ភ្នំពេញ៖ ឧស្សាហកម្មទេសចរណ៍របស់កម្ពុជាមានសន្ទុះកើនឡើង ដោយទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជិតខាង ដូចជា ប្រទេសថៃ និងវៀតណាម។
ប៉ុន្ដែកម្ពុជាមិនទាន់អាចទាញយកទីផ្សារទេសចរណ៍ពីប្រទេសដែលមានប្រជាជនច្រើនជាងគេនៅក្នុងតំបន់នេះនៅឡើយ។ ជាមួយចំនួនប្រជាជន ២២៧,៥លាននាក់សម្រាប់ឆ្នាំ ២០២៣ ចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកាន់កម្ពុជានៅតែមានកម្រិតតិចតួច។
ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៤៥លាននាក់ ក្នុងនោះ ១២៧១៧៨នាក់ជាភ្ញៀវទេសចរឥណ្ឌូនេស៊ី។ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,២៩លាននាក់ កើនឡើង ២២,៥ភាគរយ។
យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា មានភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន ១២៣ ៤៣៧នាក់ កើនឡើង ៣២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៤ ភ្ញៀវឥណ្ឌូណេស៊ីមកកម្ពុជាមានត្រឹមតែ ០,០៤៤ភាគរយ នៃចំនួនប្រជាជនឥណ្ឌូនេស៊ី។ វាមានន័យថា កម្ពុជាត្រូវធ្វើបន្ថែមទៀត។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានជួបពិភាក្សាការងារជាមួយលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីវិស័យសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០១៩ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ សំដៅកសាងឱកាសទេសចរណ៍ទៅវិញទៅមក។
ការសន្ទនានេះគ្របដណ្តប់លើគំនិតផ្តួចផ្តើមជាក់លាក់ ដូចជាការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមមិត្តភាព និងការបន្តការហោះហើរត្រង់រវាងកោះបាលី និងខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។
លោក តុប សុភ័គ អ្នកនាំពាក្យក្រសួងទេសចរណ៍មិនអាចសុំការផ្ដល់ព័ត៌មានលម្អិតក្រៅពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានស្រាប់រវាងរដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី។
ទាក់ទងទំនាក់ទំនងទេសចរណ៍ជាមួយប្រទេសឥណ្ឌូនេស៊ី លោកស្រី ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានឱ្យដឹងថា សមាគមន៍ទេសចរណ៍ CATA កំពុងរៀបចំផែនការផ្សព្វផ្សាយជាមួយសមាគមន៍ទេសចរណ៍ជាតិឥណ្ឌូនេស៊ី តាមរយៈការផ្គូរផ្គងធុរកិច្ច ដើម្បីកៀរគរអ្នកធ្វើទីផ្សារឥណ្ឌូនេស៊ីមកកាន់កម្ពុជា។
លោកស្រី ស៊ីវលីន បាននិយាយថា៖ «យើងនឹងរៀបចំកម្មវិធីនេះឱ្យកើតឡើង និងធ្វើការផ្សព្វផ្សាយដើម្បីឱ្យទីភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ីបានស្គាល់ និងចាប់ដៃគូជាមួយខាងកម្ពុជាដើម្បីធ្វើការប្រមូលភ្ញៀវមកកាន់កម្ពុជា ហើយយើងធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍ឥណ្ឌូនេស៊ីផងដែរ។ វាជាការជួយផ្សព្វផ្សាយគ្នាទៅវិញទៅមក»។
លោកស្រីទទួលស្គាល់ថា ការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារឥណ្ឌូនេស៊ីនៅមានភាពតិចតួចនៅឡើយ។
យ៉ាងណាមិញ លោកស្រី ស៊ីលីន បានមើលឃើញពីសក្ដានុពលវិនិយោគចំពោះវិស័យទេសចរណ៍នេះ ដោយប្រជាជនឥណ្ឌូនេស៊ីមានចំនួនច្រើន និងមានលទ្ធភាពច្រើនក្នុងបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងការវិនិយោគនៅក្រៅប្រទេស។
លោកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងមិនទាន់ឃើញមានអ្នកវិនិយោគឥណ្ឌូនេស៊ីក្នុងចំនួនច្រើននៅឡើយទេ ខណៈធនធានប្រកបដោយសក្ដានុពលច្រើនដែរ ដែលអាចទាក់អ្នកវិនិយោគ»។
ក្នុងជំហានដំបូងនេះ ប្រធានសមាគមន៍ទេសចរណ៍ CATA បានបន្ដថា សមាគមន៍ធ្វើការអញ្ជើញទីភ្នាក់ងារទេសចរណ៍ អ្នកជំនាញវិស័យទេសចរណ៍ពីប្រទេសឥណ្ឌូនេស៊ីមកធ្វើបច្ចុប្បន្នភាពនៅកម្ពុជា។
ជាក់ស្ដែង នៅក្នុងខែធ្នូខាងមុខនេះ កម្ពុជានឹងរៀបចំព្រឹត្ដិការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាស៊ាននៅកម្ពុជា ដែលជាឱកាសប្រមូលផ្ដុំសមាជិកទីភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី នឹងធ្វើការផ្គូរផ្គងទីភ្នាក់ងារទេសចរណ៍កម្ពុជា។
លោកស្រីបានបន្ថែមថា៖ «កម្ពុជាគួរមានការជំរុញឱ្យមានបើកភោជនីយដ្ឋានហាល់ឡាសម្រាប់ប្រជាជនមូស្លីមឥណ្ឌូនេស៊ី។ អ្វីដែលយើងខ្វះខាតមិនបានធ្វើក្រៅពីការផ្សព្វផ្សាយ ផលិតផលបដិសណ្ឋារកិច្ចក៏ជាភាពទាក់ទាញសំខាន់ក្នុងការផ្ដល់ជូនភ្ញៀវទេសចរមូស្លីមមកកាន់កម្ពុជាតាមរយៈការវិនិយោគម្ហូបអាហារហាល់ឡាតាមគោលដៅទេសចរណ៍នានា»។
ដើម្បីលើកកម្ពស់ទេសចរណ៍ឥណ្ឌូនេស៊ី លោក Darmosumarto បានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។
ក្នុងជំនួបជាមួយអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងទេសចរណ៍ ដោយផ្តោតលើការហោះហើរត្រង់ពីគោលដៅសំខាន់ៗរបស់ឥណ្ឌូនេស៊ី មកកាន់តំបន់ទេសចរណ៍កម្ពុជា ដូចជាខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម។
នៅក្នុងខែឧសភា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ្ឌ ឯកអគ្គរដ្ឋទូត Darmosumarto បានស្វែងយល់ពីលទ្ធភាពនៃការហោះហើរត្រង់រវាងប្រទេសឥណ្ឌូនេស៊ី និងខេត្តសៀមរាប។
លោកបានសង្កត់ធ្ងន់ថា ការតភ្ជាប់បែបនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ បង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងជំរុញទេសចរណ៍ទៅវិញទៅមក។
លើសពីនេះទៀត នៅក្នុងខែសីហា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានសម្រាប់ការតាំងពិព័រណ៍ «សួស្ដី ឥណ្ឌូនេស៊ី» ឯកអគ្គរដ្ឋទូតបានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឥណ្ឌូនេស៊ី ដូចជា កោះបាលី និងបូរ៉ូប៊ូឌួរ ដល់ប្រជាជនកម្ពុជា។
លោកបានកត់សម្គាល់ថា ពិព័រណ៍នេះមានគោលបំណងជំរុញទេសចរណ៍ និងបង្កើតឱកាសសេដ្ឋកិច្ចតាមរយៈការពង្រឹងទំនាក់ទំនងក្នុងតំបន់តាមរយៈការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។
លោក Darmosumarto បានថ្លែងថា៖ «ឆ្នាំនេះជា ការប្រារឰពិព័រណ៍លើកទី១៥ យើងបានសម្រេចចិត្តប្តូរឈ្មោះទៅជា សួស្ដី ឥណ្ឌូនេស៊ី ដើម្បីឱ្យវាកាន់តែមានភាពជិតស្និទ្ធជាមួយកម្ពុជា និងអ្នកប្រើប្រាស់កម្ពុជានៅទីនេះ»។
លោកថា សួស្តីឥណ្ឌូណេស៊ី ហួសពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ធម្មតា។ វាក៏ជាព្រឹត្តិការណ៍មួយដែលរៀបចំឡើងដើម្បីបង្ហាញពីសិល្បៈ វប្បធម៌ ភាពរីករាយនៃការធ្វើម្ហូប និងឱកាសសិក្សារបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ៕