គណៈ​កម្មការ​ថ្នាក់​ជាតិ បាន​បដិសេធ​សំណើ​សុំ​លើក​លែង​ទោស​និង​បន្ធូរបន្ថយ​ទោស​របស់​ទណ្ឌិត​ចំនួន ​២៨១​នាក់​ ក្នុង​ចំណោម​អ្នក​ស្នើ​សុំ​ ៦៧១ នាក់​ដោយសារ​ពួក​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​សាហាវ​ឃោរឃៅ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដឹក​នាំ​ដោយ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈ​កម្មការ​ថ្នាក់​ជាតិ ពិនិត្យ និង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​និង​លើក​លែង​ទោស កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា។

បើ​តាម​ក្រសួង​យុត្តិធម៌ ទណ្ឌិត​ទាំង​ ២៨១​នាក់ ដែល​ត្រូវ​បាន​បដិសេធ​ការ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន, ករណី​ក្មេង​ទំនើង, ករណី​ឃាតកម្ម, ករណី​ជួញ​ដូរ​មនុស្ស, ករណី​រំលោភ​សេព​សន្ថវៈ​លើ​អនីតិជន និង ករណីឪពុក ឬ​ជីតា​រំលោភ​សេពសន្ថវៈ​លើ​កូន ឬ​ចៅ​របស់​ខ្លួន ជាដើម។

ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​របស់​ទណ្ឌិត​ទាំង​ ៦៧១ ទទួល​មក​ពី​ពន្ធនាគារ​រាជធានី ខេត្ត ចំនួន ២២, មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ និង​មណ្ឌល​យុវនីតិ​សម្បទា ដែល​ក្នុង​នោះ​ស្ត្រី ៥៩​នាក់។

មាន​ទណ្ឌិត​តែ​​ម្នាក់​ទេ​ដែល​នឹង​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ក្នុង​ចំណោម​ទណ្ឌិត​ទាំង ៣៩០​នាក់​ដែល​អាច​ទទួល​បាន​ការ​លើក​លែង ឬ​បន្ធូរបន្ថយ​ទោស ក្នុង​នោះ​ ៣០៤​នាក់​ អាច​ទទួល​ការ​បន្ថយ​ទោស​រយៈពេល​ ៣ខែ, ៨១ នាក់ អាច​ទទួល​ការ​បន្ថយ​ទោស​រយៈ​ពេល ៦ខែ, និង​ ៤នាក់ អាច​ទទួល​ការ​បន្ថយ​ទោស​រយៈ​ពេល ៩ខែ។

យោង​តាម​ព្រះរាជក្រឹត្យ​ឆ្នាំ​២០២១ ស្ដីពី​ការ​បន្ធូរបន្ថយ​ទោស​និង​លើកលែង​ទោស ទណ្ឌិត​ដែល​ទទួល​បាន​ការ​បន្ធូរបន្ថយ ឬ​លើក​លែង​ទោស​ត្រូវ​តែ​ជា​ទណ្ឌិត​ដែល​បាន​កែប្រែ​គំនិត​មារយាទ និង​គោរព​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​ពន្ធនាគារ​ និង​ជា​គំរូ​ដល់​ទណ្ឌិត​ដទៃ និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

ទណ្ឌិត​ចាស់​ជរា ស្ត្រី​មាន​ផ្ទៃពោះ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ មាន​​វិបល្លាស​ស្មារតី​ឬ​ពិការភាព មាន​សិទ្ធិ​ស្នើ​សុំ​លើក​លែង ឬ​បន្ធូរបន្ថយ​ទោស។ ការ​ស្នើ​សុំ​ត្រូវ​ដាក់​តាម​រយៈ​ប្រធាន​ពន្ធនាគារ ដែល​នឹង​បញ្ជូន​ទៅ​គណៈកម្មការ​ថ្នាក់​ជាតិ​ដើម្បី​ពិនិត្យ​និង​សម្រេច​ មុន​នឹង​នាយក​រដ្ឋមន្ត្រី ​ថ្វាយ​សំណើរ​ទៅ​ព្រះ​មហាក្សត្រ។

បើ​តាម​ព្រះរាជក្រឹត្យ​ដដែល ការ​ស្នើ​សុំ​លើក​លែង ឬ​បន្ធូរបន្ថយ​ទោស អាច​ស្នើ​សុំ​បាន​គ្រប់​បទ​ល្មើស​ទាំង​ធ្ងន់​និង​ស្រាល ក្នុង​ករណី​ដែល​ទណ្ឌិត​រូប​នោះ​បាន​​អនុវត្ត​ ១ភាគ៣​នៃ​ទោស​កំណត់។ ចំណែក​អ្នក​ជាប់​ទោស​មួយ​ជីវិត​ត្រូវ​អនុវត្ត​ទោស​ឲ្យ​បាន​ ១០​ឆ្នាំ​ជា​មុន​សិន មុន​ពេល​ស្នើ​សុំ​បន្ធូរ​បន្ថយ ដែល​ការ​ស្នើ​សុំ​លើក​ទី១ អាច​ត្រូវ​បាន​បន្ថយ​មក​នៅ​ត្រឹម​​ ៣០​ឆ្នាំ។

យ៉ាងណា​ក៏ដោយ កាល​ពី​កន្លង​ឆ្នាំ​កន្លង​ទៅ​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ណែនាំ​​ទៅ​គណៈកម្មការ​កុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​ឬ​លើក​លែង​ទោស​សម្រាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ និង​សាហាវ​ឃោរឃៅ។

លោក អំ សំអាត នាយក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ថា លោក​សង្កេត​ឃើញ​ថា ការ​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស​ត្រូវ​បាន​រឹត​បន្តឹង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​​អំពី​ការ​បន្ធូរ​បន្ថយ​សម្រាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា ចាប់​តាំង​ពី​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ បាន​ធ្លាក់​ចុះ​មក​នៅ​កម្រិត​ទាប​ នៅ​ក្នុង​ការ​សម្រេច​ចុង​ក្រោយ​មុន​នឹង​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​សម្រេច​លើ​លែង​ទោស​ឬ​បន្ធូរ​បន្ថយ​ទោស»។

លោក សំអាត បាន​ថ្លែង​ថា សម្រាប់​ករណី​ពិសេស​ណា​មួយ​ ប្រមុខ​រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ស្នើ​សុំ​លើកលែង​ទោស​ឬ​បន្ធូរបន្ថយ​ទោស​ ដើម្បី​ជា​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ ឬ​ដើម្បី​កិច្ច​សហប្រតិបត្តិការ​ណា​មួយ​ក្នុង​ករណី​ពាក់​ព័ន្ធ​នឹង​ជន​បរទេស។

យ៉ាង​ណា​ក៏​ដោយ​លោក​ថា ក្រុម​គ្រួសារ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ បាន​លើក​ឡើង​ថា ​សាច់​ញាតិ​របស់​ពួក​គេ​ដែល​ជាប់​ពន្ធនាគារ​នៅ​តែ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បន្ធូរបន្ថយ​ទោស ឬ​លើក​លែង​ទោស​ដដែល៕