាល់ ឬសម្រាប់ខ្ញុំទេ។ ខ្ញុំអត់មានគោលដៅទៅធ្វើផ្ទះនៅហ្នុងទេ។ អត់មានសម្រាប់មន្រ្តី អាជ្ញាធរទន្លេសាប ឬមួយអីទៅធ្វើកម្មសិទ្ធិទេ គឺសម្រាប់ប្រជាជនខ្មែររាប់លាននាក់ សម្រាប់ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធជីវៈចម្រុះ ប្រព័ន្ធត្រីរបស់យើងនៅមានអនាគតវែងឆ្ងាយតទៅទៀត»។
លោកក៏បានថ្លែងផងដែរថា នៅតំបន់២ គឺបានកំណត់ព្រំ និងកំណត់គោលការណ៍នៅក្នុងការប្រើប្រាស់ច្បាស់លាស់ គឺ គ្មានការផ្តល់កម្មសិទ្ធិ និងគ្មានការលក់ដូរនោះទេ។ ប៉ុន្តែពលរដ្ឋមានសិទ្ធិប្រើប្រាស់ ឬអាចជួលពីរដ្ឋបាន ព្រោះ ដីនៅតំបន់នោះ ត្រូវបានប្រគល់ឱ្យខេត្តទាំង៦ ធ្វើជាម្ចាស់ ប្រើបាស់ និងគ្រប់គ្រង ឬក៏ប្រគល់សិទ្ធិឱ្យប្រជាជន អាស្រ័យផលប៉ុណ្ណោះ។
រាជរដ្ឋាភិបាលគិតគូទាំងការការពារបឹងទន្លេសាប និងជីវភាពរស់នៅរបស់ពលរដ្ឋ ដោយរកវិធីសាស្រ្តជួយ កុំឱ្យមានការពឹងផ្អែកទាំងស្រុងទៅលើបឹងទន្លេសាប។ ប៉ុន្តែត្រូវ ពឹងលើចំណូលផ្សេងៗ ដូចពលរដ្ឋខ្លះនៅកន្លែងផ្សេងដែរ ដូចជាពឹងទៅលើវិស័យឧស្សាហកម្ម ដែលប្រើប្រាស់ដីតូច តែបង្កើតចំណូលច្រើន ហើយធ្វើការ ដោយមិនចាំរដូវទឹកឡើង ឬ ទឹកស្រកទៀតនោះទេ។
លោកគូសបញ្ជាក់ថា៖«ឥលូវបង្វិលមកជាតំបន់ឧស្សាហកម្ម ដែលមិនប៉ះពាល់តំបន់ការពារ។ បង្កើតការងារជូនពលរដ្ឋ ។ នេះជាយុទ្ធសាស្រ្តរបស់យើង។ យើងត្រូវប្រែក្លាយប្រភព នៃចំណូលរបស់ពលរដ្ឋ ដើម្បីការពារបរិស្ថាន ទាល់តែ រកចំណូលឱ្យពលរដ្ឋ។ ដូចនៅអាម៉ាហ្សូន បើមិនឱ្យប្រជាជនកាប់ព្រៃ ត្រូវរកប្រភពចំណូលមួយទៀតឱ្យគាត់។ បើចង់ឱ្យគាត់មិនពឹងលើកសិកម្ម យើងបង្កើតតំបន់ឧស្សាហកម្មនៅជិតនោះឱ្យគាត់»។
លោកនាយករដ្ឋមន្រ្តីក៏បានឱ្យដឹងផងដែរថា ក្រោយពីកំណត់ព្រំបឹងទន្លេសាបរួច រាជរដ្ឋាភិបាលនឹងចេញគោលការណ៍ ក្នុងការកំណត់លក្ខខណ្ឌ នៃការប្រើប្រាស់ដី។ ដូចជាការកំណត់ក្នុងការប្រើប្រាស់ប្រភេទជី ដើម្បីការពារកុំឱ្យបំផ្លាញជីវៈចម្រុះ ឬគុណភាពដី។
លោកមានប្រសាសន៍ថា៖«ពេលទឹកឡើងមកគឺសម្លាប់ជីវៈចម្រុះហ្នឹងទាំងអស់ ត្រីក៏នៅមិនបាន។ យើងនឹងចេញគោលការណ៍នេះ ហើយនឹងអនុវត្តឱ្យបានម៉ឺងម៉ាត់។ យើងមិនខ្លាចអនុវត្តច្បាប់ក្នុងកិច្ចការងារនេះទេ។ កន្លងទៅACUចាប់ដាក់គុកប៉ុន្មាននាក់»។ លោកក៏បានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ធ្វើការចុះផ្សព្វផ្សាយបន្ថែមដល់ពលរដ្ឋពីការប្រើប្រាស់ដីនៅតំបន់នីមួយៗឱ្យបានច្បាស់លាស់ ឱ្យស្របទៅនឹងទិដ្ឋភាពជាក់ស្តែង បន្ទាប់ពីការបោះបង្គោលព្រំ។
