កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​មាន​មនុស្ស​ចាស់​ច្រើន​ មុន​ពេល​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដែល​ទាមទារ​ឲ្យ​មាន​គោលនយោបាយ​ច្បាស់​លាស់​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពួក​គាត់ និង​បញ្ហា​សង្គម​ពាក់​ព័ន្ធ។

អង្គការ​មនុស្ស​ចាស់​កម្ពុជា (HelpAge Cambodia) និង​បណ្ដាញ​មនុស្ស​វ័យ​ចាស់​កម្ពុជា បាន​រៀបចំ​​វេទិកា​មនុស្ស​វ័យ​ចាស់​ថ្នាក់​ជាតិ ​លើក​ទី៤ កាល​ពី​ថ្ងៃទី៦ ខែវិច្ឆិកា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ និង​កិច្ច​ការងារ​របស់​សមាគម​មនុស្ស​ចាស់​នៅ​ទូទាំង​ប្រទេស ដែល​មាន​មនុស្ស​មាន​វ័យ​ចំណាស់ ២៤៧​នាក់ ចូលរួម​ តំណាង​ឲ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា។

វេទិកា​នេះ​ក៏​រៀបចំ​ឡើង​ដើម្បី​បាន​ស្វែង​យល់​និង​ពិភាក្សា​លើ​វឌ្ឍនភាព និង​ទស្សនវិស័យ​របស់​ក្រសួង និង​ស្ថាប័ន​សំខាន់ៗ ដែល​ផ្តោត​ទៅ​លើ​វិស័យ​មនុស្ស​វ័យ​ចាស់​នៅ​កម្ពុជា​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អាទិភាព​សំខាន់ៗ​របស់​ពួក​គាត់។

យោង​តាម​របាយការណ៍​ជំរឿន​ឆ្នាំ​២០១៩ កម្ពុជា​មាន​ប្រជាជន​វ័យ​ចាស់​ប្រមាណ​ជាង ១,៣លាន​នាក់ ឬ​ស្នើ​នឹង ៨.៩ភាគរយ​ ហើយ​ចំនួន​នេះ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ដល់ ១,៩លាន​នាក់ ឬ​ស្នើ​នឹង ១១ភាគរយ​នៅ​ឆ្នាំ​២០៣០។ ចំនួន​មនុស្ស​ចាស់​នឹង​កើន​ឡើង​រហូត​ដល់​ប្រមាណ​ជាង ៥​លាន​នាក់​ឬ​ស្នើ​នឹង​២៣​ភាគរយ​នៅ​ឆ្នាំ​២០៥០។

ជា​ទូទៅ ប្រទេស​មួយ​ត្រូវ​បាន​កំណត់​ថា​ជា​ប្រទេស​មាន​ប្រជាជន​វ័យ​ចាស់​ នៅ​ពេល​ចំនួន​មនុស្ស​មាន​អាយុ​ចាប់​ពី​ ៦០​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ចាប់​ពី​២០​ភាគរយ​នៃ​ប្រជាជន​សរុប។

បើ​តាម​ទិន្នន័យ​របស់​អង្គការ​ UNESCAP បង្ហាញ​ថា ឆ្នាំ​២០២៤ នេះ​កម្ពុជា​មាន​មនុស្ស​ចាស់​កើន​ដល់ ១.៥​សែន​នាក់​ គឺ ១០ ភាគរយ ​នៃ​ប្រជាជន​បច្ចុប្បន្ន។

លោក ទុំ វីរ៉ា នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា ​បាន​លើក​ឡើង​ថា ​កម្ពុជា​មាន​និន្នាការ​នៃ​ការ​កើន​ឡើង​នៃ​ប្រជាជន​វ័យ​ចាស់​ដូច​ប្រទេស​នៅ​ក្នុង​តំបន់ និង​សាកលលោក​នេះ​ដែរ។

អង្គការ​មនុស្ស​ចាស់​កម្ពុជា​ថ្លែង​ថា៖ «កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យចាស់​ច្រើន ឬ Aged Society​ មុន​នឹង​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​អ្នក​មាន ដែល​ចាំ​បាច់​ត្រូវ​មាន​​គោល​នយោបាយ កម្មវិធី​គាំពារ​ ​និង​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ប្រជាជន​វ័យចាស់​ ក៏​ដូចជា​សម្រាប់​យុវជន​ និង​ប្រជាជន​ដែល​នឹង​ឈាន​ចូល​វ័យចាស់»។

យោង​​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ UNDESA ចំនួន​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ មាន​ប្រមាណ ១​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩។ចំនួន​នេះ​នឹង​កើន​ឡើង​ដល់​ប្រមាណ ១.៤ ពាន់​លាន​នាក់​នៅ​ឆ្នាំ ​២០៣០ និង​កើន​ឡើង​រហូត​ដល់​ទៅ ២.១ ពាន់​លាន​នៅ​ឆ្នាំ ២០៥០។

អង្គការ​មនុស្ស​ចាស់​កម្ពុជា​ បាន​ថ្លែង​ថា៖ «នៅ​កម្ពុជា អត្រា​កំណើន​ប្រជាជន​វ័យ​ចាស់ និង​អត្រា​ថយ​ចុះ​នៃ​ប្រជាជន​វ័យ​ក្មេង ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ច្រើន​ទៅ​ដល់​ប្រព័ន្ធ​គាំពារ​សង្គម រួម​ទាំង​ប្រព័ន្ធ​សន្តិសុខ​សង្គម និង​ប្រព័ន្ធ​ជំនួយ​សង្គម ដែល​នឹង​នាំ​ឲ្យ​​មាន​ផលវិបាក ព្រម​ទាំង​ឱនភាព​ផ្នែក​សេដ្ឋកិច្ច ជាមួយ​នឹង​ការ​ថយ​ចុះ​នូវ​ផលិតភាព ឬ​ពលកម្ម​ការងារ និង​ចំណូល ខណៈ​ដែល​ការ​ចំណាយ​កាន់​តែ​កើន​ឡើង ថែម​ទាំង​អាច​ដាក់​បន្ទុក​កាន់​តែ​ធ្ងន់​ទៅ​លើ​សង្គម និង​គ្រួសារ»។

ក្រុម​អ្នក​ចូលរួម​ក្នុង​វេទិកា​ធ្លាប់​បាន​លើក​សំណើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្តល់​ប្រាក់​ឧត្ថម​ដល់​មនុស្ស​វ័យចាស់​គ្រប់ៗ​គ្នា,​ ផ្តល់​សេវា​សុខភាព​ដោយ​ឥត​គិត​ថ្លៃ,​  ផ្តល់​ប័ណ្ណសមធម៌​សម្រាប់​គ្រប់​មនុស្ស​វ័យ​ចាស់​ទូទៅ, ផ្តល់​ដើមទុន ​ឬ​កម្មវិធី​មុខ​របរ​សម្រាប់​មនុស្ស​ចាស់ និង​រៀប​ចំ​ឲ្យ​មាន​កម្មវិធី​ថែទាំ​មនុស្ស​ចាស់៕