​ភ្នំពេញ៖ ក្នុងការ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឯក​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Santo Darmosumarto បាន​ជួប​ជាមួយ​មន្ត្រី​នគរបាលជាតិ​កម្ពុជា ដោយ​ចែករំលែក​បញ្ហា​នៃ​ការជួញដូរ​មនុស្ស​នៅ​កោះ​បាលី នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​។​

មន្ត្រី​ទាំងនោះ​នឹងចូលរួម​វេទិកា​ចែករំលែក​នាពេលខាងមុខ ស្តីពី​ការកំណត់​អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និង​ការពារ​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស​។​

វេទិកា​នេះ​ដែល​ធ្វើឡើង​នៅ​កោះ​បាលី​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រែ​ក្លាយ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កម្រិត​ខ្ពស់ (MoU) ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រជាជាតិ​ទាំងពីរ​កាលពី​ខែសីហា ទៅជា​សកម្មភាព​ដែលមាន​ឥទ្ធិពលជាក់ស្ដែង​​។​

​ព្រឹត្តិការណ៍​នេះ​នឹង​ប្រមូលផ្តុំ​តំណាង​ចំនួន ១៥ នាក់​មកពី​អគ្គស្នងការ​នគរបាល​ជាតិ​របស់​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស (NCCT) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ព្រំដែន និង​កសាង​សមត្ថភាព​ក្នុង​វិធីសាស្ត្រ​ផ្តោតលើ​ជនរងគ្រោះ​។​

អ្នកជំនាញ​ផ្នែក​ច្បាប់ និង​មន្ត្រី​អនុវត្ត​ច្បាប់​ដែលមាន​បទពិសោធន៍​នឹង​ដឹកនាំ​វគ្គ​ស្តីពី​ការកំណត់​អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និង​ការការពារ​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស យុទ្ធសាស្ត្រ​ចែករំលែក​ដែល​នឹង​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ទាំងពីរ​។​

លោក Darmosumarto មានថ្លែង​ថា៖ «​វេទិកា​នេះ​នឹង​ក្លាយជាការ​ពង្រឹង​សមត្ថភាព​ក្នុង​តំបន់​​ដំបូង​មួយ​សម្រាប់​ផ្លាស់ប្តូរ​ការប្តេជ្ញាចិត្ត​នៃ MoU ទៅជា​សកម្មភាព​ជាក់ស្តែង។​ ​តាមរយៈ​ការបណ្តុះបណ្តាល​ជាក់ស្តែង និង​ការចែករំលែក​ចំណេះដឹង យើង​​ដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការឆ្លើយតប​កាន់តែ​រឹងមាំ និងដោះស្រាយ​បញ្ហា​នៃ​​ការជួញដូរ​មនុស្ស​។ មូលដ្ឋានគ្រឹះ​សម្រាប់កិច្ចការ​នេះ​ត្រូវបាន​ពង្រឹង​​កាន់តែខ្លាំង​ក្នុងចំណោម​មន្ត្រី​អនុវត្ត​ច្បាប់​របស់​យើង​»​។

មន្ត្រីទាំងនោះនឹងចូលរួមវេទិកាចែករំលែកនាពេលខាងមុខ ស្តីពីការកំណត់អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និងការពារជនរងគ្រោះពីការជួញដូរមនុស្ស។ រូបថត សហការី

​ក្នុងជំនួប​​នេះ ​លោក​រដ្ឋទូត​ឥណ្ឌូនេស៊ី​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​វេទិកា​នេះ​ក្នុង​ការបកប្រែ​ការប្តេជ្ញាចិត្ត​កម្រិត​ខ្ពស់​ទៅជា​ផលប៉ះពាល់​ជាក់ស្តែង​។​

​វេទិកា​បាលី​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស និង​ការបង្កើត​ស្តង់ដាតំបន់​នៃ​ការអនុវត្ត​ដែល​ផ្តោតលើ​ជនរងគ្រោះ​។​

កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នេះ​បង្កើត​នូវ​គំរូ​មួយ​សម្រាប់​ការឆ្លើយតប​រួមមួយ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ការបង្កើន​បណ្តាញ​ទំនាក់ទំនង និង​សម្របសម្រួល​ការចែករំលែក​ការអនុវត្ត​ល្អ​បំផុត​ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន​។​

សម្រាប់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​កម្ពុជា និង​ឥណ្ឌូនេស៊ី ភាពជា​ដៃគូ​នេះ គឺជា​ការចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​និរន្តរភាព ដែល​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុងការ​តាមដាន និង​ទប់ស្កាត់​ប្រតិបត្តិ​ការជួញដូរ​ឆ្លង​ព្រំដែន​៕ ​