ភ្នំពេញៈ ក្រសួងបរិស្ថានបានប្រកាសពីការ ដាក់ពាក្យចូលរួមដេញថ្លៃជាសាធារណៈ នូវការប្រមូលផល អនុផលព្រៃ​ឈើ​ប៉ាន់​ស្មាន ​ដែល​អាច​ប្រមូលបាន ក្នុងអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ​ ក្នុងខេត្តកោះកុង ដែលមានតម្លៃជាមូល​ដ្ឋាន​ជាង១,៤លានដុល្លារអាមេរិក។

គណៈកម្មការដេញថ្លៃប្រមូលផល អនុផលព្រៃឈើ ក្នុងការសម្អាតអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹង តាតៃលើបាន ជូនដំណឹងដល់សាធារណជនថា គណៈកម្មការ នឹងធ្វើការដាក់ដេញថ្លៃជាសាធារណៈ នូវផល អនុផលព្រៃឈើ បានវាយតម្លៃប៉ាន់ស្មានធនធានព្រៃឈើ ដែលអាចប្រមូល ដើម្បីបង់ថ្លៃសួយសារ និង​បុព្វលាភ ចូលថវិកាជាតិ នៃគម្រោងវារីអគ្គិសនីស្ទឹងតាតែលើ។

សេចក្តីជូនដំណឹង ដែលក្រសួងបរិស្ថានបានបង្ហោះនាថ្ងៃទី៧ ខែវិច្ឆិកាបានឱ្យដឹងថា បរិមាណ​ឈើ​ឈរ​ចម្រុះ​សរុបមានជាង៧ ២១៤ម៉ែត្រគុប ដែលមានតម្លៃជាមូលដ្ឋាន៤៤៥ ១៤២ដុល្លារអាមេរិក។

ក្រៅពីនោះកូនឈើ​ចម្រុះចំនួន១៦ ៨០៥ដើម និងអុសសរុបចំនួន ៨ ៦៨៨ស្ទែរ ដែលមានតម្លៃជាមូលដ្ឋានជាង ៣ ៩៧៣លាន​រៀល។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖«រូបវ័ន្តបុគ្គល និងនីតិបុគ្គល អាចចូលរួម​ដេញថ្លៃបាន​ ដោយ​ត្រូវបំពេញ​សំណុំ​បែប​បទ និង​លក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ និង​ករណីអ្នក​មានប្រវត្តិប្រព្រឹត្តបទ​ល្មើស​ព្រៃ​ឈើ និង​ជាប់​ជំពាក់បំណុលរដ្ឋ មិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃទេ»។

ទីកន្លែងស្នើសុំ និងដាក់ពាក្យចូលរួមដេញថ្លៃគឺធ្វើឡើងនៅ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃ​អគ្គ​នាយកដ្ឋានតំបន់ ការពារធម្មជាតិ នៃក្រសួងបរិស្ថាន ស្ថិតនៅដីឡូលេខ៥០៣ ផ្លូវ​កៅ​ស៊ូ​អមមាត់ទន្លេសាប ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ការស្នើសុំពាក្យ គឺចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នៅរៀងរាល់ថ្ងៃធ្វើការ ហើយ ដំណើរ​ការដេញថ្លៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ៩:០០ព្រឹក នៅ​អគ្គនាយក​ដ្ឋាន​តំប​ន់កា​រពារធម្មជាតិ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត អាចចូល​រួម​សង្កេតការណ៍​គ្រប់​ដំណាក់​កាលដេញថ្លៃឈើនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានធ្វើអធិបតី​ក្នុង​ពិធីបិទ​ស្ទឹង និង​បើក​ការដ្ឋាន​សាងសង់​​ទំនប់វារី​អគ្គិ​សនី​​ស្ទឹង​តា​តៃលើ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

ទំនប់វារី​អគ្គិសនីនេះ មាន​អានុ​ភាព​​១៥០​មេហ្គាវ៉ាត់ ដែល​វិនិយោគសាងសង់ដោយ ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd.​របស់ប្រទេសចិន ក្នុង​តម្លៃ​ជិត៤០០លានដុល្លារ។

គម្រោង​វារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់​ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី៕