ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ដែល​ចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ទាក់ទង​នឹង​ស្ថានភាព​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ដោយសារ​ខ្វះ​ការ​វាយ​តម្លៃ​នៃ​អង្គហេតុ និង​ច្បាប់​ពាក់ព័ន្ធ​ចំពោះ​ស្ថានភាព​នីមួយៗ។

ខណៈ​ទទួល​ស្គាល់​របាយការណ៍​នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​តម្លៃ លោក អស្នារិទ្ធ​ បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ក្នុង​ការ​វាយ​តម្លៃ និង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន។

របាយការណ៍ថ្មី​មួយ​របស់​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បង្ហាញ​រូបភាព​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​អំពី​ស្ថានភាពសេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

របាយការណ៍ ៤៣ ទំព័រ ដែល​ផ្ដោត​លើ​រយៈពេល​ចាប់​ពីថ្ងៃទី ១ ខែ​កញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ ២០២៤ ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​អ្នកសារព័ត៌មាន អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន ដោយ​អះអាងថា ​រដ្ឋាភិបាលបាន​គ្រប់គ្រង​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​រារ៉ាំង​ការ​បញ្ចេញ​មតិដោយសេរី។

ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០២៤ របាយការណ៍​របស់ CCHR បង្ហាញពី​ការគៀប​សង្កត់​របស់​រដ្ឋាភិបាល និង​វប្បធម៌​នៃ​ការ​ចាប់​ពិរុទ្ធភាព​ ដែល​បាន​ក្លាយ​ទៅ​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង​នៃ​សិទ្ធិ​ជា​មូលដ្ឋានទាំង​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​រក​ឃើញ​នេះ​បាន​គូស​បញ្ជាក់​ពី​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​ក្លាយ​ជា​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការ​មិន​បញ្ចេញ​មតិ ដោយ​អ្នក​សារព័ត៌មាន និង​សកម្មជន​ប្រឈម​មុខ​នឹង​ចំណាត់ការ​ផ្លូវ​ច្បាប់ ការ​បៀតបៀន​រាងកាយ និង​ការ​រំលោភ​បំពាន​លើ​អ៊ីនធឺណិត។

របាយ​ការណ៍​នោះ​សរសេរ​ថា​៖ «​តាម​ការ​រក​ឃើញ ​​រដ្ឋាភិបាល​កម្ពុជាបាន​រឹតបន្ដឹង​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​បញ្ចេញ​មតិ​​សាធារណៈ​ ដែល​នាំឱ្យ​មាន​ការ​រឹត​ត្បឹត​សេរីភាព​របស់​​អ្នក​សារព័ត៌មាន និង​សកម្មជន រារាំង​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​បំបាក់​ទឹកចិត្ត​ចំពោះ​សំឡេង​រិះគន់»។

លោក អស្នារិទ្ធ បាន​ឱ្យដឹងថា ក្រសួង​ព័ត៌មាន​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍​នេះ​ជាផ្លូវការ​នៅឡើយ​។ ប៉ុន្ដែ​លោក​សាទរ​ចំពោះ​ការ​ពូន​ជ្រំ​ លើក​កម្ពស់​ក្នុងការ​អភិវឌ្ឍ​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន ការ​បញ្ចេញ​មតិ និង​សិទ្ធិ​មនុស្ស​មិន​មែន​ធ្វើ​ឡើង​សម្រាប់​តែ​បុគ្គល​ ឬ​ក្រុម​ណាមួយ​នោះ​ឡើយ​។ ដូច្នេះ ការ​ចូលរួម​ពី​គ្រប់​តួ​អង្គ​ទាំងអស់​គឺមានភាព​ចាំបាច់​ណាស់​ដើម្បី​ធានា​ភាព​ហ្មត់​ចត់ សុក្រិត​ប្រាកដ​ប្រជា​ គុណភាព​ តម្លាល​ភាព និង​អាច​ទុក​ចិត្ដ​បាន​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ក្នុង​ន័យថា របាយ​ការណ៍​ដែល​បាន​រៀបចំ​ឡើង​នេះ គឺ​មិនទាន់​ឆ្លុះ​បញ្ចាំង​ពី​គុណ​តម្លៃរួម​នៃ​សិទ្ធិ​សេរីភាព​នៅ​ឡើយ​ រាប់​បញ្ចូល​ទាំង​តម្លៃ​នៃ​ការ​ចូលរួម និង​ព័ត៌មាន​ដែលបាន​ប្រើ​ប្រាស់​ បើ​ពិនិត្យ​ និង​វាយ​តម្លៃ​លើ​គោលការណ៍​មូលដ្ឋាន​វិទ្យាសាស្ដ្រ​»។

