ភ្នំពេញៈ ការបំភាយឧស្ម័នកាបូនិច(CO2)ចំនួន១៤៩ តោន ត្រូវបានកាត់បន្ថយ និងថាមពលបាន២៦៦ ០០០ kWhត្រូវបានសន្សំ តាមរយៈការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជារដូវកាលទី២(CEE) ដែលមានការចូលរួមពីក្រុមហ៊ុន និងអគារពាណិជ្ជកម្ម៣៩។ នេះបើយោងទៅតាមការប្រកាសលទ្ធផលនៃការប្រកួតនាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះនៅក្រសួងបរិស្ថាន។

ក្រុមហ៊ុន ដែលទទួលជ័យលាភី ពានរង្វាន់ខាងផ្នែកអគារពាណិជ្ជកម្ម (Category 1 -Building) ប្រភេទ១ គឺក្រុមហ៊ុន COVA, ពានរង្វាន់ជ័យលាភីប្រភេទ២(Category 2 -Building) បានទៅលើក្រុមហ៊ុន Lotus Green Team, និងពានរង្វាន់ជ័យលាភីប្រភេទ៣ (Category 3 -Building) គឺក្រុមហ៊ុន Zuellig Pharma។ 

ក្រៅពីនោះ ក្រុមហ៊ុន​ដែលទទួលជ័យលាភី ពានរង្វាន់ខាងផ្នែកអគារសណ្ឋាគារ (Category 1 -Hotel) ប្រភេទ១ គឺសាលាទេសចរណ៍អង្គការ Ecole Paul Dubrule និងពានរង្វាន់ជ័យលាភីប្រភេទ២(Category 2 - Hotel) បានទៅលើក្រុមហ៊ុនសណ្ឋាគារ Sun and Moon។ ក្រុមហ៊ុនជាច្រើនផ្សេងទៀត បានទទួលរង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរ សម្រាប់ជ័យលាភី Best Performance Awards ផងដែរ។

អង្គការ WWF-កម្ពុជា ដែលបានផ្តួចផ្តើមការប្រកួតប្រជែងនេះបានបញ្ជាក់ថា៖«យើងជំរុញ និងលើកទឹកចិត្តដល់អ្នកចូលរួមពីបណ្តាសណ្ឋាគារ ដែលដំណើរការល្អបំផុត ហើយចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេបានរហូតដល់ទៅ ៣៧.២ភាគរយ។ សរុបមកតាមរយៈការប្រកួតប្រជែងនេះ គឺអាជីវកម្ម ដែលអាចចូលរួមកាត់បន្ថយបាននូវការបំភាយឧស្ម័នកាបូនិច(CO2)ចំនួន ១៤៩ តោន និងសន្សំថាមពលបាន ២៦៦,០០០ kWh»។

ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន Sevea  បានរៀបចំ​ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងនេះ បន្ទាប់ពីមានការគាំទ្រពី សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​ដំណាក់កាលទី៣ (Cambodia Climate Change Alliance Phase I-IICCCA3) ក្នុងការប្រកួតប្រ​ជែង ដែលបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្រ​បខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ(NDC)  យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) រួមជាមួយការអនុវត្តពេញលេញនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យអនាគតរបស់កម្ពុជាមានភាពស្អាត បៃតង និងចីរភាព។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកវ៉ាន់ មុនីនាថ បានថ្លែងក្នុងឱកាសនោះថា កម្មវិធីនេះ បានចូលរួមចំណែកពីភាគីពាក់ព័ន្ធ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឲ្យបានអព្យាក្រឹតភាពកាបូននាឆ្នាំ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោកមានប្រសាសន៍ថា៖«គោលដៅរបស់ក្រសួងបរិស្ថាន គឺដើម្បីជំរុញវប្បធម៌ នៃការសន្សំសំចៃថាមពល ដោយចូលរួមពីសំណាក់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងគំនិតផ្តួចផ្តើម លើការអប់រំជួយដល់ដល់បរិស្ថាន»។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃប្រសិទ្ធភាពថាមពល ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអគារពាណិជ្ជកម្ម។ លោកក៏បានលើកទឹកចិត្តឱ្យភាគីម្ចាស់អគារពាណិជ្ចកម្ម ឧស្សាហកម្មចូលរួមចំណែកឱ្យបានកាន់តែច្រើន នៅក្នុងកម្មវិធីប្រកួតប្រជែង សម្រាប់រដូវកាលក្រោយក្នុងពេលខាងមុខ។

អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល លោកប៉ោ និមល បានលើកឡើងថា កម្មវិធីលើកដំបូងបង្អស់នៅកម្ពុជានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជាគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ២០២២-២០៣០ ដែលមានគោលដៅកាត់បន្ថយការប្រើប្រាស់ ថាមពលចំនួន១៩ភាគរយនៅឆ្នាំ២០៣០។ 

លោកស្រី Laura Pretto ដែលជាអ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសធាតុ នៅUNDP/CCCA3 បានលើកឡើងថា កម្មវិធីនេះបានទាក់ទាញការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់ របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារជាច្រើន  ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីអគាររបស់ខ្លួន។

លើសពីនោះ ការចូលរួមពីវិស័យឯកជនកាន់តែច្រើន ធានានូវការពន្លឿន ក្នុងការទទួលបានហិរញ្ញប្បទាន និងការអនុវត្តរបៀបវារៈ នៃការប្រែប្រួលអាកាសធាតុ នាពេលខាងមុខ។ នេះបើយោងតាមក្រសួងបរិស្ថាន៕