អាជ្ញាធរទន្លេសាបបានបញ្ចប់ការបោះបង្គោលព្រំតំបន់៣ ចំនួន១ ២២៤បង្គោលនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបកាលពីខែតុលាកន្លងមក។ ក្រុមការងារក៏បានត្រៀមអនុវត្តការងារបន្ត សម្រាប់ការងារបោះបង្គោលជំហ៊ាន២ តំបន់កាត់ឆ្វៀល តំបន់១ និងតំបន់២ ដែលស្ថិតនៅក្នុងតំបន់៣ (បង្គោលឃ្លុំ) ក្នុងឆ្នាំ ២០២៥ខាងមុខនេះផងដែរ។
ចំពោះការងារគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់បឹងទន្លេសាប ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានឱ្យដឹងថា ក្រសួងបានសហការ ជាមួយអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបន្តអនុវត្តគោលការណ៍ បែងចែកតំបន់ ស្របតាមការសម្រេចកន្លងមកដែលនៅជាធរមាន។
លើសពីនោះ ក្រសួងបានជំរុញការរៀបចំគោលការណ៍ គ្រប់គ្រងប្រកបដោយសមធម៌ ដើម្បីប្រើប្រាស់ធនធានដីតំបន់២ ប្រកបដោយប្រសិទ្ធភាព និងអភិរក្ស ឱ្យបានដាច់ខាតនូវផ្ទៃដីតំបន់៣ ដើម្បីឈានទៅរក្សាបាននូវសន្តិសុខស្បៀង ធានាគុណតម្លៃសេដ្ឋកិច្ចសង្គម (ប្រប្រមាណ ២ ០០០លានដុល្លារក្នុងមួយឆ្នាំ)។
ក្រៅពីនោះ ក៏ដើម្បី ធានាសុវត្ថិភាព អត្តសញ្ញាណ សក្តានុពលជីវៈចម្រុះ អាយុជីវិត និងប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាប សម្រាប់ឧត្តមប្រយោជន៍ប្រជាជនគ្រប់រូប និងតជំនាន់។
លោកឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖«ក្រសួងបានបដិសេធរាល់សំណើសុំកាត់ឆ្កៀលដីក្នុងតំបន់៣ មកជាតំបន់២ នៃតំបន់បឹងទន្លេសាប និងប្តេជ្ញា អនុវត្តច្បាប់តឹងរ៉ឹងចំពោះករណីទន្ទ្រានដីរដ្ឋ ជាបន្តទៀត»។
ក្រសួងក៏បានពន្លឿនការងារវាស់វែងដីអាស្រ័យផល ក្នុងតំបន់២ សម្រេចបានប្រមាណ ៨៥ភាគរយ (២១៧ ៣៣៩ ក្នុងចំណោម២៥៤ ៥៣៦ក្បាលដី) និងបន្តត្រួតពិនិត្យការអនុវត្តវិធានការការពារតំបន់២ និងតំបន់៣ ជាប្រចាំផងដែរ។
តំបន់បឹងទន្លេសាប ត្រូវបានបែងចែកជា ៣ តំបន់។ ក្នុងនោះរួមមានតំបន់១ ជាតំបន់លំនៅដ្ឋាន ឬភូមិករ និងជាតំបន់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ (ប័ណ្ណកម្មសិទ្ធិ)។
តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល ស្រូវឡើងទឹកនិងប្រដេញទឹក និងក៏ជាតំបន់ទ្រនាប់ការពារ និងតំបន់៣ តំបន់ព្រៃលិចទឹក ហាមប៉ះពាល់ដាច់ខាត និងត្រូវការពារឱ្យខានតែបាន៕