ព្រះសីហនុ៖ ក្រសួង​បរិស្ថាន​បាន​ផាក​ពិន័យ​ក្រុមហ៊ុន​វិនិយោគ​ទុន​ដំណាំ​ដូងប្រេង​កម្ពុជា​របស់​លោកម៉ុង ឫទ្ធី ប្រមា​ណ​ជា ​១​ម៉ឺនដុល្លារ ដោយសារ​តែ​ការ​បំពុល​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​បាន​​ឱ្យ​ក្រុមហ៊ុន​កែលម្អ​ប្រព័ន្ធគ្រប់​គ្រង​កាក​សំណល់ឱ្យបានត្រឹមត្រូវ ត្រឹមដើមឆ្នាំ២០២៥ខាងមុខ។ នេះ​បើ​យោង​តាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ​​អ៊ាង សុផល្លែត ផ្ញើជូនលោកឧកញ៉ាម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន​វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេងកម្ពុជា។

លិខិតស្តីពី ករណីអនុវត្តវិធានការច្បាប់ និងតម្រូវឱ្យកែលម្អការបំពុលបរិស្ថានចុះថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២៤ ដែល​ត្រូវ​បានលោកឧកញ៉ាម៉ុង ឫទ្ធីបង្ហោះលើបណ្តាញសង្គមរបស់លោកនាថ្ងៃទី៥ ខែ​វិច្ឆិកា​នេះបានសរសេរថា រោង​ចក្រ​ចម្រាញ់​ដូង​ប្រេង​ទី២ របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេង កម្ពុជា ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ បានបញ្ចេញសំណល់រាវពីខ្សែច្រវាក់ផលិតកម្ម ចូលទៅក្នុងស្ទឹងព្រែកកំពង់សីលា ដែលបង្កការបំពុលទឹក និង​ត្រីងាប់។

លោករដ្ឋមន្រ្តីបញ្ជាក់ក្នុងលិខិតថា៖«ឆ្លើយតបនឹងបញ្ហានេះ និងធ្វើការទប់ស្កាត់ ការបំពុលបរិស្ថាន ជាបន្តទៀត ក្រ​សួង​បរិស្ថានសម្រេចអនុវត្តវិធានការចំពោះក្រុមហ៊ុន ពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៤០ ០០០ ០០០ (សែសិបលាន) រៀល​»។

ការផាកពិន័យនេះគឺទៅលើបទល្មើសចំនួន៤ ដូចជា ការបញ្ចេញសំណល់រាវលើសស្តង់ដារកំណត់ ដោយ អនុ​លោមមាត្រា ៦ នៃអនុក្រឹត្យលេខ ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក ចំនួន ១០ ដប់លានរៀល និងប្រ​ព័ន្ធ​​អាងប្រព្រឹត្តិកម្ម ពុំមានលក្ខណៈបច្ចេកទេស និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការសម្អាតសំណល់រាវ ឆ្លើយ​តប​នឹង​កម្រិត​កំណត់ស្តង់ដារបញ្ចេញ ដោយអនុលោម មាត្រា ២៣ ចំណុច “ក” នៃអនុក្រឹត្យលេខ ២៧ ស្តីពី​ការត្រួតពិនិត្យ​ការ​បំពុលទឹក ចំនួន ១០ ដប់លាន រៀល។

បទល្មើសក្រៅពីនោះរួមមាន ការធ្វេសប្រហែសបណ្តាលឱ្យសំណល់រាវហូរចូលប្រភពទឹកសាធារណៈ បង្ក​ការ​បំពុល​ទឹក ស្ទឹងព្រែកកំពង់សីលា និងត្រីងាប់ ដោយអនុលោមមាត្រា២៣ ចំណុច “ខ” នៃអនុក្រឹត្យ លេខ ២៧ ដដែលនេះ ចំនួន ១០ដប់លាន រៀល និងបទល្មើសចុងក្រោយគឺ ក្រុមហ៊ុនពុំមាន​លិខិត​អនុញ្ញាត​បញ្ចេញសំណល់រាវ ដោយ​អនុ​លោមមាត្រា ១០ នៃអនុក្រឹត្យលេខ២៧ ចំនួន ១០ ដប់លានរៀល។

