​ភ្នំពេញ៖ ការជក់បារី​នៅ​​កម្ពុជា​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​សតវត្សរ៍​កន្លងមកនេះ ដោយបាន​វិ​វត្ត​ពី​និមិត្តរូប​នៃ​ឋានៈ​សង្គម​ទៅជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏ធ្ងន់ធ្ងរ​​មួយ​។​

កាល​ពី​មុន​របប​ខ្មែរក្រហម រហូតមកដល់​បច្ចុប្បន្ន ពី​មួយ​ជំនាន់​ទៅ​មួយជំនួន​តែងតែ​មាន​​​ការផ្លាស់ប្តូរ​ទំនៀម​ទម្លាប់ ការយល់ឃើញ​ក្នុងសង្គម និង​ការអន្តរាគមន៍​របស់​រដ្ឋាភិបាល លើ​បញ្ហា​នៃ​​ការជក់បារី​​។​

​អំឡុង​ទ​ស្សវត​ឆ្នាំ​១៩៦០ អ្នក​ជក់បារី​នៅ​កម្ពុជា ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​ក្នុង​វិស័យ​ជំនួញ បង្កើត​ជំនឿ​ចិត្ត និង​ទទួលភ្ញៀវ​ក្នុង​កម្មវិធី​ផ្សេងៗ ដូចជា ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​បុណ្យសព​ជាដើម​​។

ការជក់បារី ក៏បាន​បង្ហាញ​ពី​ឋានៈ តួនាទី តាមរយៈ​ផា្ល​ក​សញ្ញា ឬ​ម៉ាក​យីហោ ដែល​បង្ហាញ​ដឹងថា អ្នក​ជក់បារី​ជា​អ្នកមាន​មុខមាត់ ជា​អភិជន និង​ជា​អ្នក​តួនាទី​សំខាន់​​។  

ការ​កាន់​កាប់​អំណាច​របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៥ បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទាំង​មូល​ទៅជា​គុក​ឥត​ជញ្ជាំង​ ហើយ​មួយ​ផ្នែក​តូច​នៃការ​របប​ខ្មៅ​ងងឹត ក៏​បាន​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​នៃការ​ជក់​បារី​ផង​ដែរ។

សេដ្ឋកិច្ច​របស់​របប​នេះ​បាន​ជំនួស​ក្រដាសប្រាក់​បែប​ប្រពៃណី​ដោយ​វត្ថុផ្សេងៗ ​ដូចជា ​អង្ករ និង​មាស ដែល​ធ្វើ​ឱ្យ​​ទីផ្សារងងឹត​ក្លាយជា​ទីផ្សារ​សំខាន់​សម្រាប់​ពលរដ្ឋ​។​

យោងតាម​សារព័ត៌មាន DC-Cam បានឱ្យ​​ដឹងថា ជក់​បានក្លាយ​ជា​ទំនិញ​ដ៏​មានតម្លៃ ដោយ​ក្នុងនោះ ២០០​ក្រាមនៃ​ថ្នាក់​ជក់​​អាច​ផ្លាស់ប្តូរ​បាន​សម្រាប់​អង្ករ​ប្រាំ​កំប៉ុង ដែល​បង្ហាញ​ពី​អត្រា​ប្រេ​វ៉ាឡង់​នៃ​ការជក់បារី​ក្នុងចំណោម​កម្មាភិបាល និង​ជន​ស៊ីវិល​​។​

ឯកសារ (DC-Cam) បានបន្ដ​​ថា​៖ «ខ្មែរក្រហម​ខិតខំ​បង្កើន​ការជក់បារី​ក្នុង​សហករណ៍​ដោយ​ការផ្តល់​បារី ឬ​ថ្នាំជក់ ដល់​ស្ត្រី និង​ក្មេង ដែល​បង្ហាញ​ពី​ការ​ស្មើរ​ភាព​គ្នា​ក្នុង​របប​នោះ ក៏ដូចជា​ការជួយ​បង្កើន​ផលិតផល​បាន​ច្រើនជាង​មុន ដោយឡែក​ប្រជាជន​ថ្មី​ដែល​មិនចេះ​ជក់បារី ខំរៀន​ជក់​រហូត​ទាល់​ចេះ​ជក់ និង​ឈានដល់​ការ​ញៀន​បារី ព្រោះ ការជក់បារី ឬ​ការប្រើប្រាស់​ថ្នាំជក់​ក្នុង​របប​ខ្មែរក្រហម អាចជួយ​ដល់​ការដេញ​មូស​ពេលយប់ បារី​អាច​យកទៅ​ប្តូរ​ជា​អាហារ ជាពិសេស​អាច​សម្រាក​ពី​ការងារ​បន្ថែម​ពី​ពេល​សម្រាក​ដែល​បានកំណត់​»។

