ភ្នំពេញៈ កូន​ត្រី​ចម្រុះ​ប្រមាណ ១០០​លាន​ក្បាល ត្រូវ​បាន​សង្រ្គោះ​ពី​បទ​ល្មើស​នេសាទ និង​ព្រលែង​​ចូល​​ទៅ​ក្នុង​ទីជម្រក​​​ធម្មជាតិ​វិញ ក្នុង​រយៈពេល ៥​ខែ​​​នៃ​រដូវបិទនេសាទ ដែល​ធ្វើឱ្យ​បរិមាណត្រីចា​ប់​ផ្តើម​កើន​ឡើង​វិញ។ នេះ​បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៧ ខែ​វិច្ឆិ​កា​នេះ។

ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤​នេះ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ដោយមាន ការចូលរួមពីគណៈបញ្ជាការឯកភាពខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេស។

ក្រសួងបញ្ជាក់ថា៖«ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១ ៥០៦ករណី។ ក្នុងនោះ រឹបអូស និងបំផ្លាញចោលវត្ថុតាងបាន ១ ៤១០ករណី បញ្ជូនទៅតុលាការ ៥៦ករណី ជនល្មើស​ជាប់​ពន្ធនាគារ ១៥នាក់ និង ពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០ រៀលគត់»។

វត្ថុតាងបទល្មើសសំខាន់ៗដែលត្រូវបាន រឹបអូស និងបំផ្លាញចោលរួមមាន៖ របាំងស្បៃមុង និងសាច់អួន​ប្រវែងជាង៧៩ម៉ឺនម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩គ្រឿង ក្នុងនោះ តាមរយៈការស្ម័គ្រចិត្តប្រគល់ចំនួន ១៦៥គ្រឿង និងអួនអូសទឹកសាប និងអួនហ៊ុម ១០៦វង់។

ក្រៅពីនោះ កម្លាំងចម្រុះក៏បាន​បង្ក្រាបទី​តាំង​ផ​លិត ចែកចាយឧបករណ៍ឆក់បាន៣កន្លែង និងបានចាក់លែង​កូនត្រីចម្រុះប្រមាណ ១០០លានក្បាល ស្មើ​នឹងជាង ៤០តោន ចូលទៅក្នុងដែនទឹកធម្មជាតិវិញផងដែរ។

សេចក្តីប្រកាសសរសេរថា៖«តាមរយៈសមិទ្ធផលនេះ បរិមាណត្រីក្នុងធម្មជាតិចាប់ផ្តើមកើនឡើង​គួរកត់​សម្គា​ល់។ ទន្ទឹមនេះ សត្វផ្សោត ទន្លេមេគង្គក៏មានការកើនឡើងផងដែរ គឺពី ៩០ក្បាល នៅឆ្នាំ២០២២ ដល់ ១០៤​ក្បាល គិតត្រឹម​ខែតុលា​ឆ្នាំ​២០២៤»។

ក្រសួងបានលើកឡើងថា ការកើនឡើងនូវធនធានជលផលនេះ​ក៏ជាលទ្ធផលនៃការចូលរួមពី​ប្រជានេសាទ​និង​អ្នកពាក់ព័ន្ធនានា ដែលបានសហការ ផ្តល់ព័ត៌មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រម​ទាំង​លែង​​ប្រភេទវារីសត្វកម្រ ត្រីមេពូជចូលទៅក្នុងដែនទឹក ធម្មជាតិវិញ ដើម្បីថែរក្សា​ធនធាន​ជលផលឱ្យ​បាន​គង់​វង្ស។

ក្នុងពេលដែល មន្រ្តីក្រសួងកសិកម្មកំពុងតែដឹកនាំបង្រ្កាបបទល្មើសនោះ អ្នកនាំពាក្យក្រសួងកសិកម្ម លោក​ឃឹម ហ្វីណង់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្រ្កាបបទល្មើសនេសាទបាននឹងកំពុងតែធ្វើឡើងជាប្រចាំ ជា​ពិសេ​សគឺក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

