សៀមរាប​៖ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ខេត្តសៀមរាប​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​យូរយារ​ណាស់​មកហើយ ដោយ​​ប្រាសាទអង្គរវត្ត ដែលជា​វិមាន​សាសនា​ដ៏​ធំ និង​ល្បីល្បាញ​បំផុត​មួយ​របស់​ពិភពលោក​។​

ខេត្តសៀមរាប​​មានការ​កើនឡើង​ខ្លាំង​​ក្នុង​វិស័យ​ទេសចរណ៍លើស​ពី​​ឆ្នាំមុន ដែល​ធ្វើឱ្យ​វា​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​មួយ​សម្រាប់​ឆ្នាំ ២០២៥​​។​

​ទិន្នន័យ​ថ្មីៗ​នេះ ស្រាវជ្រាវ​ដោយ​គេហទំព័រ​ទេសចរណ៍​ របស់​ Skyscanner ដែល​ផ្ដោតលើ​គោលដៅ​​ទិន្នាការ​ពេញនិយម​សម្រាប់​ឆ្នាំ​២០២៥​​ បង្ហាញ​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់រហូតដល់​ ៥២៩​ភាគរយ​​។

​យោងតាម Skyscanner របស់​ប្រទេស​អូស្ត្រាលី បាន​ឱ្យដឹងថា​៖ «​​គោលដៅ​ខេត្ដ​សៀមរាប​មាន​កំណើន​ដោយសារ​អត្រា​នៃ​​ជើងហោះហើរ​ចន្លោះ​ពីថ្ងៃ​ទី១ ខែមករា ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៣»​។​

​ប្រភព​បាន​បន្ដ​ថា៖ «​ការវិភាគ​របស់​យើង​លើ​ចំណុច​ទិន្នន័យ​រាប់ម៉ឺន​បង្ហាញ​ពី​និន្នាការ​ច្បាស់លាស់​មួយ​៖ អ្នកធ្វើដំណើរ​អូស្ត្រាលី​ត្រូវបាន​ទាក់ទាញ​កាន់តែខ្លាំង​ឡើងទៅ​កាន់​គោលដៅ​ដែល​មិនសូវ​ស្គាល់ គោលដៅ​មិនសូវ​ពេញ​និយម​​នៅ​អឺរ៉ុប និងស្ថិត​នៅ​ឆ្ងាយ​ៗ​ដទៃ​ទៀត​»។​

​ប្រាសាទអង្គរវត្ត ជា​កន្លែង​ទាក់ទាញ​ដ៏​សំខាន់​របស់​ខេត្តសៀមរាប ដែល​ដើមឡើយ​ត្រូវបាន​សាងសង់​ជា​ប្រាសាទព្រហ្មញ្ញ​សាសនា​​ក្នុង​សតវត្ស​ទី១២ ក្រោយមក​បានក្លាយ​ជារ​មណី​យ​ដ្ឋា​ន​ព្រះពុទ្ធសាសនា ហើយ​ឥឡូវនេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ និង​ចម្លាក់​ដ៏ល្អ​វិចិត្រ​ វា​ទាក់ទាញ​បានភ្ញៀវ​ទេសចរ​​រាប់លាន​ជា​រៀងរាល់ឆ្នាំ​។ ខ្សែភាពយន្ត​ឆ្នាំ២០០១ រឿង Lara Croft: Tomb Raider បាន​បង្កើន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក​។​

​លើសពី​ប្រាសាទអង្គរវត្ត រមណីយដ្ឋាន​ល្បីៗ​ផ្សេងទៀត​ ដូចជា អង្គរធំ ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម ផ្តល់នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​អាណាចក្រ​ខ្មែរ​។​

