ខណៈដែលការបទល្មើសឆបោកតាមអនឡាញ និងល្បែងអនឡាញខុសច្បាប់ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់ថា កម្ពុជាគ្មានគោលការណ៍ណាមួយឲ្យមានមជ្ឈមណ្ឌលឆបោកអនឡាញនោះទេ និងស្នើកិច្ចសហប្រតិបត្តិការនិងជំនួយដើម្បីបង្ក្រាបបទល្មើសសាកលនេះ។
ការបង្ក្រាបបទល្មើសអនឡាញចុងក្រោយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា នៅអគារមួយកន្លែងក្នុងសង្កាត់ស្ទឹងមាន ជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជនល្មើសជនជាតិចិន និងប៉ាគីស្ថានជិត ២០០នាក់ បានលួចលាក់ប្រព្រឹត្តិល្បែងអនឡាញខុសច្បាប់។ នេះបើតាមសារព័ត៌មានកម្ពុជាថ្មី។
សារព័ត៌មានដដែលបានចុះផ្សាយថា ក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះដែលបានប្តឹងថា ខ្លួនត្រូវចាប់បង្ខាំងនៅក្នុងអគារនោះ។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ច បានទៅដល់ទីតាំងឃើញសង្ស័យពាក់ព័ន្ធនឹងបទល្មើស«ល្បែងអនឡាញ» ព្រមទាំងរកឃើញជនសង្ស័យភាគច្រើនជនជាតិចិន និងប៉ាគីស្ថានជិត២០០នាក់។
ជនបរទេសទាំងនេះត្រូវបានឃាត់ខ្លួន និងត្រៀមបណ្ដេញចេញពីកម្ពុជា ខណៈដែលអ្នកជាប់ពាក់ព័ន្ធនឹងការដឹកនាំបទល្មើសនិងម្ចាស់ទីតាំង នឹងត្រូវប្រឈមមុខនីតិវិធីច្បាប់។ នេះបើតាមសារព័ត៌មានដដែល។
នៅថ្ងៃទី៦ ខែវិច្ឆិកាដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងារប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងទិសដៅដើម្បីអនុវត្តបន្ត។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោករដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ប្រាប់មន្ត្រីសមត្ថកិច្ចជាន់ខ្ពស់ដែលចូលរួមប្រជុំថា កម្ពុជាគ្មានគោលការណ៍អនុញ្ញាតឲ្យមានមណ្ឌលហៅទូរស័ព្ទដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទេ។
លោក ទូច សុខៈ ថ្លែងដូច្នេះថា៖ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោកបានបញ្ជាក់ចំពោះមុខតួអង្គពាក់ព័ន្ធដែលរួមមានអភិបាលរាជធានីខេត្តទាំងអស់ ស្នងការរាជធានីខេត្តទាំងអស់ថា កម្ពុជាមិនមានគោលការណ៍បង្កើតឲ្យមានមណ្ឌលហៅចេញខុសច្បាប់ (call centre) នៅលើទឹកដីកម្ពុជាទេ។ យើងមានតែគោលការណ៍ទប់ស្កាត់និងបង្ក្រាប ប៉ុន្តែ នេះជាបទល្មើសអន្តរជាតិដែលកើតឡើងពាសពេញពិភពលោក ហើយកម្ពុជាគឺជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេសរងគ្រោះជាច្រើន»។
លោកបន្តថា៖ «ចំពោះបណ្ដាប្រទេសផ្សេងៗ ប្រសិនបើប្រទេសនោះមានលទ្ធភាព គួរផ្ដល់ជាជំនួយដល់កម្ពុជា ទាំងធនធានមនុស្ស ហិរញ្ញវត្ថុ ឧបករណ៍សម្ភារៈ និងកិច្ចសហការផ្ដល់ព័ត៌មានមកឲ្យកម្ពុជា ឬរដ្ឋផ្សេងៗដើម្បីឈានទៅដល់ការបង្ក្រាប។ ការបង្ក្រាបនៅកម្ពុជានិងនៅប្រទេសផ្សេងៗគឺជាការជួយដល់ប្រទេសទាំងនោះដែលមានប្រជាជនរបស់ខ្លួនជាជនរងគ្រោះ ឬជាជនល្មើស»។
លោក ទូច សុខៈ បញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើសទាំងនេះគឺជាជនបរទេស ហើយពេលខ្លះមេខ្លោងរបស់គេបញ្ជាចេញពីបរទេស។ ចំណែកជនរងគ្រោះវិញ មិនមែនជាជនជាតិកម្ពុជាទេ គឺមកពីប្រទេសផ្សេងៗរួមមានទាំងនៅអឺរ៉ុប និងអាមេរិកផងដែរ។
លោកបន្តថា៖ «ដូច្នេះ សូមប្រទេសនានាកុំយករឿង call centre មកធ្វើជាអាវុធនយោបាយដើម្បីសង្កត់ទៅលើរដ្ឋណាមួយដែលខ្លួនបានយកជាគោលដៅដើម្បីជាថ្នូរនឹងលក្ខខណ្ឌផ្សេងៗដែលខ្លួនចង់បាន»។
លោក ស សុខា បានប្រាប់ឲ្យសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាដែលអាចក្ដាប់បាន។ អភិបាលរាជធានី ខេត្ត ត្រូវត្រួតពិនិត្យមើលថាតើកន្លែងណាខ្លះមានអាគារឬទីតាំងបើកល្បែងអនឡាញខុសច្បាប់ និងសកម្មភាពឆបោកតាមអនឡាញ។ នេះបើតាមលោក ទូច សុខៈ។
កាលពីកន្លងទៅថ្មីៗ លោក ស សុខា ក៏បានបញ្ជាក់ថា មានជនខិលខូច បង្កើតពាក្យចចាមអារ៉ាមថាលោកនៅពីក្រោយ ឬជាអ្នកជួយសម្រួលដល់ការប្រព្រឹត្តបទល្មើសឆបោក និងចាប់ជំរិតតាមអនឡាញ។ លោកបដិសេធពាក្យចចាមអារ៉ាមនេះ និងស្នើសមត្ថកិច្ចចាប់អ្នកប្រឌិតរឿងមកប្រឈមមុខច្បាប់។
កាលពីខែប៉ុន្មានសប្ដាហ៍មុននេះក៏មានការបង្ក្រាបបទល្មើសអនឡាញដែរនៅខេត្តកំពង់ស្ពឺ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រមាណ ១០០០នាក់៕