ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជាក់ច្បាស់ថា លោក លី សាម៉េត ហៅគ្រូមា ដែលពីមុនធ្លាប់ជាទីប្រឹក្សារបស់លោក ហើយបានយកឈ្មោះលោកឆបោកអ្នកដទៃមានទឹកប្រាក់រាប់លានដុល្លារ មិនអាចរួចខ្លួនដោយការចេញមុខសុំទោសនោះទេ។
ការបញ្ជាប់បែបនេះ ធ្វើឡើងក្រោយពេលលោក លី សាម៉េត ដែលបានបាត់មុខមួយរយៈក្រោយ បានចេញមុខបកស្រាយនិងទទួលកំហុសនៅក្នុងវីដេអូឃ្លិបមួយ ដែលលោកបញ្ចេញនៅថ្ងៃនេះ។
តាមរយៈវីដេអូឃ្លិបនេះលោក សារភាពថា លោកពិតជាបានយកឈ្មោះលោក ហ៊ុន សែន ដើម្បីឆបោកអ្នកដទៃពិតមែន និងបានសុំសម្រាកព្យាបាលមួយរយៈមុនពេលប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
ប៉ុន្តែ លោក ហ៊ុន សែន បញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ»។
លោកស្នើឲ្យសមត្ថកិច្ចនគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត ទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ហើយថា លី សាម៉េត មិនទទួលបានការស្នើសុំព្យាបាលជំងឺនៅខាងក្រៅមុនពេលមានវិធានការច្បាប់នោះទេ។
លោកថា៖ «ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»។
កាលពីខែតុលា លោក ហ៊ុន សែន បានទម្លាយថា លោក លី សាម៉េត ធ្លាប់បានប្រើឈ្មោះរបស់លោកដើម្បីឆបោកអ្នកដទៃដើម្បីបានតំណែង និងជាថ្នូរនឹងរឿងផ្សេងៗ ដែលមានទឹកប្រាក់ ២៣ម៉ឺនដុល្លារ, ៣០ម៉ឺនដុល្លារ និង ១០លានដុល្លារ និងអាចមានករណីជាច្រើនទៀត។
ករណីមួយក្នុងចំណោមនោះគឺការឆបោកលោក កន សុខកាយ អភិបាលស្រុកល្វាឯម ក្នុងខេត្តកណ្ដាល ក្នុងទឹកប្រាក់ ៣០ម៉ឺនដុល្លារដើម្បីឲ្យលោក កន សុខកាយ បានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ លោក កន សុខកាយ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ចប់មុខតំណែងនេះ។
លោក ដួង តារា ជំនួយការលោក ហ៊ុន សែន និងធ្លាប់ជាអ្នកកាន់ទំព័រហ្វេសប៊ុករបស់លោក ក៏ត្រូវបានចាប់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងការឆបោករបស់លោក លី សាម៉េត ផងដែរ៕