​ខេត្តសៀមរាប​មាន​ភាព​ចម្រុះ​ជាមួយនឹង​វិចិត្រសាល​សិល្បៈ ផ្សារ​រាត្រី និង​ការតាំង​ពិ​ពណ៌​វប្បធម៌​ ដូចជា សៀក​ហ្វារ ដែល​រួមបញ្ចូល​ការនិទាន​រឿង​ខ្មែរ​ជាមួយនឹង​កាយសម្ព័ន្ធ​។​សារមន្ទីរ​ជាតិ​អង្គរ ផ្តល់ជូន​អ្នកទស្សនា​នូវ​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ តាមរយៈ​វត្ថុ​បុរាណ និង​ស្នាដៃ​សិល្បៈ​​។​

​ទិដ្ឋភាព​ម្ហូបអាហារ ​រួមមាន​ម្ហូប​ខ្មែរ​ និង​ជម្រើស​អន្តរជាតិ ជាមួយនឹង​ការកម្សាន្ត​ពេល​រាត្រី​ដ៏​រស់​រវើក​នៅលើ Pub Street ដែលមាន​បារ ភោជនីយដ្ឋាន និង​ផ្សារ​រាត្រី​សម្រាប់​វត្ថុ​អនុស្សាវរីយ៍ និង​សិប្បកម្ម​។​

​ជាមួយនឹង​ការកើនឡើង​នៃ​ចំណាប់អារម្មណ៍​នៅក្នុង​ខេត្តសៀមរាប ការតភ្ជាប់​ជើងហោះហើរ​បាន​ប្រសើរឡើង ដែល​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល និង​តម្លៃ​សមរម្យ​ក្នុងការ​ធ្វើដំណើរ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ផ្តល់ជូន​ការហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង​នានា​ក្នុង​ទ្វីបអាស៊ី ដោយ​ភ្ជាប់​ភ្ញៀវទេសចរ​ទៅកាន់​ទីក្រុង​យ៉ាង​ងាយស្រួល​។​

​យោងតាម Skyscanner បានឱ្យដឹងថា៖ ១​បច្ចុប្បន្ន​ជើងហោះហើរ​ទៅកាន់​ខេត្តសៀមរាប​មាន​ចាប់ពី​តម្លៃ​ទាប​ ៩៥ដុល្លារ​សម្រាប់​ការធ្វើដំណើរ​ទៅមក ជាមួយនឹង​ផ្លូវ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ភ្នំពេញ រាជធានី​របស់​ប្រទេស​កម្ពុជា»​។​

​លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្តសៀមរាប​បាននិងកំពុង​អភិវឌ្ឍ​ជា​លំដាប់ ដើម្បី​សម្រួល​ដល់​លំហូរ​នៃ​អ្នកធ្វើដំណើរ​។​

​នៅក្នុង​ឆ្នាំ​ដំបូង​នៃ​ប្រតិបត្តិការ​របស់ខ្លួន ចាប់ពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២៩២៣ ដល់​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (SAI) បាន​គ្រប់គ្រង​អ្នកដំណើរ​ចំនួន ១,៣០០,០៤៨ នាក់ និង​បាន​សម្រួល​ដល់​ការហោះហើរ​ចំនួន ១៤,៥៥៦។​

​សណ្ឋាគារ និង​រមណីយដ្ឋាន​បម្រើ​ភ្ញៀវ​គ្រប់​ប្រភេទ រាប់​ចាប់តាំងពី​កន្លែង​ស្នាក់នៅ​ប្រណិត រហូតដល់​ជម្រើស​ដែល​ស័ក្តិសម​នឹង​ថវិកា​។​

​សណ្ឋាគារ​ប៊ូ​ទិ​ក រមណីយដ្ឋាន​អេកូ និង​គ្រឹះស្ថាន​ទំនើប​ផ្តល់នូវ​បទពិសោធន៍​ផ្សេងៗ​គ្នា មិន​ថា​អ្នកធ្វើដំណើរ​ស្វែងរក​ភាព​អស្ចារ្យ ឬ​កន្លែង​សម្រាក​ដ៏​ស្ងប់ស្ងាត់​នៅ​ជិត​ធម្មជាតិ​នោះទេ​។​

