ភ្នំពេញ៖ ​សត្វ​សុនខ (ឆ្កែ) ២២៩ ៤៨៨ ក្បាល​ ត្រូវបាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​ឆ្កែឆ្កួត​ក្នុងអំឡុងពេល​យុទ្ធ​នា​ការ​រយៈពេលពីរ​សប្តាហ៍កន្លងទៅ។

យុទ្ធនាការ​​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​អង្គការ​សប្បុរសធម៌​ផ្តល់​សេវា​បសុពេទ្យ​អន្តរជាតិ​ចក្រភព​អង់គ្លេស Worldwide Veterinary Service (WVS) ជា​ផ្នែក​មួយ​នៃ​គម្រោង​ Mission Rabies ជាមួយនឹង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ (GDAHP) និង​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា​។​

ក្រុម​ចាក់​វ៉ាក់សាំង​ ២៨៧​​ក្រុម បានធ្វើការ​នៅ​ក្នុង​​រាជធានី​ភ្នំពេញ ខេត្ដ​កណ្តាល និងខេត្ដ​​បាត់ដំបង ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ការពារ​អាយុ ជីវិត​មនុស្ស និង​សត្វ​។

យុទ្ធនា​ការដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២១ ខែតុលា ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា រួមបញ្ចូល​ជាមួយ «ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការគ្រប់គ្រង និង​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​» របស់​ប្រទេស​កម្ពុជា ដែល​ស្ថិតក្នុង​ដំណើរការ​អនុម័ត​ដោយ​ភាគី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ដែលមាន​ WVS ជាទី​ប្រឹក្សា​នាំមុខ​​គេ​។

វេជ្ជបណ្ឌិត Amy Nicole Lewis អ្នកគ្រប់គ្រង​គម្រោង​អន្តរជាតិ​ផ្តល់​សេវា​បសុពេទ្យ​ទូទាំង​ពិភព​លោក​ បាន​ថ្លែងថា​៖ «កង្វះ​​ការយល់ដឹង​អំពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ មានន័យថា អ្នក​ត្រូវបាន​ឆ្កែ​ខាំ​ជាច្រើន​មិនបាន​ទទួល​ការព្យាបាល​ក្រោយ​ត្រូវបាន​ឆ្កែ​ខាំ​ដែល​យឺតពេល​។ នោះ​ធ្វើឱ្យ​ពួកគេ​មិន​មានឱកាស​រស់រានមានជីវិត​នៅពេល​ដែលមាន​រោគសញ្ញា​លេចឡើង​»។

វេជ្ជបណ្ឌិត​ Lewis បាន​បន្ដថា​៖ «​ជា​អកុសល កុមារ​ងាយ​រងគ្រោះ​នឹង​ជំងឺ​ឆ្កែឆ្កួត ដោយសារ​ពួកគេ​មិនសូវ​ស្គាល់​សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​នៅក្នុង​សត្វ​សុនខ ហើយ​ភាគច្រើន​ពួកគេ​ទំនង​ជាមាន​ទំនាក់ទំនង​ជាមួយ ឬ​ថែទាំ​សត្វ​សុនខ​ទាំងនេះ»​។

អ្នកជំនាញ​វេជ្ជសាស្ដ្រ​រូប​នេះ បាន​ឱ្យដឹងថា ដើម្បី​សម្រេច​​ឱ្យ​បាន​នូវ​នៃ​ការជោគជ័យ​នេះ ក្រុម​ការងារ​​ត្រូវ​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​គ្របដណ្តប់​យ៉ាងហោចណាស់ ៧០ ភាគរយ​នៃ​ការចាក់​ថ្នាំ​បង្ការ​នៅក្នុង​ចំណោម​​ឆ្កែ​​ទាំងអស់​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​ឆ្កែឆ្កួត បង្កើត​ភាពស៊ាំ​​ឱ្យ​ពួកវា​ ដើម្បី​បញ្ឈប់​​​ចម្លងជំងឺ​នេះ​ទៅ​មនុស្ស​។

វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា​៖ «​តាមរយៈ​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ការអប់រំ និង​ការតាមដាន​ជំងឺ​ឆ្កែឆ្កួត យើង​អាច​ការពារ​ជីវិត​មនុស្ស​ជាច្រើន និង​បញ្ឈប់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​យ៉ាង​ល្អ​»។​

យុទ្ធនាការ​ឆ្នាំ ២០២៤ ត្រូវបាន​ធ្វើ​ឡើង​​បន្ត​ពី​​​ឆ្នាំ ២៩២៣​ ដែលសត្វ​ឆ្កែ​ ៧៤ ៩៨៣ ក្បាល​​ត្រូវបាន​ចាក់​ថ្នាំ​បង្ការ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​វា​ជា​គម្រោង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ដំបូង​គេ​បង្អស់​​នៅក្នុង​ប្រទេស​។​

