បាត់ដំបងៈ យ៉ាងហោចណាស់ទំនិញក្លែងក្លាយ និងសាច់បង្កកជាង១០តោនត្រូវបានបំផ្លាញចោល ក្រោយពីមន្រ្តីជំនាញបានស្រាវជ្រាវរកឃើញ និងធ្វើការរឹបអូសក្នុងខេត្តបាត់ដំបង និងរាជធានីភ្នំពេញនាពេលថ្មីៗនេះ។
គ្រាប់ពូជពោតចំនួន៧ ៧១០គីឡូក្រាម (៧៧១ការ៉ុង) ដែលមាននិមិត្តសញ្ញា Sun Smile 99999 ត្រូវបានដុតកំទេចចោល នៅទីលានចាក់សំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែផលិតផលនេះ ក្លែងក្លាយ និងល្មើស កម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD។ នេះបើយោងតាមស្នងការដ្ឋានគរបាលខេត្ត នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ។
លោកវរសេនីយ៍ឯក អ៊ិម កុសល ស្នងការង និងជាអ្នកនាំពាក្យនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវរកឃើញថា មានការចែកចាយ និងលក់គ្រាប់ពូជពោតនេះនៅតាមទីផ្សារ ឬដេប៉ូមួយចំនួន ជាពិសេស គឺនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ការធ្វើចរាចរណ៍ និងលក់នេះ គឺល្មើសទៅនឹងកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន ហើយមេធាវីតំណាងក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ដើម្បីសុំការអនុវត្តនីតិវិធីច្បាប់។
ក្រោមការដឹកនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះអនុវត្តទៅតាមពាក្យបណ្តឹងនេះ ដោយធ្វើការដកហូតគ្រាប់ពូជពោត និមិត្តសញ្ញា Sun smile 99999 ចំនួន៧៧១ការ៉ុង (មួយការ៉ុងទំងន់១០គីឡូក្រាម)នៅដេប៉ូមួយកន្លែងកាលពីអំឡុងខែកុម្ភៈកន្លងមក។
វត្ថុតាងទាំងនេះ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រហូតតុលាការអនុញ្ញាតឱ្យមានការកំទេចចោលនេះ ដោយមានការចូលរួមពីមេធាវីតំណាងក្រុមហ៊ុនជាដើមបណ្តឹងផងដែរ នាថ្ងៃចន្ទ ទី៤ ខែវិឆ្ឆិកា។
នគរបាលក៏បានធ្វើការសាកសួរម្ចាស់ដេប៉ូជាអ្នកលក់នោះផងដែរ។ ប៉ុន្តែ គាត់បានអះអាងថា មានគេយកទៅលក់ឱ្យគាត់ ដោយមិនមែននាំចូលខ្លួនឯងនោះទេ ហើយគាត់ក៏មិនបានស្គាល់អ្នកចែកចាយលក់ឱ្យគាត់នោះដែរ។
លោកកុសល បញ្ជាក់ថា៖«ក្រុមហ៊ុនបានស៊ើបទៅដឹងថា វត្ថុហ្នឹងមិនមែនជារបស់គេ អញ្ជឹងក៏ប្តឹងទៅព្រះរាជអាជ្ញា។ យើងបានសាកសួរគាត់។គាត់ក៏មិនបានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់អ្នកយកមកលក់ឱ្យគាត់ហ្នឹងទេ...បើយើងគិតទៅ គាត់ដូចជាជនរងគ្រោះដែរទេ ព្រោះគាត់អត់ដឹង។ អញ្ជឹងក៏មិនមានការផាកពិន័យ ឬក៏ឃាត់ឃាំងគាត់ដែរ ហើយក្រុមហ៊ុនប្តឹងរកប្រភពអ្នកយកមកលក់»។
លោកបន្ថែមថា អ្នកលក់ក៏មិនបានដឹងថា ផលិតផលនេះត្រូវបាននាំចូលពីណាមកនោះទេ ហើយក្រុមហ៊ុន និងតុលាការជាអ្នកបន្តស្រាវជ្រាវរកអ្នក ដែលបានចែកចាយរំលោភលើកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន។
ទាក់ទងនឹងបទល្មើសនេះផងដែរ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលសាច់មានដើមកំណើតពីសត្វ (សាច់បង្កក)ចំនួន២ ៦១១គីឡូក្រាម ទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនាថ្ងៃទី១ ខែវិច្ឆិកានេះ។
ក.ប.បបានឱ្យដឹងថា សាច់បង្កកទាំងនោះ មានដូចជា: សាច់ជ្រូក សរីរាង្គជ្រូក ទាកបង្កក និងស្លាបមាន់ ជាដើម ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព គ្មានអនាម័យ និងខុសច្បាប់។
សាច់បង្កកនេះត្រូវបាន ត្រួតពិនិត្យរកឃើញ និងដកហូតនៅទីតាំងស្តុកទុក លក់ ចែកចាយ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្តោះអាសន្ន សម្រាប់រយៈពេល៦ខែបន្តទៀត គិតចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ចំពោះការនាំចូលនូវគ្រឿងក្នុង និងបំណែកសាច់សត្វជ្រូកបង្កក។
ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលនេះ ត្រូវបានលើកលែងចំពោះការនាំចូលរបស់គម្រោង វិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញ៕