លោក​ គឹម វណ្ណា​រ៉ា អាយុ ៦៨​ឆ្នាំ ជា​កូន​ខ្មែរ​កាត់​ចិន មាន​បងប្អូន​៩​នាក់ ស្រី​៤​នាក់ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​រស់នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាមួយ​ឪពុកម្តាយ និង​បងប្អូន​ស្រី​ប្រុស ៦​នាក់ ក្នុង​អាយុ ១៩​ឆ្នាំ​។

លោកបាន​និយាយថា៖ «​ខ្ញុំ​ចាប់ផ្តើម​ជក់បារី​ក្នុង​របប​ខ្មែរក្រហម ដោយ​មូល​ហេតុថា អ្នក​ជក់បារី​អាច​សម្រាក​ជក់បារី​ដោយ​មិនមាន​ពេលវេលា​កំណត់​ជក់​លាក់​ឡើយ​។ ចាប់ពីពេលនោះ​មក ​ខ្ញុំ​ចាប់ផ្តើម​ញៀន​បារី​រហូតដល់​ឆ្នាំ​២០១៥»​។

លោក​បាន​បន្ដ​ថា ការ​ជក់បារី ជួយ​ឱ្យ​​លោក​​មិនសូវ​ឃ្លាន មាន​កម្លាំង​ធ្វើការ​បាន​ច្រើន និង​មិន​ងងុយគេង ហើយ​ប្រជាជន​មូលដ្ឋាន​មាន​ទំនុកចិត្ត​មកលើ​លោក​​ជាង​មុន និង​មានការ​ប្រស្រ័យ​ទាក់ទង​ល្អ​។

ក្នុងឆ្នាំ២០២៣ ថ្នាំជក់បានក្លាយជាវិបត្ដិសុខភាពសាធារណ: ដែលបានសម្លាប់មនុស្ស ១៦០០០នាក់ក្និងមួយឆ្នាំ។ រូបថត សហការី

ក្នុងដំណើរជួបសំណេះសំណាលជាមួយកម្មករក្នុង​ខេត្ដ​កំពង់ឆ្នាំង កាលពី​ថ្ងៃ៨ ខែមិថុនា ឆ្នាំ​២០២៣ លោក​ ហ៊ុន សែន ក្នុង​តំណែង​ជា​នាយករដ្ឋមន្ដ្រី​ បាន​ថ្លែងថា​ លោក​ធ្លាប់​ជា​អ្នក​ញៀន​បារី​ខ្លាំង​ម្នាក់ ដោយ​ចាប់ផ្ដើម​ជក់​ដំបូង​អំឡុង​សម័យ​សង្គ្រាម​ខ្មែរ​ក្រហម​។

លោក​បានថ្លែង​ទៅកាន់​កម្មករ​ថា​៖ «ខ្ញុំពីដើមបើកុំមានសង្គ្រាម ក៏អត់ចេះជក់បារីដែរ តែដល់មានសង្គ្រាម ជក់ដំបូងជក់ត្រឹមដេញមូស ជក់យូរៗទៅឆ្ងាញ់ ដល់ផុតពីឆ្ងាញជក់ដើម្បីគិត។ បើកាលណាចាប់ប៊ិកសរសេរ អត់មានបារីទេគឺសរសេរលុបៗ។ បើដៃម្ខាងកាន់បារី ដៃម្ខាងកាន់ប៊ិក គឺថាសរសេរលឿន អ្នកវ៉ៃ [អង្គលីលេខ ឬកុំព្យូទ័រ​] មិនទាន់ផង»​។​

ក្រោយពីដួលរលំនៃ​របប​ខ្មែរ​ក្រហម ប្រជាពលរដ្ឋ​ខ្មែរ​នៅបន្ដ​ទំនៀម​ទម្លាប់​ជូន​បារី​ដល់​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ភរិយា​អុច​បារី​ជូន​ស្វាម៉ី និង​ពិធី​សែនព្រេនជាដើម។

ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​ចាប់ផ្ដើម​បដិសន្ធិ មាន​ការបញ្ចេញ​មតិ​លើបណ្ដាញសង្គម​ហ្វេសប៊ុក​ស្ដីពី​រូបភាព​ភរិយា​អុច​បារី​ជូន​ស្វាមី​ក្នុងពិធី​អាពាហ៍​ពិពាហ៍​ដើមទសវត្សរ៍​ឆ្នាំ​១៩៩០​ ទៅតាម​ទស្សនៈ​រៀងៗខ្លួន។​

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​បាន​សរសេរ​ថា​៖ «​ជំនាន់ចាស់បុរាណ គេឱ្យ​កូនក្រមុំអុជបារីជូនកូនកំលោះដើម្បី​ជា​និមិត្ដរូប​នៃ​គោរព​ប្រណិបតន៍​ប្ដីទុកដូចឪពុក ហើយ​ប្រពន្ធទុកដូចម្ដាយ ដោយ​គោរពគ្នាទៅវិញទៅមក។ ​មានបារីម្លូស្លាចាស់ជំនាន់ដើមត្រូវមានដាក់តាមជើងពានសម្រាប់​គោរពប្ដី ពី​ព្រោះជា​ស្រី្តគ្រប់ល័ក្ខដោយប្ដីចេញធ្វើ​ជំនួញ ប្រពន្ធនៅផ្ទះមើលកាខុសត្រូវ។ វា​មិនដូចសព្វ​ថ្ងៃទេ ប្ដីខ្លះគិត​តែផឹក ប្រពន្ធរកស៊ី​ចិញ្ចឹម ដែល​ខុសពី​សម័យ​ចាស់​បុរាណ​»។

អ្នក​លេង​ហ្វេសប៊ុកខ្លះសរសេរ​ថា​៖ «​ពីមុនមកឥឡូវខុសគ្នាឆ្ងាយណាស់! មើលទៅគួរឱ្យ​អាណិតមនុស្សស្រីខ្លាំងណាស់។ គ្មាន​ន័យ​សោះ​អុច​បារីឱ្យ​ប្ដីមើលទៅមិនសមសោះ»។

អ្នកខ្លះ​ទៀត​បន្ដថា​៖ «​ជំនាន់​នោះ​ មនុស្សយើងមិនដឹងថា បារីជក់ទៅខូចសុខភាព។ ម្លោះហើយចាស់ៗគាត់បង្រៀន​​កូនក្រមុំអុចបារីឱ្យ​កូនកំលោះ​ចេះជក់បារី»។

លោក ហ៊ុន សែន បាន​សារភាព​ថា លោក​ចំណាយ​ពេល​ ១៦ឆ្នាំ និង​បាន​ព្យាបាល​រហូតដល់ ៦ដង​ក្នុង​ផ្ដាច់​ការ​ញៀន​បារី​នេះ​ គឺនៅ​ឆ្នាំ​២០១៦ ដែល​លោក​បាន​សម្រេច​អនុម័ត «​អនុក្រឹត្យ​ស្តីពី​វិធាន​ការហាម​ការជក់​ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​»​ ដែលមាន​៧​ជំពូក និង​១៧​មាត្រា​​​។ អនុក្រឹត្យ​ដែល​ដាក់​កំហិត​ការជក់​ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ ក៏​កំណត់​ការផាកពិន័យ​ពី​២​ម៉ឺន​ដល់​៥​ម៉ឺ​រៀល​សម្រាប់​​អ្នក​ល្មើស​។​

បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ និង​ការយល់ដឹងរបស់យុវជន​

ផលវិបាក​នៃ​វប្បធម៌​ជក់បារី​ដែល​ចាក់ឫស​យ៉ាងជ្រៅ​របស់​ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​គួរ​ឱ្យ​កត់​សម្គាល់​​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

លោក ឈាង រ៉ា ទទូចឱ្យរឹតបន្ដឹងបទបញ្ញត្ដិលើផលិតផលថ្នាំជក់ ជាពិសេស បារីអេឡិចត្រូនិច និងប្រភេទផ្សែងចំហាយទឹក ដែលមានការទាក់ទាញយុវជនចំពោះរសជាតិរបស់វា។ រូបថត ភ្នំពេញប៉ុស្ដិ៍