យោងតា​មសេចក្ដី​សង្ខេប​របស់​របាយការណ៍​ លោក អស្នារិទ្ធ បាន​ឱ្យដឹងថា របាយ​ការណ៍​ផ្អែក​ប្រភព​ព័ត៌មាន​របស់​ខ្លួន​លើ​ការ​អង្កេត​ស្ថានភាព​ជា​ទូទៅ​ ដោយ​ស្រង់យកព័ត៌មាន​ពីការ​ចេញ​ផ្សាយ​របស់​អង្គភាព ឬ​អង្គការ​ផ្សេងៗ រួច​ដាក់​បញ្ចូល​ជា​ខ្លឹមសារ​របស់​ខ្លួន​។

ការ​ប្រមូលទិន្នន័យ​ពី​ប្រភព​ផ្សេងៗ​នេះមិន​ទាន់​បាន​ថ្លឹង​ថ្លែង​អំពី​អង្គហេតុ​ និង​អង្គច្បាប់​ពាក់ព័ន្ធ​ស្ថានភាព​នីមួយៗ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ និង​ហ្មត់​ចត់​នៅឡើយ ខណៈ​អ្នក​ធ្វើ​របាយការណ៍​នេះ​ក៏​បាន​សារភាព​ថា​មិន​ទាន់​បាន​គ្រប់​ជ្រុង​ជ្រោយ​ដែរ។

លោក​បាន​បន្ថែមថា របាយការណ៍​ប្រភេទនេះត្រូវ​តែមាន​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ចូលរួម​ ក៏​ដូចជា សមត្ថកិច្ច​ទទួល​ខុស​ត្រូវ រួមទាំង​ការ​ស្រង់​ទិន្នន័យ​ឧប្បត្ដហេតុ (incident report) ហើយ​យក​ទិដ្ឋភាព​ទាំង​អស់​នេះ​មក​វាយ​តម្លៃ រាប់​បញ្ចូល​ថាជាការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​។ វា​មិន​មែន​ជា​ការ​វាយ​តម្លៃត្រឹម​ត្រូវ​ ដែលអាច​ឱ្យ​តួអង្គ​ពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ​ជឿ​ជាក់​បាន​នៅឡើយ​។ 

លោក អស្នារិទ្ធ បាន​ឱ្យដឹងថា សេរីភាព​សារព័ត៌មាន​គឺជាកតលីករ​មួយ​ដ៏​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា។​ ផ្ទុយ​ពីអ្វីដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ សេរីភាព​សារព័ត៌មាន​ត្រូវបាន​ធានា​ដោយ​​​រដ្ឋធម្មនុញ្ញ​កម្ពុជា ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា និង​លិខិត​បទដ្ឋាន​គតិយុត​ជាធរមាន​ផ្សេងៗ​ទៀត​។

ក្រសួង​ព័ត៌មាន ក្នុង​នាម​ជាសេនាធិការរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យក​ចិត្ដទុកដាក់ខ្ពស់​ក្នុងការ​ធានា​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ទាំងអស់ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​លិខិត​បទដ្ឋានពាក់ព័ន្ធ​ផ្ដល់​ជូន​។

លោកអះអាងថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវបាន​វាស់​វែង​ដោយ​ការ​សិក្សា​បែប​វិទ្យាសាស្ដ្រ​នៅប្រទេស​កម្ពុជា​ដោយ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​។

លទ្ធផល​បាន​បង្ហាញថា មាន​​ភាព​ល្អ​ប្រសើរ ដោយ​ឆ្នាំ​២០២៤​ នេះ អ្នកសារព័ត៌មាន​ចំនួន ៧៩, ៨ភាគរយ​ចំណោម​អ្នក​ចូលរួម​ឆ្លើយ​ក្នុងការ​ស្ទាប​ស្ទង់​មតិ បាន​ឆ្លើយ​ថា សេរីភាសារព័ត៌មាន​នៅ​កម្ពុជាមានភាព​ល្អ​ប្រសើរ​ ខណៈ​អ្នកសារព័ត៌មានជិត​​ ៨០ភាគរយ​បាន​អះអាងថា ខ្លួន​មាន​សេរីភាព​ពេញ​លេញ​ក្នុងការ​ប្រកប​អាជីព​ជា​អ្នកសារព័ត៌មាន​ ដោយ​ងាយស្រួល និង​សុវត្ថិភាព​។