​ក្រុម​ចាក់​វ៉ាក់សាំង​ ២៨៧​​ក្រុម បានធ្វើការ​នៅ​ក្នុង​​រាជធានី​ភ្នំពេញ ខេត្ដ​កណ្តាល និងខេត្ដ​​បាត់ដំបង ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ការពារ​អាយុ ជីវិត​មនុស្ស និង​សត្វ​។ រូបថត សហការី​

យោងតាម​អង្គការ​សុខភាព​ពិភពលោក ជាង ៩៩ ភាគរយ​នៃ​ករណី​ជំងឺ​ឆ្កែឆ្កួត​របស់​មនុស្ស​ទាំង​អស់​ត្រូវបាន​ចម្លង​តាមរយៈ​ឆ្កែ​ខាំ​។ កុមារ​ដែលមាន​អាយុ​ក្រោម ១៥​ ឆ្នាំ​គឺ​ងាយ​រងគ្រោះ​ជាងគេ ហើយ​នៅក្នុង​ចំណោម​នោះ​មាន​ចំនួន ៤០​ ភាគរយ​បាន​បាត់បង់​ជីវិត​នៅ​ទូទាំង​ពិភពលោក​។

នៅ​កម្ពុជា​គេ​ប៉ាន់​ស្មានថា ​មាន​មនុស្ស​ប្រហែល ៦០ ម៉ឺន​នាក់​ត្រូវ​ឆ្កែ​ខាំ​ជា​រៀងរាល់ឆ្នាំ​។ ប្រសិនបើ​ជន​រង​គ្រោះ​មិន​ស្វែង​រក​វិធី​​បង្ការ​​ក្រោយ​ការ​ឆ្កែ​ខាំ​​ ហើយ​គ្លីនិក​រក​មិន​ឃើញ​​រោគសញ្ញា​​ ជំងឺ​នេះអាច​ឱ្យ​មនុស្ស​ស្លាប់​​។​

Mission Rabies បានចាប់ផ្តើម​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩​ ដោយ​ដំណើរការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​សាកល្បង និង​ចាប់ផ្តើម​កម្មវិធី អប់រំ​នៅក្នុង​រាជធានី​។

ចាប់តាំងពី​ពេលនោះ​មក ក្រុម​ឃ្លាំមើល​ពី​ជំងឺ​ឆ្កែ ២៤​ ម៉ោង​បាន​ឆ្លើយតប​ទៅនឹង​របាយការណ៍​អំពី​សត្វ​ឆ្កែ​ឆ្គួ​ត ហើយ​ត្រូវបាន​ធានាថា ​បុគ្គល​​​​ត្រូវ​បាន​ឆ្កែ​ខាំ ​ទទួលបាន​ការព្យាបាល​ភ្លាមៗ​​​។

លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ពី​ជំងឺ​ឆ្កែឆ្កួត​របស់​ពួកគេ​អនុញ្ញាតឱ្យ​សាធារណៈ​រាយការណ៍​ពី​ការមើលឃើញ​សត្វ​ដែលមាន​ឆ្កែ​ឆ្គួ​ត និង​ស្វែងរក​ការគាំទ្រ​សម្រាប់​ការសង្គ្រោះ​បន្ទាន់​នៃ​ជំងឺ​ឆ្កែឆ្កួត​។​

លោក​វេជ្ជបណ្ឌិត Luke Gamble នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​សេវាកម្ម​ផ្តល់​សេវា​បសុពេទ្យ​ទូទាំង​ពិភពលោក បាន​ថ្លែង​​ថា៖ «​នៅពេល​ពួកយើង​ចាប់ផ្តើម​បេសកកម្ម​ជំងឺ​ឆ្កែឆ្កួត​ក្នុង​ឆ្នាំ២០១៣ គោលដៅ​របស់​យើង​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ដល់​សត្វ​សុនខ​​ឱ្យ​បាន ៦ម៉ឺន​ក្បាល​ ក្នុង​រយៈពេល ៣០​ ថ្ងៃ​»។

លោក​បានបញ្ជាក់​ថា​៖ «​មនុស្ស​ជាច្រើន​គិតថា ​វា​មិនអាច​ធ្វើ​ទៅរួច​នោះទេ ប៉ុន្តែ​យើង​នៅតែ​អាចធ្វើ​បាន​រហូត​ទៅ ៦៤​០០០ក្បាល​។ ដប់ឆ្នាំ​ក្រោយមក យើង​បញ្ចប់​ឆ្នាំ​ទី ២ របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គួរ​​ឱ្យ​​កត់សម្គាល់ យើង​បាន​ចាក់​វ៉ាក់សាំង​សុនខជាង ៨២០០០ក្បាល​ត្រឹម ៤​ថ្ងៃដំពុង​ប៉ុណ្ណោះ​»។