សហភាព​អន្តរជាតិ ប្រឆាំងនឹង​ជំងឺរបេង និង​ជំងឺ​សួត បាន​រាយការណ៍​នៅ​ឆ្នាំ ២០២៣​ ថា ការប្រើប្រាស់​ថ្នាំជក់​បានក្លាយ​ជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់​ជាង ១៦០០០ នាក់​ក្នុង​មួយឆ្នាំ​។​

ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​គឺ​ធ្ងន់ធ្ងរ​ដូចគ្នា ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប៉ាន់ប្រមាណ​តម្លៃ​ថែទាំ​សុខភាព​ប្រចាំឆ្នាំ និង​បាត់បង់​ផលិតភាព​ដោយសារតែ​ការជក់បារី​ជាង ២២៧ លាន​ដុល្លារ​។​

​ការ​ស្ទាបស្ទង់​មតិ​ជាតិ​សម្រាប់​មនុស្សពេញវ័យ​ថ្នាំជក់ (NATS) ឆ្នាំ​២៩២១​ បានបង្ហាញ​ពី​ការថយចុះ ២១,៤ភាគរយ​នៃ​ការជក់បារី​ក្នុងចំណោម​បុរស​រវាង​ឆ្នាំ ២០១៤​ និង ២០២១​ ជាមួយនឹង​ការថយចុះ​ស្រដៀង​គ្នា​ក្នុងចំណោម​ស្ត្រី​។​

ទោះជា​យ៉ាងណាក៏ដោយ ការប៉ះពាល់​នឹង​ផ្សែង​ថ្នាំជក់​នៅតែ​រីក​រាលដាល ជាពិសេស​ក្នុងសេវាកម្ម​​ដឹកជញ្ជូន​សាធារណៈ ដែល​អត្រា​បាន​កើនឡើង​ពី ៣៣,៦​ភាគរយ​ក្នុង​ឆ្នាំ ២០១៤​ ដល់ ៦២,០៣​ភាគរយ​​ក្នុង​ឆ្នាំ ២០២១​​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺមិនឆ្លង (NCD) នៅក្នុង​សុន្ទរកថានៃការ​​ប្រារឰ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ឆ្នាំ​២០២៤​នេះ​​។​

លោក ឈាង រ៉ា បាន​គូសបញ្ជាក់ថា៖ «​ផលិតផល​ថ្នាំជក់​គឺជា​កត្តា​ហានិភ័យ​ដ៏​សំខាន់​សម្រាប់​ជំងឺមិនឆ្លង​ដូចជា មហារីក ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​សួត ដែល​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ ៨ លាន​នាក់​ក្នុង​មួយឆ្នាំៗ​នៅ​ទូទាំង​ពិភពលោក ទន្ទឹមនឹង​ការធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​ផងដែរ​»។​

​លោក​ក៏បាន​ចង្អុល​បង្ហាញថា ឧស្សាហកម្ម​ថ្នាំជក់​បាន​បង្កើត​ផលិតផល​ថ្មីៗ ​ដូចជា បារី​អេ​ឡិច​ត្រូ​និ​ច ផលិតផល​ថ្នាំជក់​កំដៅ (HTPs) និង shisha ដែលមាន​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា និង​ជាង ១៥០០០​ រសជាតិ ដើម្បី​ទាក់ទាញ​យុវជន និង​កុមារ​។​

នៅពេលដែល​ការយល់ដឹង​ជា​សាធារណៈ​កាន់តែ​រីកចម្រើន ទំនៀមទម្លាប់​ប្រពៃណី​ទាក់ទង​នឹង​បារី​ត្រូវបាន​មើលឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​កាន់តែខ្លាំង​​​។​

ពិធីមង្គលការ​ខ្មែរ​ដែល​ធ្លាប់​ល្បី​ថា ​ផ្តល់​បារី​ដល់​ភ្ញៀវ​ជា​សញ្ញា​នៃ​ការគោរព​នោះ​មានការ​ផ្លាស់ប្តូរ​។​ ​គ្រួសារ​ជាច្រើន​នៅ​តំបន់​ទីក្រុង​ឥឡូវនេះ​ផ្តល់​ជម្រើស ​ដូចជា ​បង្អែម ឬ​អំណោយ​តូចៗ ដោយ​ស្របតាម​តម្លៃ​ដែល​គិតដល់​សុខភាព​នាពេល​បច្ចុប្បន្ន​។​