លោករដ្ឋមន្រ្តីបានបង្រ្គាប់ឱ្យក្រុមហ៊ុន ត្រូវទៅបង់ប្រាក់ពិន័យអន្តរការណ៍នេះ នៅទីស្តីការក្រសួងបរិស្ថាន ឱ្យបាន មុន​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ជាកំហិត។

ក្រសួងក៏បានណែនាំឱ្យក្រុមហ៊ុន «ត្រូវបញ្ឈប់ជាបន្ទាន់ នូវការបញ្ចេញសំណល់រាវ ដែលមិនបានធ្វើប្រព្រឹត្តិកម្មសម្អាត និងមិន ស្របតាមស្តង់ដារកំណត់ ចូលក្នុងចំការដូងប្រេង ឬ ទៅទីទំនាបផ្ទៃរងទឹកភ្លៀង» និង«ត្រូវរៀបចំសាងសង់ ឬ កែ​សម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងមានសមត្ថភាពសម្អាត​សំណល់​រាវឆ្លើយតបនឹងស្តង់ដារ ឱ្យបានរួចរាល់ នៅមុនថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត»។

លើសពីនោះ ក្រុមហ៊ុនក៏ ត្រូវរៀបចំឱ្យមានស្រះបម្រុងសម្រាប់ស្តុកសំណល់រាវ ក្នុងករណីអាងប្រព្រឹត្តិកម្មដំណើរការ មានភាពមិនប្រក្រតី ដើម្បីការពារសំណល់រាវហូរចូលប្រភពទឹកសាធារណៈដោយផ្ទាល់ ឱ្យបានរួចរាល់នៅមុនថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ផងដែរ។ ចុងក្រោយ​ក្រុមហ៊ុន​ត្រូវរៀបចំបំពាក់ឧបករណ៍​ស្វ័យត្រួតពិនិត្យ​លើការ​បញ្ចេញ​សំណល់​រាវសម្អាតរួច ដោយត្រូវ ប្រើប្រាស់ក្រុមហ៊ុនផ្តល់សេវាបំពាក់ ដែលទទួលស្គាល់ពីក្រសួងបរិស្ថាន ឱ្យបានរួចរាល់ នៅ​មុន​​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ជាកំហិត។

ត្រីងាប់ក្រោយពីមានការហូរកាកសំណល់ចូលតំបន់អភិរក្សជលផលព្រែកកំពង់សីលា។ រូបថត មាតាធម្មជាតិ ផ្តល់ដោយប្រជាពលរដ្ឋ

ក្នុងករណីក្រុមហ៊ុនពុំអនុវត្តតាមចំណុចណែនាំទាំងនេះ «ក្រសួងបរិស្ថាននឹងចាត់វិធានការ តាមច្បាប់ជាធរមាន»។

លោក ម៉ុង ឫទ្ធី ក៏បានបង្ហោះផងដែរ ពីបង្កាន់ដៃបង់ប្រាក់របស់ក្រុមហ៊ុនចំនួន៤០លាន​រៀល​ ទៅតាមការផាក​ពិន័យរ​បស់​ក្រសួង នៅថ្ងៃទី១៩ ខែកញ្ញាកន្លងមក។

ការបង្ហោះសារនេះ គឺជា«ភស្តុតាង» ដែលឆ្លើយតបទៅនឹងការចោទប្រកាន់ទៅលើលោកថា បាន​គេចវេសមិន​ទទួល​ខុសត្រូវ ចំពោះពលរដ្ឋមួយចំនួនតូច ដែលទទួលរងគ្រោះពីចំការដូងប្រេងរបស់លោកនាពេលថ្មីៗ​នេះ។ ប៉ុន្តែ​លោក​អះអាងថា បញ្ហានោះត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ទៅហើយ។

លោកបានសរសេរថា៖«នៅពេលនេះយើងបានទប់​ទំនប់ ដែលបានបាក់​រួចរាល់​ជាស្ថាពរ​ ធ្វើឱ្យស្ថានភាព​ងាកមក​រក​ភាពប្រក្រតី​ឡើងវិញ​ ព្រមទាំង​សងសំណង​ការខូចខាតដល់រដ្ឋ​ និងប្រជាជន​ ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​បំផុត»​។

