ក្រសួងមហាផ្ទៃត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបទល្មើស (Crime Management System - CMS) នាពេលខាងមុខនេះសម្រាប់ប្រើប្រាស់ក្នុងការពន្លឿនការបញ្ជូនព័ត៌មានទៅមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ និងដើម្បីរក្សាទុកទិន្នន័យជនល្មើស។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលប្រព័ន្ធនេះដាក់ដំណើរការ បទល្មើសទាំងអស់នឹងត្រូវកត់ត្រាបញ្ចូលក្នុងប្រព័ន្ធនេះ រួមមានទាំងបទល្មើសចរាចរណ៍ផងដែរ។ ប្រព័ន្ធនេះបញ្ចូលតែព័ត៌មាននៃបទល្មើសដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងចង់គ្រប់គ្រងបទល្មើស ឬជនល្មើសស្ថិតនៅក្នុងដំណាក់កាលនគរបាលជាតិ ក្រោមក្រសួងមហាផ្ទៃដើម្បីឲ្យសមត្ថកិច្ចពាក់ព័ន្ធអាចទទួលបានព័ត៌មានថា បុគ្គលម្នាក់មានជាប់និវេទក្រហម ឬក៏ជាប់នឹងបទល្មើសផ្សេងទៀត»។
លោកបន្តថា៖ «កន្លងទៅ បើសិនជនល្មើសប្រព្រឹត្តបទល្មើសក្នុងខេត្តណា ដឹងតែសមត្ថកិច្ចនៅខេត្តនោះទេ ហើយដឹងតែសមត្ថកិច្ចដែលអនុវត្តសំណុំរឿងនោះផ្ទាល់ទៀត។ ចំណុចនេះហើយធ្វើឲ្យការទទួលព័ត៌មានជារួមអត់បានទូលំទូលាយ ដែលធ្វើឲ្យការបង្ក្រាប និងការចាប់ខ្លួនជនល្មើសមិនសូវមានប្រសិទ្ធភាពភ្លាមៗ នៅពេលជនល្មើសរត់គេចខ្លួនទៅខេត្តផ្សេង»។
លោកថា សមត្ថកិច្ចតាំងពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋានអាចដឹងថា ជនល្មើសណាកំពុងស្ថិតនៅក្រោមការតាមប្រមាញ់ និងមានសាវតារដូចម្ដេច។ នៅដំណាក់កាលបន្ទាប់ ក្រសួងមហាផ្ទៃអាចនឹងភ្ជាប់ទំនាក់ទំនងជាមួយក្រសួងផ្សេងទៀតដើម្បីកត់ត្រាបទល្មើសដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នទាំងនោះ។
កាលពីខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធកត់ត្រាឈ្មោះមន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀនចូលក្នុងបញ្ជីខ្មៅក្នុងរយៈពេលកំណត់ណាមួយដើម្បីទប់ស្កាត់កុំឲ្យបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទទួលបានការងារនៅកន្លែងផ្សេងក្នុងរយៈពេលកំណត់ណាមួយ។
លោកថា ការធ្វើបែបនេះមិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ ប៉ុន្តែ ដើម្បីការពារសហគមន៍ទាំងមូល៕