លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​រក​វិធី​រឹត​បន្តឹង​ការ​គ្រប់​គ្រង​ជន​បរទេស​ឲ្យ​បាន​តឹងរ៉ឹង​ថែម​ទៀត​ បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ ខណៈ​ដែល​កម្ពុជា​បាន​បដិសេធ​មិន​ឲ្យ​ជន​បរទេស​ជាង ១០០០​នាក់​ចូល​មក​កម្ពុជា និង​បណ្ដេញ​ចេញ​ជាច្រើន​នាក់។

ការ​ណែនាំ​របស់​លោក​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​ ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​ការ​រឹត​បន្តឹង​នេះ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ សៀមរាប ​ស្វាយរៀង និង​ខេត្ត​បន្ទាយ​មាន​ជ័យ។

ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា លោក ស សុខា ក៏​បាន​ «ណែនាំ​ឲ្យ​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​រាយការណ៍​វត្តមាន​ជន​បរទេស​ដែល​ចូល​ស្នាក់​នៅ​តាម​រោងចក្រ សហគ្រាស និង​កន្លែង​ស្នាក់​នៅ​នានា ដូចជា​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាដើម»។

យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កម្ពុជា​បាន​បដិសេធ​មិន​ឲ្យ​ជន​បរទេស​ ១០២៤​នាក់​ចូល​មក​កម្ពុជា ​ក្នុង​រយៈពេល ​៩​ខែ ​ឆ្នាំ​២០២៤​នេះ ខណៈ​ដែល​ជន​បរទេស​ជាង ៤,៨​លាន​នាក់ (៤.៨៤៩.៩២២) មាន​ ២១៧ សញ្ជាតិ បាន​ចូល​កម​កម្ពុជា​ក្នុង​រយៈ​ពេល​នេះ ដែល​កើនឡើង ៦,៧៦​ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។​ ក្នុង​ចំណោម​ជនបរទេស​ជាង ៤,៨​លាន​នាក់​នេះ មាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង ៣,៧​លាន​នាក់ (៣.៧៦៧.៥១៨) ស្មើ​នឹង​ ៧៧,៦៨​ភាគរយ។

លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​រដ្ឋមន្ត្រី​មហា​ផ្ទៃ ស សុខា ណែនាំ​ឲ្យ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ការ​អនុវត្ត​ច្បាប់ និង​គ្រប់​គ្រង​ជន​បរទេស​នៅ​កម្ពុជា​ឲ្យ​បាន​ដិត​ដល់ ហើយ​ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​នោះ​ទេ។​

លោក​ថ្លែង​ថា៖ «ប៉ុន្តែ យើង​ត្រូវ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ ដើម្បី​ប្រាកដ​ថា នៅ​កន្លែង​ណា​មាន​ជន​បរទេស​ស្នាក់​នៅ​ មាន​ប៉ុន្មាន​នាក់ ធ្វើ​អ្វី​ខ្លះ ហើយ​ស្រប​ទៅ​តាម​ច្បាប់​ដែរ​ឬ​អត់។ ឧទាហរណ៍​ថា ពួកគេ​មក​ក្នុង​នាម​អ្នក​ទេសចរណ៍ ប៉ុន្តែ​មក​ធ្វើការ​នៅ​កម្ពុជា អាហ្នឹង​គឺ​ខុស។ បើ​គាត់​មក​ធ្វើ​ការ ត្រូវ​មាន​ទិដ្ឋាការ​ការងារ និង​សៀវភៅ​ការងារ។ ចំពោះ​ជន​បរទេស​ខុស​ច្បាប់ យើង​អនុវត្ត​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ គឺ​បណ្ដេញ​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​សាមី​របស់​ពួក​គេ ឬ​បណ្ដេញ​ចេញ​ពី​កម្ពុជា»។

កាល​ពី​សប្ដាហ៍​មុន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​ បាន​បដិសេធ​មិន​ឱ្យ​ជនបរទេស​សញ្ជាតិ​ឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស និង​ឥណ្ឌូណេស៊ី ចូល​មក​កម្ពុជា និង​មិន​ផ្ដល់​ទិដ្ឋាការ​បន្ត​រយៈ​ពេល​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដល់​ពួក​គេ។

អគ្គនាយកដ្ឋាន​ថ្លែង​ថា ផ្អែក​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍ និង​អនុក្រឹត្យ​ពាក់​ព័ន្ធ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ អាច​បដិសេធ​ជនបរទេស​ណា​ម្នាក់​ចូល​​កម្ពុជា ឬ​មិន​ផ្តល់​ទិដ្ឋាការ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន ក្នុង​ករណី​ដែល​ជន​នោះ​មិន​បាន​បំពេញ​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង​ច្បាប់ ​និង​អនុក្រឹត្យ ដូចជា​ ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​មិន​ច្បាស់​លាស់, គោល​បំណង​នៃ​ការ​ធ្វើ​ដំណើរ​មិន​ច្បាស់​លាស់ ឬ​ខ្វះ​លទ្ធភាព​ចិញ្ចឹម​ខ្លួន​ក្នុង​ពេល​ស្នាក់​នៅ​កម្ពុជា ក៏​ដូចជា​គ្មាន​អ្នក​ធានា។

