អង្ករក្រអូបកម្ពុជា ត្រូវបានជ្រើសរើសជាអង្ករល្អប្រណីតផ្តាច់គេលើពិភពលោក(World Best Rice)នៅក្នុងកម្មវិធី«សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៤» ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
នេះជាលើកទី៦ ហើយដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់លំដាប់កំពូលពិភពលោក។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៧ ខែវិច្ឆិកាថា ការឈ្នះពានរង្វាន់អង្ករល្អផ្ដាច់គេរបស់កម្ពុជា គឺជាកិត្តិយសមួយសម្រាប់ប្រទេសជាតិ និងវិស័យស្រូវអង្ករកម្ពុជាទាំងមូល។
ភាពជោគជ័យទាំងអស់នេះ គឺកើតចេញពីកិច្ចខិតខំ និងសហការគ្នាបានយ៉ាងល្អពីអ្នកពាក់ព័ន្ធទាំងអស់ ដោយរាប់ចាប់តាំងពីការជ្រើសរើសពូជ ការថែទាំ ការសម្រិតសម្រាំងរបស់រោងម៉ាស៊ីន ដែលជួយឱ្យអង្ករកម្ពុជាត្រូវបានគេទទួលស្គាល់ពីគុណភាព និងរសជាតិកម្រិតអន្តរជាតិ។
លោកបន្ថែមថា ជាមួយគ្នានេះសហ័ពន្ធស្រូវអង្ករកម្ពុជា ក៏សូមអបអរសាទរដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវ ដែលបានខិតខំសម្រិតសម្រាំង និងកិនកែច្នៃអង្ករបានយ៉ាងល្អ។
លោកបានថ្លែងថា៖«ការឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោកនាពេលនេះ គឺជាមោទនភាពថ្មីបន្ថែមទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដែលលទ្ធផលនេះនឹងជួយឱ្យការធ្វើទីផ្សារកាន់តែមានភាពងាយស្រួល ព្រោះយើងស្រួលពន្យល់ទៅប្រាប់គេ(អតិថិជន)»។
បើតាម CRF អង្ករម៉ាក «ម្លិះអង្គរ» គឺជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់អង្ករក្រអូបប្រណីតកម្ពុជា។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា សូមអបអរសាទរអង្ករប្រណីតរបស់ខ្មែរ ដែលជាប់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
នេះជាលើកទី ៦ ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក ដោយលើកទី ១ ទទួលបាននៅឆ្នាំ២០១២, លើកទី ២ នៅឆ្នាំ ២០១៣, លើកទី ៣ នៅឆ្នាំ២០១៤, លើកទី ៤ នៅឆ្នាំ២០១៨, លើកទី ៥ នៅឆ្នាំ២០២២, និងលើកទី ៦ នៅឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក»។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបចេញផ្សាយក្នុងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន ទៅកាន់ ៦៦ គោលដៅ តាមរយៈក្រុមហ៊ុននាំចេញចំនួន ៥៥។ ទឹកប្រាក់ដែលទទួលបានពីការនាំចេញអង្ករ គឺមានប្រមាណ ៣៧៦,៦៣ លានដុល្លារ។
ក្រៅពីនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ក្នុងបរិមាណ ៤ ០៣៦ ៣៣៦ តោន និងប្រមូលបានប្រាក់ ១ ១៨៥,១៦លានដុល្លារផងដែរ៕