​ទោះជា​យ៉ាងណាក៏ដោយ ការកើនឡើង ៥២៩ភាគរយ​ នៃ​បរិមាណ​ស្វែងរក​សម្រាប់​ខេត្តសៀមរាប មិន​មានន័យថា ​វា​មាន​ចំនួន​អ្នកទេសចរ​ច្រើនជាងគេ​នោះទេ​។

ផ្ទុយទៅវិញ វា​បង្ហាញ​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់​នៃ​ការចាប់អារម្មណ៍ និង​ការស្វែងរក​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍ បើ​ធៀប​នឹង​ឆ្នាំមុន​។​

​ខណៈពេលដែល​ការកើនឡើង​នៃ​ការចាប់អារម្មណ៍​នេះ​គឺជា​សូចនាករ​វិជ្ជមាន​នៃ​ការកើនឡើង​នៃ​ភាព​ទាក់ទាញ​របស់​ខេត្តសៀមរាប គោលដៅ​ផ្សេងទៀត​នៅតែ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​នៅក្នុង​ចំនួន​ដាច់ខាត​។​

​ជា​ឧទាហរណ៍ កន្លែង​ពេញនិយម​ទូទាំង​ពិភពលោក​ដូចជា​ប៉ារីស ញូវយ៉ក ឬ​តូ​ក្យូ នៅតែ​អាច​ទទួលបាន​អ្នកទស្សនា​ច្រើន​ បើទោះបីជា​ការកើនឡើង​នៃ​ការស្វែងរក​ទីតាំង​ទាំង​នោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មា​នក​ម្រិ​ត​ទាប​ជាង​ក៏ដោយ​។​

​​បារាំង​នៅតែ​ជា​ប្រទេស​ដែលមានភ្ញៀវ​ទេសចរ​​ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១០០​ លាន​នាក់​ក្នុង​ឆ្នាំ ២០២៣​ នេះ​បើ​យោងតាម​ទិន្នន័យ​ថ្មីៗ​នេះ​ដោយ Statista ​ជា​វេទិកា​ទិន្នន័យ​សកល​របស់​អាល្លឺម៉ង់​។​

​បន្ទាប់​ពី​​ប្រទេស​បារាំង​ដែល​មាន​ភ្ញៀវ​ទេសចរ​នាំមុខគេ នៅមាន​​គោលដៅ​ពេញនិយម​ផ្សេងទៀត​ ដូចជា​ អេ​ស្ប៉ា​ញ សហរដ្ឋអាមេរិក និង​អ៊ីតាលី។

ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ដ​ពីលើ​អាកាស​​។ រូបថត Yousof Abdulrahim

ទិសដៅ​ពេញនិយម​ផ្សេងទៀត​សម្រាប់​ឆ្នាំ ២០២៥

​សៀមរាប​មិនមែនជា​គោលដៅ​តែមួយគត់​ដែលមាន​​ការកើនឡើង​នៃ​ចំណាប់អារម្មណ៍​ពិភពលោក ទីតាំង​ចំនួន​ប្រាំបួន​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​ក៏​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកធ្វើដំណើរ​ដែល​កំពុង​ស្វែងរក​បទពិសោធន៍​ប្លែកៗ និង​ការ​ផ្សងព្រេង​ក្រៅ​ផ្លូវ​។​

​កោះក្រាប៊ី​ ប្រទេស​ថៃ (កើនឡើង ១៤១​ភាគរយ​) ​ត្រូវបាន​គេ​ស្គាល់​​ជា​ឆ្នេរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ច្រាំង​ថ្មកំបោរ និង​ទឹកថ្លា កោះក្រាប៊ី ក្រាប៊ី​ ទាក់ទាញ​អ្នកទស្សនា​ឆ្នេរ និង​អ្នក​ផ្សងព្រេង​ជាមួយនឹង​ការ​លោត​លើ​កោះ ការឡើង​ភ្នំ និង​ឆ្នេរ។​