លើស​ពី​នេះ​ទៀត អាជ្ញាធរ​សមត្ថកិច្ច​មាន​ហេតុ​អាច​បដិសេធ​ការ​ចូល​ឬ​មិន​ផ្ដល់​ទិដ្ឋាការ​ក្នុង​ករណី​មាន​ហេតុផល​គ្រប់​គ្រាន់​ជឿ​ថា​ ជន​នោះ​នឹង​ប្រព្រឹត្ត ឬ​បាន​ប្រព្រឹត្ត​សកម្មភាព​ធ្វើ​ឱ្យ​ខូច​ផលប្រយោជន៍​ សណ្ដាប់​ធ្នាប់​សាធារណៈ​សីលធម៌​សង្គម និង​ធ្វើ​សកម្មភាព​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ អន្តរជាតិ។​

លោក ទូច សុខៈ ​ថ្លែង​ថា កម្ពុជា​មិន​រើសអើង​ទៅ​លើ​ជាតិ​សាសន៍​ណា​មួយ​ដែល​ចូល​មក​កម្ពុជា​ទេ ប៉ុន្តែ កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និង​ចាប់​ពាក់​ព័ន្ធ ដែល​ការ​អនុវត្ត​បែប​នេះ​គឺ​ដូច​ទៅ​នឹង​​ប្រទេស​ឯទៀតៗ​ដែរ។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា លោក​មិន​មាន​ជំនាញ​រឿង​អន្តោប្រវេសន៍​ទេ ប៉ុន្តែ ជា​ការ​យល់​ឃើញ​ទូទៅ ​លោក​យល់​ថា​មាន​ជនបរទេស​ខិលខូច​លួច​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ និង​ប្រព្រឹត្ត​បទ​ល្មើស​មួយចំនួន ដូចជា​ឆបោក​តាម​អនឡាញ ឬ​រកស៊ី​មុខ​របប​ខុស​ច្បាប់​ផ្សេងៗ។ 

បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ការ​គ្រប់គ្រង​មិន​ទាន់​បាន​តឹងរ៉ឹង ហើយ​ជា​លទ្ធផល​សកម្មភាព​របស់​ពួក​គេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា។

លោក​និយាយ​ថា៖ «ជា​ទស្សនៈ យើង​អាច​វាយ​តម្លៃ​បាន​ថា ការ​គ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា នៅ​មាន​លក្ខណៈ​ធូរ​រលុង​ មិន​ទាន់​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បាន​ហ្មត់ចត់​នៅ​ឡើយ។ ច្បាប់​យើង​មាន​ហើយ តែ​ការ​អនុវត្ត​អាច​នៅ​មាន​កម្រិត។ នេះ​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ»។

យ៉ាង​ណា​ក៏​ដោយ លោក ទូច សុខៈ ថ្លែង​ថា កម្ពុជា​មិន​បាន​បាន​អនុវត្ត​ធូររលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ទេ ដូច​ដែល​តួលេខ​បង្ហាញ​ពី​ការ​បដិសេធ​មិន​ឲ្យ​ជន​បរទេស​ជាង ១០០០​នាក់ ចូល​មក​កម្ពុជា​ជា​ការ​បញ្ជាក់​ស្រាប់។

លោក សុខ សុមនា​ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២៤​នេះ កម្ពុជា​ក៏​បាន​បណ្ដេញ​ចេញ​ជន​បរទេស​ខុស​ច្បាប់​ក្នុង​ចំនួន​ច្រើន​ផង​ដែរ​ ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ និង​ធ្វើ​ការ​ដោយ​​គ្មាន​ប័ណ្ណ​ការងារ។

លោក​ថ្លែង​ថា៖ «យើង​ធ្វើ​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ស្រាប់ ហើយ​ពេល​នេះ​យើង​ពង្រឹង​ការ​គ្រប់​គ្រង​ទៅ​លើ​ជន​បរទេស។ ឥឡូវ​នេះ យើង​មាន​យុទ្ធនាការ​មួយ​គឺ​យុទ្ធនាការ ០០៣ ដែល​យើង​ចុះ​ស្រង់​ចំនួន​ជនបរទេស​ដើម្បី​ដឹង​ចំនួន​ជាក់ស្ដែង ហើយ​សម្រេច​ថា​យើង​គួរ​ធ្វើ​នីតិវិធី​យ៉ាង​ម៉េច​ទៀត​ទៅ​តាម​ច្បាប់។ ហើយ​ការ​បញ្ជូន​ចេញ ដឹង​តែ​មាន​ហើយ ដោយសារ​អី​គឺ​ដោយសារ​តែ​ចូល​មក​ខុស​ច្បាប់ យើង​ត្រូវ​បញ្ជូន​គាត់​ចេញ»។

កាល​ពី​ឆ្នាំ​២០២៣ កម្ពុជា​បាន​បណ្ដេញ​ចេញ​ជនបរទេស​ចំនួន ២១៥៩​នាក់​ដោយ​សារ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់។ ក្នុង​នោះ​ជនជាតិ​ចិន​មាន​ច្រើន​ជាង​គេ​ (១,០១១នាក់), បន្ទាប់​មក​ឥណ្ឌូណេស៊ី​ (២៦៧នាក់) និង​វៀតណាម (៥០៧នាក់)។​ ក្រៅ​ពី​នេះ​មាន​ជនជាតិ​ដទៃ​ផ្សេង​ទៀត​សរុប​ជាច្រើន​រយ​នាក់៕