ភ្នំពេញៈ នៅមុនពេលប្រមូលផលត្រី​ប្រ​ហុកនាពេលខាងមុខនេះ  រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទបានអំពាវនាវឱ្យមានការដោះលែង ឬ​ជូន​ដំ​ណឹង​ដល់មន្រ្តីជំនាញ ប្រ​សិន​ពលរ​ដ្ឋ​នេ​សាទបាន​ប្រភេទត្រី ដែលកំពុងតែរងគ្រោះថ្នាក់ជិតផុតពូជ​។

ប្រភេទត្រីដែលកំពុងតែរងគ្រោះថ្នាក់ទាំងនោះរួមមានត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្រ្តប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀតជាដើម។ នេះបើយោងតាមរដ្ឋបាលជលផល។

រដ្ឋបាលជលផលបានអំពាវនាវ​​ ដល់អាជីវករ ដែលធ្វើអាជីវកម្ម នេសាទ​ដោយ​ប្រើ​ឧបករណ៍នេសាទ​ដាយ​ត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា ថា៖«នៅ​​ពេលនេសាទបាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ សូមផ្តល់ព័ត៌មានដល់មន្ត្រីជំនាញ ផល​ផល ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែង​ចូលទៅក្នុងដែនទឹក​ធម្មជាតិវិញ​សម្រាប់​បង្កើន​ផលស្តុក​ត្រីឱ្យកាន់​តែ​សម្បូរ និង និរន្តរភាពធនធានជលផល»។

លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបានឱ្យដឹងថា​ប្រភេទ​ដែល​កំពុង​តែ​រង​គ្រោះ​ថ្នាក់ មាន​៥៨ប្រភេទ ដូចដែល​មានចែង​នៅក្នុង​អនុក្រឹត្យលេខ១២៣ ​របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៩។ ក្នុង​នោះត្រី​២៩ប្រភេទជាត្រីទឹកសាប និង២៩ប្រភេទផ្សេងទៀត ជាប្រភេទត្រីទឹកប្រៃ។

លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋបាលជលផលបានធ្វើការបោះ​ពុម្ព​ផ្ទាំង​រូបភាព​ពី​ប្រ​ភេទ​ត្រី​ទាំ​ងនេះ ហើយបានចុះផ្សព្វផ្សាយដល់ពលរដ្ឋនៅគ្រប់ខេត្តទាំងអស់ ដើម្បីលើកម្ពស់ការយល់ដឹង និង​ចូល​រួម​អភិ​រក្ស។

លោកបញ្ជាក់ថា៖«ដាយត្រីហ្នឹងភាគច្រើន គឺចាប់ត្រីប្រ​ហុក​ដែល​​ធ្លាក់​ពីទន្លេសាបមក។ ទទ្ទឹមនឹងនោះ ក៏​មាន​ប្រភេទមួយចំនួន ដែលត្រូវហាមឃាត់ធ្លាក់មកដែរ ដូចជាត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីកន្រ្តប់ខ្លា និងត្រី​ផ្សេងៗ​ទៀត ដែលកំពុងតែរងគ្រោះថ្នាក់ហ្នឹង គឺសំខាន់គឺកុំឱ្យគាត់លាក់ ឬក៏ជួញដូរ ទិញលក់អី។ បើ​ចាប់បាន​លើក​ដាយមក បានឃើញត្រីហ្នឹង ឱ្យគាត់លែងត្រឡប់ទៅវិញទៅ។ យើងលើកទឹកចិត្ត សរសើរដល់ពួកគាត់ ដែល​ធ្វើការងារហ្នឹង»។

លោកថ្លែងបន្តដូច្នេះថា៖«ពាក់ព័ន្ធអំពាវនាវជាលាយលក្ខណ៍អក្សរ​បន្ថែមទៀតនេះ សំខាន់​ទៅដល់​បង​ប្អូន​យើង​ដែលធ្វើដាយត្រីប្រហុកនេះ ព្រោះជារដូវត្រីប្រហុកខែ១១ ខែ១២ហ្នឹង ហើយបងប្អូនដាក់មង ដាក់​អី​ចាប់​​​ត្រីច្រើនណាស់នៅតាមទន្លេ ត្រីប្រហុកធ្លាក់មក។ អញ្ចឹងបានយើងអំពាវនាវ ឱ្យគាត់ប្រុងប្រយ័ត្ន បើ​ចាប់​បានសូមឱ្យគាត់ទាក់ទងមកយើង ឬលែងត្រឡប់ទៅវិញ ព្រោះជិតផុតពូជហើយប្រភេទទាំងអស់ហ្នឹង»។

លោកវិបុល ជឿជាក់ថា រហូតមកដល់នឹងពេលបច្ចុប្បន្ននេះ ការចុះអប់រំផ្សព្វផ្សាយគឺវាគ្រប់គ្រាន់ហើយ។ លោកពន្យល់ថា បើតាមច្បាប់ការជួញដូរប្រភេទត្រីទាំងនោះគឺត្រូវមានទោស ដោយត្រូវដកហូតត្រី និង​ទទួល​ការ​ផាកពិន័​យ​រហូតទៅដល់ចំនួន៣ដង នៃតម្លៃទីផ្សារផងដែរ។

យ៉ាងហោចណាស់ត្រីត្រសក់ចំនួន២ក្បាល និងត្រីកន្ត្រប់ខ្លា​២ក្បាលត្រូវបានប្រជាសហគន៍ និងមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងធ្វើការដោះលែងទៅក្នុងដែនទឹកធម្មជាតិវិញ បន្ទាប់ពី​ពួកគេ​ចាប់​បា​ននា​ពេ​លថ្មី​ៗ​នេះ​។​ នេះបើយោងតាមខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង។

ខណ្ឌរដ្ឋបាលជលផលខេត្តបានលើកឡើងថា៖«ការដោះលែងត្រីនេះ គឺជាសកម្មភាពគំរូដ៏ល្អ និងមាន​តម្លៃ​មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការ​ពារ និងអភិរក្សប្រភេទធនធានជលផល ដែល​កំពុង​រង​គ្រោះថ្នាក់ និងប្រភេទត្រីមេពូជសំខាន់ៗ ឱ្យមានវត្តមានកាន់​តែច្រើនក្នុងដែន​ទឹកធម្មជាតិ​សម្រាប់កូន​ចៅ​ជំនា​ន់​ក្រោយៗទៀត»។

រដ្ឋបាលជលផលបានជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារ និងអភិរក្សធន​ធានជល​ផល​ដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃនេះ។

ពលរដ្ឋអាច​ផ្តល់ព័ត៌មានដល់មន្ត្រីជល​ផល តាម​រយៈ​ទូរស័ព្ទ​លេខ៖ ០១៦ ៦៤០ ៣៣៣/ ០១២ ៩០៨ ១២១/ ០១២ ៨៧១ ០៧១/០១២ ៩១១ ៤១១/ ០៩៩ ៧៩១ ១៩១៩៕