មន្រ្តី និងប្រជានេសាទព្រលែងត្រីរាជមួយក្បាល ទម្ងន់ ២៦គីឡូក្រាមចូលទៅក្នុងជម្រកធម្មជាតិវិញក្នុងខេត្តពោធិ៍សាត់ ក្រោយពីនេសាទបាន។ រូបថតៈ មន្ទីរកសិកម្មខេត្តពោធិ៍សាត់។

លោកមានប្រសាសន៍ថា៖«យើងបានបង្រ្កាបច្រើនមែនទែន ដែលជាលទ្ធផលឃើញថា ទិន្នផលត្រី​ក្នុងបឹង​ទន្លេ​សាបមានការកើនឡើង។ ភាគច្រើនបានមកពីការបង្រ្កាបឧបករណ៍ឆក់ ឧបករណ៍ខុសច្បាប់ ក៏ដូចជា​ការនេ​សាទនៅក្នុងរដូវបិទនេសាទនេះឯង...ការងារនេះយើងបានធ្វើពីរឆ្នាំរួចមកហើយ មិនមែន​ទើប​តែពេ​ល​នេះ​ទេ​។ ជារួមយើងបានលទ្ធផលល្អ ដោយសារតែការរឹតបន្តឹងការនេសាទខុសច្បាប់ហ្នឹង»។

ក្រសួងបានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋបន្តចូលរួមថែរក្សា ការពារ និង​អភិរក្ស​ធន​ធានជ​លផ​ល​ដែល​ជា​សម្បត្តិធម្មជាតិដ៏មានតម្លៃ។ បន្ថែមពីនោះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សហការ​ផ្តល់​ព័ត៌​មាន​ដល់ម​ន្ត្រី​ជលផ​លឱ្យបានទាន់ពេលវេលា នៅពេលប្រទះឃើញបទល្មើសនេសាទ។

ក្រសួងបញ្ជាក់ថា៖«ការថែរក្សា ការពារ និងអភិរក្សធនធានជលផល ធ្វើឡើង​ដើម្បីធានានូវ​និរន្តរភាពធនធាន​ជលផលក្នុងធម្មជាតិ និងនិរន្តរភាពស្បៀងសម្រាប់ប្រជាជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វាក៏រួម​ចំណែក​លើក​​កម្ពស់កិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងការងារអភិរក្សធនធានជលផលដ៏កម្រ ដែល​សឹង​តែបាត់បង់ ឬបានបាត់បង់រួចទៅហើយនៅ ប្រទេសមួយចំនួនលើសកលលោក»។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម នាថ្ងៃទី១ ខែវិច្ឆិកា សប្តាហ៍មុន ក៏បានអំពាវនាវដល់អាជីវករ និង​ប្រ​ជានេ​សាទ ដោយដាយត្រី ​ឱ្យដោះលែង ឬ​ធ្វើ​ចក្តី​រា​យការណ៍ផងដែរ នៅពេលប្រទះឃើញ ប្រ​ភេទ​ត្រី ដែល​កំ​ពុង​រងគ្រោះថ្នាក់ ជិតផុតពូជ ឬប្រភេទត្រីកម្រៗ។

បន្ទាប់ពីមានការអំពាវនាវនេះ បុរសជាប្រជានេសាទម្នាក់ឈ្មោះ ស៊ិន ចាន់សាត រស់នៅឃុំកំពង់លួង ស្រុក​ក្រគរ ខេត្ដពោធិ៍សាត់ បានធ្វើការព្រលែង ត្រីរាជមួយក្បាល ទម្ងន់ ២៦គីឡូក្រាម ដែល​ជា​ប្រភេទ​ត្រី​កម្រ​ជិត​ផុតពូជ ចូលទៅកន្លែងអភិរក្សជលផលកំពង់ប្រាក់វិញ នាថ្ងៃទី៣ ខែវិច្ឆិកានេះ។ នេះបើ​យោង​តាម​មន្ទីរ​ក​សិក​ម្ម​ខេត្តពោធិ៍សាត់៕