ក្រសួងយុត្តិធម៌​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​​ «ប្រតិកម្មរហ័ស​រឿង​យុត្តិធម៌» ដើម្បី​ពន្យល់​ និង​បក​ស្រាយ​ទៅ​លើ​ការ​លើក​ឡើង​នានា​របស់​សាធរណជន និង​ការ​ចុះ​ផ្សាយ​ខុស​ឬ​មិន​គ្រប់​ជ្រុងជ្រោយ​របស់​សារព័តមាន។ ទំព័រ​ហ្វេសប៊ុក​នេះ​មិន​ទទួល​យកពាក្យ​បណ្ដឹង​ឬ​ប្រតិកម្ម​របស់​សាធារណជន​នោះ​ទេ។

សេចក្ដី​ជូនដំណឹង​​របស់​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ បញ្ជាក់​ថា ទំព័រ​ហ្វេសប៊ុក​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ជំរុញ​និង​ពន្លឿន​ការ​ដោះ​ស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ​ និង​យុទ្ធនាការ​ត្រួត​ពិនិត្យ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។

សេចក្ដី​ជូនដំណឹង​សរសេរ​ថា៖ «ប្រតិកម្មរហ័ស​រឿង​យុត្តិធម៌»​ ផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ ឆ្លើយ​តប​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​ ក៏​ដូចជា​ការ​លើក​ឡើង​របស់​សាធារណជន ពាក់​ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌ ក្នុង​គោលដៅ​រួម​ចំណែក​ក្នុង​ការ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ និង​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត»។

លោក សេង ឌីណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទំព័រ​ហ្វេសប៊ុក​នេះ​មិន​បង្ហោះ​ការ​លើក​ឡើង​ ឬ បណ្ដឹង​អំពី​ភាព​អយុត្តិម៌​របស់​សាធារណជន​ទេ ដោយសរ​តែ​ក្រសួង​មាន​​កេឡេក្រាម​ និង​លេខ​ទូរស័ព្ទ​របស់​ក្រុម​ការងារ​ដើម្បី​ទទួល​ពាក្យ​បណ្ដឹង​បែប​នេះ​ហើយ។

លោក​បញ្ជាក់​ថា៖ «ទំព័រ​ហ្វេសប៊ុក ប្រតិកម្មរហ័ស​រឿង​យុត្តិធម៌ គឺជា​ផេក​ដែល​គណៈបញ្ជាការ​បញ្ចេញ​ព័ត៌មាន​ជូន​សាធារណជន ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក៏​ដោយ របស់​សាធារណជន​ក៏​ដោយ​ នៅ​តាម​បណ្ដាញ​សង្គ។ ចំណែក​ការ​ទទួល​ព័ត៌មាន​ និង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ យើង​មាន​លេខទូរស័ព្ទ​របស់​គណៈ​បញ្ជាការ (០៩៩ ៤៤៤​ ១៨១)»។

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ឃើញ​ថា ការ​បង្កើត​ផេក​ហ្វេសប៊ុក​នេះ​ជា​រឿង​ល្អ ដើម្បី​បញ្ជូន​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ និង​ពន្លឿន​លើ​ការ​ដោះ​ស្រាយ​រឿង​ក្ដីនានា​នៅ​តុលាការ និង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ។

យ៉ាងណា​ក៏​ដោយ លោក​យល់ថា ការ​ប្រើពាក្យ​ថា «ប្រតិកម្ម» ដើម្បី​ពន្យល់​ត្រឡប់​ទៅ​លើ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ឬ របស់​សារព័ត៌មាន គួរ​ជំនួស​ដោយ​ពាក្យ​«ការ​ឆ្លើយ​តប» ដែល​អនុលោម​ទៅ​តាម​គោលការណ៍​អភិបាល​កិច្ច​ល្អ។

ទោះ​បី​ជា​លោក​យល់​ថា​ការ​បង្កើត​ផេក​ថ្មី​នេះ​ជា​រឿង​ល្អ​ក៏​ដោយ លោក​ថា​ប្រសិន​បើ​ក្រសួង​មាន​ផេក​តែ​មួយ គឺ​ផេក​របស់​ក្រសួង​យុត្តិធម៌​ផ្ទាល់​ដើម្បី​ទទួល​សំណូមពរ កង្វល់ និង​ឆ្លើយ​តប​តែ​ម្ដង​ នោះ​វា​អាច​នឹង​ជួយ​ដល់​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ។

សម្រាប់​ការ​ទទួល​សំណូមពរ​ឬ​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ លោក ប៉ា ច័ន្ទរឿន លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​មាន​ភាព​សកម្ម​ ដោយ​លោក​លើក​ឡើង​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ប្រជាពលរដ្ឋ​គឺ​ស្ថាប័ន​ជាច្រើន​ដាក់​លេខ​ទូរស័ព្ទ ឬ បណ្ដាញ​ទំនាក់​ទំនង​ផ្សេងៗ ប៉ុន្តែ​មិន​សូវ​មាន​ការ​ឆ្លើយ​តប​ទៅ​លើ​កង្វល់ ឬ​តម្រូវ​ការ​របស់​ពួក​គាត់»៕