ភ្នំពេញ៖ លោក​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាល​ពីថ្ងៃទី​២៧ ម្សិលមិញ​ថា ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង បង្កបញ្ហា​សុខភាព​និង​ជំងឺ​ច្រើនជាង ២០០​ប្រភេទ ជាអាទិ៍ ជំងឺ​ក្រិន​ថ្លើម ជំងឺមហារីក ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាមជាដើម​​។

នៅ​ក្នុងពិធី​បើក​សិក្ខាសាលា ផ្សព្វផ្សាយ​ការអប់រំ​សុខភាព ដើម្បី​ចៀសវាង​ក​ត្តាហានិភ័យ នៃ​ជំងឺមិនឆ្លង លោក ​ឈាង រ៉ា បាន​ឱ្យ​ដឹងថា​ ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង ​​មិនមាន​កម្រិត​សុវត្ថិភាព​នោះទេ ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​កាន់តែច្រើន បង្ក​ហានិភ័យ​ដល់​សុខភាព​កាន់តែច្រើន​។ 

លោក​បាន​ថ្លែងថា​៖ «ការប្រើប្រាស់​គ្រឿង​ស្រវឹង​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​របស់​យុវវ័យ បណ្ដាលឱ្យ​ញៀន និង​បង្កបញ្ហា​សុខភាព​ផ្លូវចិត្ត ​ដូចជា ជំងឺ​ថប់​បារម្ភ ជំងឺ​ធ្លាក់​ទឹកចិត្តជាដើម​។ លើសពីនេះ ការប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម ជំ​រុញឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើហិង្សា​បុគ្គល គ្រួសារ​ផងដែរ​»។

លោករដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា ការកើត​ជំងឺមិនឆ្លង​បណ្តាលមកពី​កត្តា​ហានិភ័យ​ចម្បង​បួន រួមមាន របប​អាហារ​មិនមាន​សុខភាព កង្វះ​សកម្មភាព​រាងកាយ ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់​។ 

ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុ​មូល​មួយ​ក្រោម​ចំណងជើង​ថា «ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ ផលិតផល​គ្រឿង​ស្រវឹង នៅ​ព្រះរាជាណាចក្រ​កម្ពុជា» លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ចំៗ​ចំពោះ​គុណវិបត្ដិ​របស់​គ្រឿង​ស្រវឹង​ ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទាំងលើ​បញ្ហា​គ្រួសារ និង​សង្គម​។ 

លោកស្រី​បាន​អះអាងថា​៖ «​គ្រឿង​ស្រវឹង​ប៉ះពាល់​សុខភាព​របស់​យើង​តាំងពី​កែវ​ដំបូង​ ហើយ​មិន​មាន​កម្រិត​គ្រឿង​ស្រវឹង​ណា ដែល​បញ្ជាក់ថា វាមាន​សុវត្ថិភាព​សម្រាប់​សុខភាព​យើង​នោះទេ​ ពីព្រោះ​នៅក្នុង​គ្រឿង​ស្រវឹង វាមាន​សារធាតុ​អេតាណុល»។ 

អ្នក​ជំនាញ​សុខភាព​ បាន​បន្ដថា សារធាតុ​អេតាណុល​នេះ​ វាជា​ឈ្នាន់​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ញៀន ខូច​សរសៃ​ប្រសាទ​ ឬ​ (ទឹក​ប្ដូរ​និស្ស័យ​) អំពើ​ហិង្សា និង​កំណើន​ជំងឺ​មិនឆ្លង​។

ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង បង្កបញ្ហា​សុខភាព​និង​ជំងឺ​ច្រើនជាង ២០០​ប្រភេទ ជាអាទិ៍ ជំងឺ​ក្រិន​ថ្លើម ជំងឺមហារីក ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម។ រូបថត សហការី​

លទ្ធផល​ស្រាវជ្រាវ​ពី​វិទ្យាស្ថានសុខភាព​​របស់​សហរដ្ឋអាមេរិក បាន​បង្ហាញថា បញ្ហា​ប្រឈម​មុន​គេ គឺថ្លើម​ពីព្រោះ​ថ្លើម​មាន​មុខ​ងារ​បន្សាប​សារធាតុ​អេតាណុល ដូចជា ជំងឺ​ក្រិន​ថ្លើម ដែល​នឹង​វិវត្ដន៍​ទៅ​មហារីក​ថ្លើម ដោយ​មាន​អត្រា​ជំងឺ​ថ្លើម​ ៤៨​ភាគរយ​ ហើយ​ចំណោម​នេះ មាន​អត្រា​ស្លាប់ ៦៦,៨​ភាគរយ​។ 