ទោះជា​យ៉ាងណាក៏ដោយ តំបន់​ជនបទ​នៅតែ​រក្សា​ទំនៀមទម្លាប់​​ទាំងនេះ​មួយចំនួន ដែល​បារី រួមជាមួយ​នឹង​ស្លឹក​ម្លូរ និងស្លា​មាន​សារសំខាន់​ក្នុង​ពិធី​សែនព្រេន​​។

ចលនា​បញ្ឈប់ការជក់

កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​បានរួម​ចំណែក​កាត់បន្ថយ​អត្រា​ជក់បារី​។ សេវា​ឈប់​ជក់បារី​របស់​ក្រសួងសុខាភិបាល ដែល​មាននៅ​មណ្ឌល​សុខភាព​ទូទាំងប្រទេស កំពុង​ជំរុញ​អ្នកប្រើប្រាស់​ថ្នាំជក់ឱ្យ​ឈប់​ជក់​។​ ​អាជ្ញាធរ​មូលដ្ឋាន រួមទាំង​មេភូមិ បាន​ចូលរួម​ណែនាំ​អ្នកប្រើប្រាស់​ថ្នាំជក់​ឆ្ពោះទៅរក​សេវា​ទាំងនេះ​។​

លើសពីនេះ វេទិកា​សុខភាព​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ខេត្តកំពត បានបង្ហាញ​ឱ្យឃើញថា បញ្ហា​សុខភាព​ទាក់ទង​នឹង​ការជក់បារី ដូចជា ​ជំងឺលើសឈាម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺភ្នែកឡើងបាយ គឺជា​រឿង​លេចធ្លោ​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។​

ទិន្នន័យ​របស់ NATS ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​អាកប្បកិរិយា ដោយ​ប្រជាជន​កម្ពុជា ៩៥ភាគរយ​ គាំទ្រ​ការយកពន្ធ​បារី​ខ្ពស់ជាង​មុន និង​ជិត ៩៦ភាគរយ​ តស៊ូ​មតិ​សម្រាប់​ការដំឡើងថ្លៃ​លើ​ផលិតផល​ថ្នាំជក់​។​

បញ្ហា​ប្រឈម​ខាងមុខ​៖ យុវជន និង​ផលិតផល​ថ្នាំជក់​ថ្មី​​

ទោះបីជា​មានការ​រីកចម្រើន​ក៏ដោយ ឥទ្ធិពល​នៃ​ផលិតផល​ថ្នាំជក់​ទំនើប​ ដូចជា បារី​អេ​ឡិច​ត្រូ​និ​ច និង​ថ្នាំជក់​រសជាតិ​នៅតែ​ជា​កង្វល់​ដ៏​ចម្បង​មួយ​។​

យុវជន​កម្ពុជា​ជាច្រើន​​បាន​​​ចាប់អារម្មណ៍​ទៅលើ​ផលិតផល​ទាំងនេះ ដោយ​ជឿថា ​វា​ជា​ជម្រើស​ដែលមាន​សុវត្ថិភាព​ជាង​។​

លោក ឈាង រ៉ា បាន​អំពាវនាវ​ឱ្យមាន​ការត្រួតពិនិត្យ និង​បទ​ប្បញ្ញត្តិ​ផលិតផល​ថ្នាំជក់​ឱ្យ​កាន់តែ​ហ្មត់ចត់​ ជាពិសេស​ទាក់ទង​នឹង​ទម្រង់​ថ្មី​ ដូចជា បារី​អេ​ឡិច​ត្រូ​និ​ច និង​ផលិតផល​ថ្នាំជក់​កំដៅ ដែល​កំណត់​គោលដៅ​យុវជន​តាមរយៈ​រសជាតិ​ទាក់ទាញ និង​ការផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

លោករដ្ឋមន្ដ្រីបានថ្លែងថា​៖ «​ជាដំបូង យើង​ត្រូវ​ទប់ស្កាត់​ការផ្សាយពាណិជ្ជកម្ម និង​ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ និង​បារី​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់​។ ទី​២ ការហាម​ជក់បារី​នៅ​ទីសាធារណៈ​ត្រូវតែ​អនុវត្ត​។ ទី​៣ យើង​ត្រូវ​រឹតបន្តឹង​ការលក់ ការចែក​ចាយ និង​ការប្រើ​បារី​អេឡិចត្រូនិក​»​។​

លោក​បាន​ជំរុញ​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន​កុំ​សាកល្បង​ផលិតផល​ថ្នាំជក់ ឬ​បារី​អេឡិចត្រូនិក​ក្នុង​គ្រប់​រូបភាព»៕