ភ្នំពេញៈ កូនដំរីញី ដែលត្រូវបានសង្រ្គោះពីខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុនមានសុខភាពល្អឡើងវិញ ក្រោយ​ពី​ត្រូវ​បាន​បញ្ជូន យកទៅ​​ថែ​ទាំ ​នៅ​សួន​សត្វ​ភ្នំតាម៉ៅ ហើយនៅថ្ងៃអនាគត អាចនឹងត្រូវ​បង្កាត់​ពូជជាមួយ​នឹងដំរី​ ដែលយក​មក​ពី​ប្រ​ទេសឡាវ

លោកទ្រី ស៊ីថេងមន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA)បានឱ្យដឹងថា កូនដំរីមួយក្បាលនេះកំពុងតែមាន​សុខ​ភាព​ល្អ​ឡើង​វិញ ហើយថែមទំាងឆាប់ស្គាល់ និងមានការស្និតស្នាលជាមួយនឹងអ្នកមើលថែវាថែមទៀតផង។

លោកបញ្ជាក់ថា៖«សុខភាពល្អ​។ ល្អមែនទែនហើយ។ វាមានអាម្មណ៍មួយដូចជា វាឆាប់ស្គាល់ជាមួយ​នឹងអ្នកថែរក្សា កាន់​តែ​ស្អិត​ស្នាល....»។

កូនដំរី ដែលមានអាយុប្រហែលជា ២ឆ្នាំ និងទម្ងន់ប្រមាណជា ៣០០ គីឡូក្រាមនេះ ត្រូវ​បាន​ជួយ​សង្គ្រោះ​  ​ពី​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា បន្ទាប់ពីត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់អ្នកភូមិ ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុន។

កូនដំរីព្រៃនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីសប្តាហ៍ គិតត្រឹមថ្ងៃ ដែលត្រូវបានជួយសង្គ្រោះ នាថ្ងៃទី២ ខែវិឆ្ឆិកានេះ។ ក្រោយទទួលបានដំណឹងនេះ ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ (WCS Cambodia) បាន​ចុះ​ទៅ​ពិនិត្យ និងតាមដានស្ថានភាពរបស់វា។

អង្គការ WCS បានបញ្ជាក់ថា៖«ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការ WCS បានសហការ​ជា​មួយ​​ក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំណី និងទឹកដោះគោ ដើម្បីអាចឱ្យកូនដំរីនេះមានកំលាំង និង​អាហារ​គ្រប់​គ្រាន់..ដំរីវ័យនេះ គឺត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេដំរី»។

អង្គការបានលើកឡើងថា ករណី ដែលកូនដំរីនេះត្រូវបានទុកឱ្យនៅតែឯងបែបនេះ គឺជាករណីកម្រ។ ហេតុនេះ ក្រុមកា​រងា​រ​បាន​បន្ត​រង់ចាំពិនិត្យមើលពីចំងាយ ក្រែងមានហ្វូងដំរីមករកកូនដំរីនេះទៅវិញ។ ប៉ុន្តែ ក្រោយពីរង់ចាំអស់រយៈពេល ៤ថ្ងៃ​នៅ​ក្នុងព្រៃរួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និង​សម្រេច​ថាមិន​អាច​បន្តទុ​កកូ​នដំ​រី​នេះឱ្យ​នៅតែឯង​ ដោយមិន​មាន​មេនៅ​ជិត​បន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះ នៃអង្គការ​ WCS បានទាក់ទង​ទៅក្រុមការងារ​សង្គ្រោះ​សត្វ​​ព្រៃ នៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅសួនសត្វនេះ ដើម្បី​ធ្វើកា​រ​បំ​ប៉ន និងមើលថែរក្សា។

សកម្មភាពសង្គ្រោះកូនដំរីនេះត្រូវបានធ្វើឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយ​មាន​ការ​ចូល​រួ​មស​ហ​ការ​ពី អង្គការ WCS អង្គការWWF អង្គការ WA រដ្ឋបាលព្រៃឈើ ក្រុមការងារសង្គ្រោះ​សត្វព្រៃ​នៃមជ្ឃមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃភ្នំតាម៉ៅ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃភ្នំព្រិច ស​ហគមន៍ល្បាត និងប្រជាសហគមន៍មូលដ្ឋានប្រមាណជិត ៣០នាក់។

ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ កូនដំរីព្រៃមួយក្បាលនេះត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនម​កដល់​ឧទ្យាន​សួនសត្វភ្នំតាម៉ៅ ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះ។

លោកស៊ីថេងបានយល់ឃើញថា ក្រុមហ្វូងដំរីនេះអាចនឹងផ្អើល ដោយសារតែហេតុការណ៍អ្វីមួយ ដែលធ្វើឱ្យមេ រត់ចោល​កូន​បែប​នេះ ក្រោយពីហ្វូងដំរីនោះចូលទៅតំបន់នោះ។

លោកបានឱ្យដឹងថា កិច្ចប្រជុំមួយត្រូវបានធ្វើឡើង ដើម្បីពិភាក្សាពីករណីកូនដំរីនេះ ហើយអ្នកខ្លះចង់យកកូនដំរីនេះទៅប្រ​លែងឱ្យនៅជាមួយមេ ឬក្រុមហ្វូងវាវិញ។ ប៉ុន្តែសត្វដំរី កាលណាវាបែកពីហ្វូងហើយ គេមិនអាចដាក់ឱ្យចូលរស់​នៅជា​មួយ​ហ្វូង​វិ​ញ​បានទេ ដោយសារតែសត្វក្នុងហ្វូងនោះនឹងព័ទ្ធជាន់ ឬបុកសម្លាប់ចោលតែម្តង។

លោកបញ្ជាក់ថា៖«ចំពោះគំនិតរបស់យើងគឺអត់មានការដោះលែងវិញទេ។ និយាយឱ្យចាំទៅ គឺថែរក្សាវានៅភ្នំតាម៉ៅនេះ។ ថ្ងៃ​ក្រោយ ខ្ញុំគិតថា យើងនឹងអាចរៀបចំឱ្យមានការបង្កាត់ពូជជាមួយនឹងដំរីយកមកពីប្រទេសឡាវ ដោយ​សារតែ​អាយុវា​លើស​គ្នាតិច​តួច»។

លោកបានបន្ថែមថា នាពេលបច្ចុប្បន្ននេះ សួនសត្វភ្នំតាម៉ៅមានដំរីចំនួន៧ក្បាលហើយ។

ប្រទេសឡាវបានប្រគល់ដំរីញីមួយក្បាល និងឈ្មោលមួយក្បាលដល់ប្រទេសកម្ពុជា ដើម្បី​ជានិមិត្តរូបនៃ​ចំណង​សាមគ្គីភាព​រវាង​ប្រទេសទាំងពីរកាលពីខែឧសភា ឆ្នាំ២០២៤៕