គ្រឹះស្ថានអប់រំឯកជនប្រកាសមិនដំឡើងថ្លៃសិក្សាក្នុងឆ្នាំសិក្សាថ្មី ខណៈដែលចំនួនយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស មានការកើនឡើងបន្ទាប់ពីការប្រកាសលទ្ធផលប្រឡងបាក់ឌុប។
ឆ្លើយតបនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិកជាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាចំនួន ១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិកជាសាលាឯកជនចំនួន ១២០ បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ព្រមទាំងបានពិនិត្យលទ្ធភាពបញ្ចុះថ្លៃសិក្សាសម្រាប់ សិស្ស-និស្សិត ដែលខ្វះលទ្ធភាព។
លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ការមិនដំឡើងថ្លៃសិក្សានេះ និងបានរំឭកដែរថា រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ និងជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន និងឪពុកម្តាយ អ្នកអាណាព្យាបាល សិស្ស និស្សិត។
ការលើកទឹកចិត្តទាំងនោះរួមមាន ការអនុគ្រោះពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការមិនដំឡើងថ្លៃសិក្សារបស់សាលាឯកជនទាំងកម្រិតទាប និងកម្រិតឧត្តមសិក្សា និងការមិនយកពន្ធរបស់រដ្ឋាភិបាល មានតុល្យភាពជាមួយគ្នា ហើយវាស្របទៅនឹងស្ថានភាពលំបាកដែលពិភពលោកនិងកម្ពុជាកំពុងជួបប្រទះ។
លោកថា ការប្ដេជ្ញាចិត្តនេះ អាចជួយដល់សិស្សនិស្សិតដែលមកពីគ្រួសារមិនសូវមានលទ្ធភាពអាចឲ្យកូនៗរបស់ពួកគេទទួលបានការអប់រំខ្ពស់។ លោកស្នើឲ្យសាលាឯកជនទាំងអស់អនុវត្តការប្ដេជ្ញាចិត្តរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។
លោកបានលើកឡើងថា កន្លងទៅ មានសាកលវិទ្យាល័យឬសាលាឯកជនខ្លះ បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងទៅមន្ត្រីជាន់ខ្ពស់ ហើយមន្ត្រីនោះក៏បានផ្ដល់អាហារូបករណ៍ទាំងនោះទៅនិស្សិតក្រីក្រ។
ប៉ុន្តែ ដោយសារតែអាហារូបករណ៍នេះសម្រាប់ថ្លៃសិក្សា និស្សិតក្រីក្រដែលទទួលបាន នៅតែត្រូវបង់ថ្លៃរដ្ឋបាលដែលមានតម្លៃខ្ពស់ ដែលធ្វើឲ្យពួកគេត្រូវបោះបង់ចោលដដែល។
លោកនិយាយថា៖ «ដូច្នេះហើយ គ្រឹះស្ថានឧត្តមសិក្សា និងសាកលវិទ្យាល័យផ្សេងៗគូរអនុវត្តឲ្យបានត្រឹមត្រូវតាមអ្វីដែលបានព្រមព្រៀង ចៀសវាងបង្ហាញឲ្យតែពីរោះ តែធ្វើមិនបានត្រឹមត្រូវតាមខ្លឹមសារ។ កន្លងមក កុំថាឡើយសំណូមពរ សូម្បីតែច្បាប់ ឬគោលការណ៍ ពេលខ្លះចេញទៅហ្មត់ចត់ តែអនុវត្តមិនបានល្អប្រសើរ»។
កាលពីសប្ដាហ៍មុន ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៤ ដែលបង្ហាញថា បេក្ខជនជាង១០ម៉ឺននាក់ក្នុងចំណោមបេក្ខជនសរុបជាង ១៣ម៉ឺននាក់ បានប្រឡងជាប់ ដែលមានអត្រា ៧៩ភាគរយ។
ខណៈដែលអ្នកមានលទ្ធភាពអាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងអ្នកបាននិទ្ទេសល្អអាចទទួលបានអាហារូបករណ៍ អ្នកដែលគ្មានលទ្ធភាពអាចស្នើសុំចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រសួងការងារ តាមរយៈកម្មវិធីដែលរដ្ឋាភិបាលបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលផ្ដល់ឱកាសដល់យុវជនសរុប ១,៥ លាននាក់។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺក្នុងរយៈពេលជិត១ឆ្នាំ មានយុវជនក្រីក្រ និងងាយរងគ្រោះជិត ៧ម៉ឺននាក់ (៦៩ ៨៦១) បានចុះឈ្មោះចូលរៀន (ស្រី២៦ ២៦៦នាក់)។ ក្នុងចំណោមនេះ យុវជន ១២ ៧៥៥នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាល ហើយ ៣ ៥៩៣នាក់ទទួលបានការងារធ្វើ។
បើតាមលោក កត្តា អ៊ន មួយសប្ដាហ៍ចុងក្រោយនេះ លោកសង្កេតឃើញមានយុវជនកាន់តែច្រើនបានសម្រុកមកដាក់ពាក្យស្នើសុំចូលរៀបវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែ លោកមិនទាន់បានបូកសរុបតួលេខនៅឡើយ៕