លោក​បាន​បន្ដថា សមិទ្ធិផល​នេះ​គឺជា​សក្ខីភាព​មួយ​ចំពោះ​ការលះបង់​ឥត​ងាករេ​របស់​ក្រុមការងារ​  និង​ជាការ​គោរព​ចំពោះ​វិជ្ជាជីវៈ​ពេទ្យសត្វ ដោយមាន​ពេទ្យសត្វ និង​គិលានុបដ្ឋាយិកា​មកពី​ជុំវិញ​ពិភពលោក​បាន​បញ្ចេញ​ថាមពល​របស់​ពួកគេ​ក្នុង​ការធ្វើ​គម្រោង​មួយ​នេះ​ជោគជ័យ​បែបនេះ​។

​អំឡុងពេល​នៃ​គម្រោង​រយៈពេល ២​សប្តាហ៍​នេះ ក្រុមការងារ​បានធ្វើ​ដំណើ​រ​ឆ្លងកាត់​តំបន់​ចាក់​ថ្នាំ​បង្ការ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ដើម្បី​គ្រប់គ្រង​ការចាក់​វ៉ាក់សាំង​ឆ្កែ​ឆ្គូ​ត​នេះ​។ រូបថត សហការី​

លោក​វេជ្ជបណ្ឌិត Gamble បាន​ឱ្យដឹងថា វា​មិនមែន​ជាការ​បំផ្លើស​ទេ ក្នុងការ​និយាយថា ​យុទ្ធនាការ​នេះ​នឹង​អាច​ការពារ​កុមារ​ប្រហែល ៥០០​នាក់​ពី​ការស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ។

​​រួម​ជាមួយនឹង​ការជំរុញ​ការចាក់​វ៉ាក់សាំង កម្មវិធី​អប់រំ​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​ដល់​សត្វ​ឆ្កែ គ្រោះថ្នាក់​នៃ​ជំងឺ​ឆ្កែឆ្កួត និង​វិធី​ការពារ​ជំងឺ​ពី​ជំងឺ​ឆ្កែ​ឆ្គួ​ត​។ នេះ​រួមបញ្ចូល​ទាំង​ការអប់រំ​តាម សាលារៀន កន្លែងធ្វើការ និង​ទីតាំង​សហគមន៍​សំខាន់ៗ​។​

ផ្នែក​មួយទៀត​នៃ​យុទ្ធនាការ​នៅក្នុង​ឆ្នាំនេះ គឺ​ការផ្តល់សេវា​គ្រៀវ​សត្វ​សុសុនខ​ដោយ​ឥតគិតថ្លៃ ដែល​សេវា​នេះ​បាន​ធ្វើឡើង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដោយមាន​ពេទ្យសត្វ​ស្ម័គ្រចិត្ត​ចូលរួម​ពី​ជុំវិញ​ពិភពលោក​។

សត្វ​ឆ្កែ​ចំនួន ២១២​ ក្បាល​ត្រូវបាន​ក្រៀវ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដោយ​ក្រុម​ពេទ្យសត្វ​ចល័ត​ក៏បានផ្តល់​ការព្យាបាល​ដល់​សត្វ​ឈឺ និង​របួស​ចំនួន ៥៣៨​ ក្បាល​ផងដែរ ដែល​នេះ​ធ្វើឡើង​យ​តាម​ឆ្លើយតប​ពី​ក្រុម​ចាក់​វ៉ាក់សាំង​ដែល​បានស្នើ​។​

អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​មកពី​ប្រ​ទេ​សជាង ៣០​ផ្សេងគ្នា ត្រូវបាន​បង្កើត ​និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ក្រុម​ចាក់​វ៉ាក់សាំង​​​នៅតាម​មូលដ្ឋាន ហើយ​នេះ​រួមបញ្ចូល​ទាំង ការគាំទ្រ​របស់​និស្សិត​ពេទ្យសត្វ​កម្ពុជា​ជាង ២១០​នាក់​។

អំឡុងពេល​នៃ​គម្រោង​រយៈពេល ២​សប្តាហ៍​នេះ ក្រុមការងារ​បានធ្វើ​ដំណើ​រ​ឆ្លងកាត់​តំបន់​ចាក់​ថ្នាំ​បង្ការ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ដើម្បី​គ្រប់គ្រង​ការចាក់​វ៉ាក់សាំង​ឆ្កែ​ឆ្គូ​ត​នេះ​។

កម្មវិធី​ទួ​រ​ស័ព្ទ​ឈ្មោះថា “Rabies App” របស់​អង្គការ​សប្បុរសធម៌ ត្រូវបាន​ប្រើ​ដើម្បី​ផ្តល់​តំបន់​ដល់​ក្រុម​ចាក់​វ៉ាក់សាំង​ និង​ដើម្បី​បញ្ចូល​ព័ត៌មាន អំពី​សត្វឆ្កែ​​នីមួយៗ ដោយ​ផ្តល់នូវ​ការយល់ដឹង​អំពី​ទិន្នន័យ​ដ៏​មានតម្លៃ​ក្នុងការ​​តាមដាន​ដំណើរការ​របស់​គម្រោង​។​

ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនាការ Mission Rabies សូម​ចូលទៅកាន់​វេបសាយ​ https://cambodia.missionrabies.com/