Busuanga ប្រទេស​ហ្វីលីពីន (កើនឡើង ១២៥​ភាគរយ​) ដែល​មាន​​កោះ Coron, Busuanga ផ្តល់នូវ​កន្លែង​មុជទឹកល្អពិសេស​ជាមួយនឹង​នាវា​លិច WWII ថ្ម​ប៉ប្រះ​ទឹក​ផ្កាថ្ម និង​ទឹកថ្លា​។​

​ទីក្រុង Daegu ប្រទេស​កូរ៉េខាងត្បូង (កើនឡើង ១២៣​ភាគរយ​) រួមបញ្ចូល​គ្នា​នូវ​ប្រាសាទបុរាណ និង​ការទាក់ទាញ​បែប​ទំនើប ជាមួយនឹង​ផ្កា​សាគូ​រ៉ា​នៅ​និ​ទាឃ​រដូវ និង​តំបន់​ប្រវត្តិសាស្ត្រ​ក្បែរ​នោះ ដូចជា​ប្រាសាទ Donghwasa ជាដើម​។​

Rovaniemi ប្រទេស​ហ្វាំ​ង​ឡង់ (កើនឡើង ១១៨​ភាគរយ​) ​​ត្រូវបាន​គេ​ស្គាល់​​ជាទីតាំង​​របស់ Santa, Rovaniemi គឺ​ល្អឥតខ្ចោះ​សម្រាប់​អ្នកធ្វើដំណើរ​រដូវរងា​រ​ដែល​ស្វែងរក​ពន្លឺ​ភាគ​ខាងជើង ជិះ​ឆ្កែ និង​ទេសភាព​ព្រិលៗ​។​

ខេត្តសៀមរាប​​ក្លាយ​ជា​គោលដៅ​​ទេសចរណ៍ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ពលរដ្ឋ​អូស្ដ្រាលី​​សម្រាប់​ឆ្នាំ ២០២៥​​។​ ​SBS News

Cusco ប្រទេស​ប៉េ​រូ (កើនឡើង ១១៣​ភាគរយ​) ច្រក​ផ្លូវ​ទៅកាន់ Machu Picchu ទីក្រុង Cusco មាន​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ដែល​ចុះបញ្ជី​ដោយ​អង្គការ​យូណេស្កូ ដែល​រួមបញ្ចូល​គ្នា​នូវ​បេតិកភណ្ឌ Incan និង​អេ​ស្ប៉ា​ញ​។​

Tromsø ប្រទេស​ន័​រវេ​ស (កើនឡើង ១០៧​ភាគរយ​) នៅ​ពីលើ​រង្វង់​អាក​ទិ​ក Tromsø ផ្តល់នូវ​ពន្លឺ​ពណ៌ភាគ​ខាងជើង សត្វព្រៃ​នៅ​តំបន់​អាក់​ទិ​ក ការ​ជិះ​សត្វ​រមាំង និង​មើល​ត្រី​បា​ឡែ​ន​។​

Almaty, Kazakhstan (កើនឡើង ៧៧ភាគរយ​) ហ៊ុំព័ទ្ធ​ដោយ​ភ្នំ​ Almaty ទាក់ទាញភ្ញៀវ​ឡើង​ភ្នំ និង​ជិះ​ស្គី ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​សម័យ​សូ​វៀត និង​ទំនើប​។​

Labuan Bajo ប្រទេស​ឥណ្ឌូនេស៊ី (កើនឡើង ៦៦ភាគរយ​) ផ្លូវ​ចូលទៅ​កាន់​ឧទ្យាន​ជាតិនាគ​កូម៉ូដុ ដែល​​ពេញនិយម​សម្រាប់​ការ​មុជទឹក និង​ទស្សនា​នាគ​កូម៉ូដុ​ដ៏​ល្បីល្បាញ​។​

Yogyakarta ប្រទេស​ឥណ្ឌូនេស៊ី (កើនឡើង​ ៥៥ភាគរយ​) ដែល​មាន​​ប្រាសាទ Borobudur ដ៏​ល្បាញ Yogyakarta សម្បូរ​ទៅដោយ​វប្បធម៌​ជ្វា សិប្បកម្ម និង​តន្ត្រី​ប្រពៃណី​៕