ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា កម្ពុជាគឺស្ថិតក្នុងប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានបញ្ចប់ផែនការរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតមិនទាន់បានបញ្ចប់ផែនការ ប្រទេសខ្លះស្ថិតក្នុងដំណាក់កាលធ្វើសំណើរ ហើយខ្លះទៀតមិនទាន់មានផែនការ។
របាយការណ៍ របស់ធនាគារអភិវឌ្ឍន៍ ស្តីពីអាកាសធាតុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ អាស៊ី ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា កម្ពុជា គឺជាសមាជិកអាស៊ានដំបូងគេ ដែលបានបញ្ចប់ផែនការរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅ អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
របាយការណ៍បញ្ជាក់ថា កម្ពុជាបានដាក់ផែនការពេញលេញនិងច្បាស់លាស់លើចំណុចផែនការចំនួន៤។ ក្នុងនោះរួមមាន វិធានការសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលគ្របដណ្តប់ដោយគោលដៅទាំងអស់ វិធានការរំពឹងទុក នៃការកាត់បន្ថយការបំភាយបំភាយខស្ម័នផ្ទះកញ្ចក់ ក្នុងរយៈពេលជាក់លាក់មួយ វិសាលភាព នៃការអនុវត្តវិធានការ និងចុងក្រោយ កាលវិភាគសម្រាប់ការត្រួតពិនិត្យជាប្រចាំ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានថ្លែង កម្ពុជាបានកំណត់គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយ:ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងបច្ចុប្បន្នភាពផែនការជាតិ ស្តីពីការចូលរួមចំណែក ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ។
លោកបញ្ជាក់ថា៖«កម្ពុជាទទួលបានជោគជ័យសម្រេចបានសមិទ្ធផលទាំងអស់នេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់កិត្យានុភាពជាតិ ភាពសុខដុមរមនា វិបុលភាព វឌ្ឍនភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃ «សន្តិភាព» និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ»។
ក្រសួងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
តាមរយៈយុទ្ធសាស្ត្រនេះ ប្រមុខរដ្ឋាភិបាលបានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព សំដៅធានាសម្រេចគោលដៅកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព។
ទាក់ទងនឹងបញ្ហាអាកាសធាតុនេះផងដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត តំណាង លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានដឹកនាំប្រតិភូជាន់ខ្ពស់ កម្ពុជា ត្រឡប់មកដល់កម្ពុជាវិញនា ថ្ងៃទី២ ខែវិច្ឆិកានេះ បន្ទាប់ពីបានចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ីពីថ្ងៃទី២៦ ខែតុលា។
លោករដ្ឋមន្រ្តីបានថ្លែងថា កិច្ចប្រជុំកំពូលអង្គការសហប្រជាតិស្តីពីជីវៈចម្រុះលើកនេះ បានបន្តការពិនិត្យពិភាក្សាលើគោលនយោបាយនិងផែនការសកម្មភាព ដែលផ្តោតលើការធ្វើឱ្យមានសន្តិភាវូបនីយកម្ម របស់មនុស្សជាមួយនឹងធម្មជាតិ ក៏ដូចជាជួយជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត រវាងមនុស្សនិងធម្មជាតិកាន់តែប្រសើរឡើង។
លោកបានបន្តថា ដើម្បីទទួលបាននូវសន្តិភាវូបនីយកម្មរវាងប្រជាជន និងធម្មជាតិ ដាច់ខាតប្រទេសភាគីនីមួយៗ ត្រូវការពារ ថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ សំរាប់ប្រទេសនីមួយៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។
លោករដ្ឋមន្រ្តីថ្លែងថា៖«គោលដៅសំខាន់មួយទៀត នៃកិច្ចប្រជុំនេះ គឺបានកៀរគរថវិកា ដើម្បីយកមកថែរក្សាអភិរក្ស និងពង្រីកផ្ទៃដីនៃការគ្រប់គ្រងជីវរៈចម្រុះ នៅតាមប្រទេសនីមួយៗ ហើយជាពិសេស រាប់យកទៅជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍»។
លោករដ្ឋមន្រ្តីបានឡើងថ្លែងសុន្ទរកថាទៅមេដឹកនាំពិភពជិត២០០ប្រទេស ដែលបានឆ្លុះបញ្ចាំងអំពី «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះក៏បានលើកឡើងនូវការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសា្រស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីៈចម្រុះ និងយុទ្ធសាស្រ្តដ៏ទៃទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចុះសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនោះ លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមជាមួយនិងសកម្មភាពផ្សេៗទៀត ដែលបានធ្វើ និងកំពុងធ្វើ ដូចជា ការពង្រីកវិសាលភាពគម្របព្រៃឈើ តាមរយៈការដាំឈើយ៉ាងតិច១លានដើមនៅក្នុង១ឆ្នាំ ការចែកជូនកូនឈើ ជូនប្រជាពលរដ្ឋទៅដាំ ដោយឥតគិតថ្លៃ ក៏ដូចជាការរៀបចំថ្នាលបណ្តុះកូនឈើ ដើម្បីពង្រីកការដាំដើមឈើនៅកម្ពុជា។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«អ្វីដែលក្រសួងបរិស្ថានកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺស្របទៅតាមអង្គការសហប្រជាតិចង់បាន នោះគឺការការពារ និងអភិរក្ស ថែរក្សា ធនធានធម្មជាតិ ដោយធ្វើយ៉ាងណាឱ្យការរស់នៅរបស់មនុស្ស មានភាពសុខដុមរមនាជាមួយធម្មជាតិ»។
លោកមានប្រសាសន៍បន្តថា កម្ពុជាសម្រេចបានសមិទ្ធផល ដែលបានចូលរួមចំណែកក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា ទទួលបានកិត្យានុភាពជាតិ លើឆាកអន្តរជាតិ នៅពេលធ្វើឱ្យពិភាពលោក បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងជំរុញលើការងារជីវៈចម្រុះសកល។
លើសនោះរួមទាំងតម្រូវការមធ្យោបាយធនធានដើម្បីគាំទ្រ និងធានាបាននូវប្រសិទ្ធភាព ក្នុងពេលអនុវត្តសំដៅឈានឆ្ពោះ ទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវិស័យឆ្នាំ២០៥០។
ក្នុងអំឡុងពេលនោះ ប្រតិភូកម្ពុជាក៏បានធ្វើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសម្ចាស់ផ្ទះ ក៏ដូចជាភាគីប្រទេសនានាបានចំនួន១២ ប្រទេស និងជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។ នេះបើយោងតាមក្រសួងបរិស្ថាន៕