លោកក៏បានឱ្យដឹងផងដែរថា នាពេលបច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងកម្ពុជា បានផ្តល់ការងារ​ដោយផ្ទាល់​ដល់​បុគ្គលិក​ កម្មករ​ប្រមាណជា​ជាង២ ០០០នាក់​ និងដោយ​ប្រយោល​ប្រមាណ​ជាជាង ៨ ០០០នាក់។ ចាប់​តាំងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០២៤​ ដែលមាន២៨ឆ្នាំមកហើយនោះ គុណដ៏មហាធំធេង ដែលលោកបានកសាង លើ​វិស័​យកសិកម្ម និងកសិឧស្សាហកម្មចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជាគឺមានច្រើនលើសលុប។

លោកបានចោទជាសំណួរដូច្នេះថា៖«តើអស់លោកចង់យកកំហុសដោយអចេតនាតូចតាចមួយនេះមកបំផ្លាញឬ? (គុណ​១០០សំពៅ ទោសមួយចូលទៅ បំផ្លាញទាំងអស់)។ គ្រាន់តែមានករណីនេះកើតឡើងភ្លាម មាន​អ្នក​ស្នេហា​ជាតិ​ច្រើនណាស់ ទាំងគ្នាឯងផង ទាំងគ្នាគេផងមកសាកសួរជីកឫស ជីកគល់ក្នុងគោលបំណងបំផ្លាញតែម្តង។ តែខ្ញុំ​មិន​មាន​​​​ប្រតិកម្មត តបទៅវិញអ្វីទាំងអស់ ទុកពេលឱ្យសាមីក្រសួង ដែលមានការពាក់ព័ន្ធដោះស្រាយទៅតាមនីតិវិធីទៅ​ចុះ»។

លោកក៏បានអះអាងដែរថា លោកនឹងជូន​ប័ណ្ណ​សរសើរ និងជូនសគុណជាទីគាប់ចិត្តថែមទៀតទៅអ្នករិះគន់ ប្រើសិន​បើពួកគេរាប់ដើមឈើ ដែលលោកបានដាំឱ្យអស់រយៈពេល១ឆ្នាំ។  

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យាបានឱ្យដឹងថា ការផាកពិន័យនេះ​គឺជាការ​ចាត់​វិធាន​ការ​ច្បាប់​ដោយ​មិន​លើក​លែង​​ចំពោះ​ក្រុមហ៊ុន រោងចក្រ ឬសហគ្រាស ដែលបានបង្កផលប៉ះពាល់ដល់បរិស្ថាន។ ក្រ​សួង​ក៏កំ​ពុ​ងតែ​ជំរុញ​ការងារបំពាក់ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ​នៃ​ការបញ្ចេញ​ឬ​បង្ហូរ​សំណល់​ផងដែរ។

លោកបញ្ជាក់ថា៖«អញ្ជឹងយើងកំពុងតែជំរុញឱ្យរោងចក្រ សហគ្រាស ដែលមានសក្តានុពលបំពុលនោះ គឺ​គោរព​ទៅ​តាម​​ច្បាប់ជាធរមាន និងក្រមបរិស្ថាន។ យើងឱ្យបំពាក់ឧបករណ៍ហ្នឹង ដើម្បី​កាត់បន្ថយការ​បញ្ចេញជាតិ​ពុល​ដល់​ស​ហគមន៍ តាមប្រភពទឹកស្អាត។ យើងអាចត្រួតពិនិត្យការបំពុលនេះបានពីក្រសួង និងងាយស្រួលដល់អន្តរាគមន៍។មិន​បាច់ឱ្យមកធ្វើរបាយការណ៍រាយការណ៍មកទេ ហើយកាត់បន្ថយការធ្វើអធិការកិច្ច ពេលវេលា​ហើយនឹង​ថវិការបស់​ពួក​គាត់ថែមទៀត»។

លោកបានឱ្យដឹងថា ក្រសួងបានរកឃើញរោងចក្រ ឬសហគ្រាសជាង១២០ ដែលត្រូវបំពាក់ឧបករណ៍នេះ។ ក្នុងនោះ រោងចក្រ ឬសហគ្រាសជិត២០ហើយបានបំពាក់រួចរាល់ ហើយទីតាំងផ្សេងៗទៀតនឹងត្រូវបំពាក់ដូចគ្នានេះដែរ​ជា​បន្ត​បន្ទាប់៕