លោក​បាន​លើកឡើងថា ក្រសួង​ព័ត៌មាន​បានធ្វើ​បច្ចុប្បន្នភាព​អង្គភាព​សារព័ត៌មាន​សរុប​ចំនួន​ជិត​២​ពាន់​អង្គភាព និង ២៦​សមាគម​សារព័ត៌មាន ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ព័ត៌មាន ហើយ​ក្រសួង​បានចេញ​បណ្ណ​សម្គាល់​អ្នកសារព័ត៌មាន បាន​ចំនួន​ជាង ៨​ពាន់​ប័ណ្ណរួចហើយ ​​ដល់​អ្នកសារព័ត៌មាន​ស​ម្រា​ប់​ប្រតិបត្តិ​ការងារ​ដោយ​ស្របច្បាប់​។​

ក្រសួង​ព័ត៌មាន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ បានផ្តល់​ការ​គាំពារ​ផ្នែក​ច្បាប់​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​បាន​ជួបប្រទះ​នឹង​បញ្ហា​ក្នុងពេល​បំពេញការងារ ដោយ​ក្រសួង​បាន​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិវាទ និង​បញ្ហា​នានា សរុប​ចំនួន ២០​ករណី និង​កំពុង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ការផ្តល់​មេធាវី​ការពារ​ក្តី​ក្នុង​នីតិវិធីតុលាការ​លើករ​ណី​វិវាទ​មួយចំនួនទៀត​។

ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ ក្រសួង​បាន​សម្របសម្រួល​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​កំហុស​វិជ្ជាជីវៈ​ចំនួន​១៧​ករណី ដោយបាន​ផ្តល់​ការអប់រំ​និង​តម្រង់​ទិសលើ​ការប្រតិបត្តិ​ក្រមសីលធម៌ និង​និយាម​វិជ្ជាជីវៈ​សារព័ត៌មាន​ជា​ធរមាន​។

លោក អស្នារិទ្ធ បាន​បញ្ជាក់ថា​៖ «​កិច្ច​គាំពារ​ដល់​អ្នកសារព័ត៌មាន​ជា​អាទិភាព​ចំបង​មួយ​របស់​ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ទំនុកចិត្ត​និង​ការការពារ​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​អនុវត្ត​តួនាទី​និង​ភារកិច្ច​ក្នុង​ក្របខណ្ឌ​ដែល​ច្បាប់​កំណត់​»។​

របាយការណ៍​របស់ (CCHR) ដែល​បង្ហាញ​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​ចំពោះ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ បាន​កត់សម្គាល់ថា អង្គការ​អន្តរជាតិ ​ដូចជា អ្នករាយការណ៍​គ្មាន​ព្រំដែន បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​លេខ ១៥១ ក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០២៤​ ដោយ​ចាត់ថ្នាក់​ស្ថានភាព​សេរីភាព​សារព័ត៌មាន «ធ្ងន់ធ្ងរ»។​

ទោះជា​យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ច្រានចោល​ការវាយតម្លៃ​បែបនេះ​ថា វា​​មិន​ពេញលេញ ដោយ​លោក​បញ្ជាក់​ជាថ្មី​ថា សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា​ត្រូវតែ​ត្រូវបាន​វាយតម្លៃ​ក្នុង​បរិបទ​នៃ​ក្របខ័ណ្ឌ​ច្បាប់ និង​បទដ្ឋានគតិយុត​ពាក់ព័ន្ធ​​។​

លោក​បាន​និយាយថា ក្រសួង​ព័ត៌មាន ក្នុង​នាម​ជាសេនាធិការរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យក​ចិត្ដទុកដាក់ខ្ពស់​ក្នុងការ​ធានា​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ទាំងអស់ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​លិខិត​បទដ្ឋានពាក់ព័ន្ធ​ផ្ដល់​ជូន​។ 

លោកអះអាងថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវបាន​វាស់​វែង​ដោយ​ការ​សិក្សា​បែប​វិទ្យាសាស្ដ្រ​នៅប្រទេស​កម្ពុជា​ដោយ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​៕