ការ​សិក្សា​នៃការ​អង្កេតប្រជាសាស្ដ្រ​ និង​សុខភាព​ឆ្នាំ​២០២១-២០២២ បាន​បង្ហាញថា ការ​ទទួលទាន​គ្រឿងស្រវឹងនៅ​កម្ពុជា​​មិន​មាន​ភាព​ខុស​គ្នារវាង​អ្នក​នៅ​ទីក្រុង​ និង​អ្នក​ជនបទ​នោះទេ​ ដែលមាន​ន័យថា ទំហំ​នៃការ​ទទួល​ទាន​គ្រឿងស្រវឹង​មាន​នៅ​ទូទាំង​ប្រទេស។ 

ចំពោះ​ការ​សិក្សា​ហានិភ័យ​នៃ​ជំងឺ​មិន​ឆ្លង​ឆ្នាំ​២០២៣ នៅកម្ពុជា បាន​បង្ហាញ​ថា ៥០ភាគរយ​នៃ​ប្រជាជន​អាយុពី ១៨ ទៅ ៦៩ឆ្នាំ ទទួល​ទាន​គ្រឿង​ស្រវឹង​ រយៈ​ពេល ៣០​ថ្ងៃ មុន​ធ្វើ​ការ​អង្កេត​ ដោយ​បុរស​មាន​ចំនួន៧១,២​ភាគរយ ស្ដ្រី ២៦,៥​ភាគរយ​ និង​ ៣០,៦​ភាគរយ​ ជាយុវវ័យ​ អាយុពី ១៥​ទៅ ១៨​ឆ្នាំ​។ 

លោកស្រី​បាន​ថ្លែងថា​៖ «​ចំនួន ៣០,៦ភាគរយ មិន​ដឹង​ប៉ះលើ​កូន​នរណា​ខ្លះទេ។ ដូច្នេះ យើង​ត្រូវ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ​។ បើ​យើង​មិន​ធ្វើ​ទេ វាកាន់តែ​លំបាកហើយ​ចំពោះ​ជំងឺ​មិន​ឆ្លង​នេះ។ ពីមុន ជំងឺប្រភេទនេះ​កើត​ឡើង​តែ​មនុស្ស​ចាស់​ទេ តែ​ឥឡូវ​វាបា​នកើត​លើ​យុវវ័យ​ហើយ​»។ 

ការ​ព្យាករ​បាន​បង្ហាញថា បើ​មិន​មាន​វិធានការ​អ្វី​ទេ នៅ​ចន្លោះពី ២០២៥ ទៅ​ឆ្នាំ​២០៣០ កំណើន​នៃ​គ្រឿង​ស្រវឹង​នឹង​ស្ទុះ​ឡើង​ខ្ពស់​ខ្លាំង​។

ផ្អែក​លើ​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោកក្នុង​ឆ្នាំ​២០១៩ យុវវ័យ​កម្ពុជា​ដែល​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ជាមធ្យម​ ១៦,២​លិត្រ​ម្នាក់​ក្នុង​មួយ​ឆ្នាំ​នូវ​សារធាតុ​អាកុល​សុទ្ធ​ ដោយ​បុរស​ប្រើ​ប្រាស់ ២១,៨​លិត្រ និង​ស្ដ្រី​ ៨,១​លិត្រ​ក្នុង​មួយ​ឆ្នាំ​។ 

ចំពោះ​សេវាកម្ម​ថែទាំ​សុខភាព លោកស្រី បាន​ថ្លែងថា ចំណោម​អ្នក​ជំងឺ ១ពាន់​នាក់​ដោយសារ​គ្រឿង​ស្រវឹង ដោយ​ផ្ដោតលើ​ជំងឺមហារីក​ ពួកគេ​ត្រូវ​ចំណាយ​ ២៨៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល ៥៦​លាន​ដុល្លារ ជំងឺ​គាំង​បេះដូង ២២,៥​លាន​ដុល្លារ បញ្ហា​សុខភាព​ខួរ​ក្បាល ៤៨​លាន​ដុល្លារ​។ 

ទន្ទឹម​នឹង​នេះ លោករដ្ឋមន្ដ្រី ឈាង រ៉ា បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ជំងឺ​មិន​ឆ្លង​ទៅដល់​មូលដ្ឋាន​ និង​​ជំរុញឱ្យ​ប្រជាជនមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​រស់នៅ​ប្រកបដោយ​សុខុមាលភាព ​​ឆ្ពោះទៅ​ការការពារ​ជៀសវាង​​នូវ​គ្រោះថ្នាក់​ដែល​កើតមានឡើង​៕