មណ្ឌលគិរីៈ ទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ប្រមាណជា ១០០កន្លែង ស្ថិតនៅតំបន់មេសំ ភូមិពូទុងឃុំចុងផ្លាស់ ស្រុក​កែវសីមា ត្រូវបានកម្លាំងចម្រុះធ្វើការបង្រ្កាប ដើម្បីលុបបំបាត់សកម្មភាពអនាធិបតេយ្យ ដែលរួមទាំង​មានការ​ប្រើ​ប្រាស់សារធាតុគីមី និងគ្រឿងផ្ទុះផងដែរ។

ការបង្រ្កាបនេះត្រូវបានធ្វើឡើងដោយកម្លាំងចម្រុះជាង ៥០រូប ដែលរួមមាន ក្រុមការងាររដ្ឋបាលខេត្ត ដឹក​នាំដោ​យ​លោកឈិត សុផល នាយក​រ​ងរ​ដ្ឋបាល​សាលាខេត្ត ព្រះរា​ជ​អា​ជ្ញាអមសាលាដំបូងខេត្ត ក្រសួងរ៉ែ និងថាមពល អង្គភាព​ប្រឆាំង​អំពើពុករលួយ កងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ ក​ម្លាំង​ច​ម្រុះ​ក៏មា​នប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីវាយកំទេច កាយលុបរណ្តៅ​រ៉ែអា​ណាធិ​បតេ​យ្យ និង​រុះរើ​រោ​ង​ផ​ង​ដែរ។

លោកឈិត សុផលបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍នារសៀលថ្ងៃព្រហស្បតិ៍នេះថា៖ «កម្លាំងបានចុះប្រតិបត្តិការ បង្រ្កាប​នេះធ្វើតាំងពីថ្ងៃទី៣ [ខែវិច្ឆិកា] មកម៉្លេះ ហើយ​បាន​សម្រេច ៩៨ភាគរយហើយ។ នៅ២ម៉ោងទៀតចប់ហើយ។ ទីតាំងទាំង​អស់មិន​ទាប​ជាង ១០០ទេ គឺ​ប្រហាក់​ប្រហែល ​១០០​ប៉ុណ្ណឹង​»។

លោកបន្តថា ក្នុងជំហានដំបូងនេះ អាជ្ញាធរមិនមានការចាប់ឃាត់ខ្លួនអ្នកធ្វើសកម្មភាពអាណាធិបតេយ្យទាំងនោះទេ គឺគ្រាន់តែបោសសំអាត ដើម្បីរៀបចំសណ្តាប់ធ្លាប់ និងបរិស្ថានឡើងវិញ។

លោកមានប្រសាសន៍ដូច្នេះថា៖«គោលការណ៍របស់យើង មិនធ្វើអ្វីឈានដល់ការចាប់ចងនោះទេ។ យើងគ្រាន់តែចង់​សំអាតសកម្មភាពអាណាធិបតេយ្យនេះ ព្រោះមានការប្រើប្រាស់សារធាតុអីហ្នឹង វាប៉ះពាល់បរិស្ថាន។ យើងចង់​សំអាត​ទីតាំងហ្នឹង ហើយស្តារបរិស្ថានឡើងវិញ។ រឿងការដាក់ទោសទណ្ឌ យើងមិនទាន់មានគោលការណ៍ទេ»។

លោកបន្ថែមថា ពលរដ្ឋដែលប្រព្រឹត្តសកម្មភាពទាំងនោះមានចម្រុះ ទាំងអ្នកមូលដ្ឋាន និងអ្នកចំណាកស្រុក ហើយ​ពេល​ដែល​កម្លាំងចុះទៅនោះមិនបានឃើញពួកគាត់ទេ។ ពួកគេបានគេចខ្លួនអស់ ព្រោះមាន​ការខ្លាច​នឹង​ម្លាំង​អា​ជ្ញាធរ។ ទោះយ៉ាងណា កម្លាំងចម្រុះមិនបានបង្កការប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពួកគាត់នោះទេ គឺធ្វើការបោស​សម្អាត​តែទីតាំងអាណាធិបតេយ្យតែប៉ុណ្ណោះ។

នៅមុនពេលចុះប្រតិបត្តិការបង្រ្កាបនេះ កិច្ចប្រជុំមួយត្រូវបានធ្វើឡើង នាថ្ងៃទី១ ខែវិច្ឆិកានេះ។ ដោយយោងទៅ​តាម​ស្មា​រតីនៃកិច្ចប្រជុំនេះ រដ្ឋបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី៤ វិច្ឆិកាបានជូនដំណឹងដល់ពលរដ្ឋថា ក្រុមការងារចម្រុះ ចុះ​អនុវត្ត វិធានការច្បាប់ជាធរមាន ដោយគ្មានការលើកលែង ចំពោះប្រជាពលរដ្ឋ ដែលបាន និងកំពុងពាក់ ព័ន្ធ​នឹង​ការ​ប្រក​បរបរធ្វើរ៉ែមាសតាមរូបភាពផ្សេងៗ។

ក្នុងនោះមានដូចជា កកាយ ចោះ កាត់បំផ្លាញបេតុងគំរបរណ្តៅរ៉ែ ជីក កិន រែង ប្រមូលកាកសំណល់ និងរ៉ែ គ្រប់ប្រភេទតាមគ្រប់រូបភាព។

រដ្ឋបាលខេត្តបានណែនាំឱ្យពលរដ្ឋទាំងនោះ បញ្ឈប់គ្រប់សកម្មភាពជាបន្ទាន់ និងធ្វើការ​ រុះ​រើ​ ប្រមូល​សម្ភារៈ​ទាំង​ឡាយ​​ណា ដែលមិនបំរើឱ្យបទល្មើរ៉ែមាស ដោយខ្លួនឯងផ្ទាល់ តាមដែលអាចធ្វើទៅបាន។

រដ្ឋបាលខេត្តបញ្ជាក់ថា៖«ក្នុងករណីមិនព្រមអនុវត្ត ក្រុមការងារនឹងយកឧបករណ៍ កំលាំងចុះរុះរើ សំអាត ដើម្បី​លុប​បំបាត់សកម្មភាពអនាធិបតេយ្យរ៉ែមាស ដែល​បាន​ប្រើ​ប្រាស់​សារធាតុគីមី គ្រឿងសារធាតុផ្ទុះ បង្កគ្រោះថ្នាក់ដល់សុខ​ភាព មនុស្ស សត្វ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុង​ទីតាំងទាំង​នេះ»។

រដ្ឋបាលខេត្តបានលើកឡើងថា ក្រុមការងារមិនអនុគ្រោះ មិនលើកលែង ចំពោះបុគ្គលបាន​ប្រព្រឹត្តប៉ះ​ពាល់លើ​ទី​តាំង​រណ្តៅ ដែលបានចាក់បេតុងបិទគំរប និងទីតាំងហាមឃាត់ផ្សេងៗទៀត ព្រោះវាបានរំលោភបំពានគោលការណ៍ វិធាន និងច្បាប់ ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្តកន្លងមក ដើម្បីកែប្រែតំបន់នេះឱ្យមានបរិស្ថាន ប្រសើរឡើងវិញ៕