លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានស្នើសហរដ្ឋអាមេរិកបន្តគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា នៅក្នុងជំនួបជាមួយលោកស្រី Bridgette L Walker ភារធាទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃនេះ។
អាជ្ញាធរមីនបានឲ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបពិភាក្សាអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើសកម្មភាពមីនជាមួយលោកស្រី Walker លោក លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននៅកម្ពុជា។
លោក លី ធុជ បញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា។
លោកទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកអស់រយៈពេលជាង ៣០ ឆ្នាំ ដោយចាត់ទុកថា ការរួមចំណែកនោះ ពិតជាបានជួយសង្គ្រោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។
អាជ្ញាធរមីនបានថ្លែងថា លោក លី ធុជ «បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តការគាំទ្រដល់សកម្មភាពមីន ក្នុងនោះរួមមាន ការផ្តល់សម្ភារៈបោសសម្អាតមីននិងគ្រាប់ អាវការពារ និងការបណ្ដុះបណ្តាលជំនាញបច្ចេកទេស ជាដើម។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យសហរដ្ឋអាមេរិកបង្កើនការគាំទ្រសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា បន្ទាប់ពីការងារបោសសម្អាតមីន»។
បើតាមអាជ្ញាធរមីនដដែល លោកស្រី Bridgette L Walker បានអបអរសាទរចំពោះភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ា និងការរួមចំណែករបស់កម្ពុជាដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា។ លោកស្រីក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកប្ដេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
កាលពីពេលថ្មីៗនេះ លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសការវិនិយោគផ្ដល់ជំនួយ ១២លានដុល្លារដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសម្រាប់សកម្មភាពមីនមនុស្សធម៌ដល់អង្គភាពស៊ីម៉ាក់តាំងពីឆ្នាំ១៩៩៣ និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥។
បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់កំពុងបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសដូចជាខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ លើផ្ទៃដីសរុប ១២១គីឡូម៉ែត្រការ៉េ តាមរយៈជំនួយពីសហរដ្ឋអាមេរិកចំនួន ៦,៣លានដុល្លារ សម្រាប់គម្រោងពីឆ្នាំ២០២២ ដល់២០២៥។ នេះបើតាមលោក ហេង រតនា៕