ពោធិ៍សាត់ៈ នៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន​ពោលគឺ​នៅទូ​ទាំង​ប្រទេស​មា​ន​សំរាម ជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ដែលក្នុងនោះរាជធានីភ្នំពេញបាន​បង្កើតសំរាមរហូត​ដល់ទៅ៥​ពាន់​តោន​ក្នុង​១ថ្ងៃ។ នេះបើយោងតាមការថ្លែងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា។

ការថ្លែងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចមួយ ទៅកាន់សិប្បកម្មផលិត​ជីសរីរាង្គធម្មជាតិ​មួយ​ឈ្មោះ«សុវណ្ណភូមិ» និងទីលានចាក់សំរាម នៅក្នុងខេត្តពោធិ៍សាត់នាថ្ងៃទី៧ ខែវិច្ឆិកានេះ។

លោកបានឱ្យដឹងថា ក្នុងចំណោមសំរាមទាំងនោះ រាជធានីភ្នំពេញកំពុងតែបង្កើតសំរាមប្រមាណចន្លោះពី ចំនួន៣ពាន់តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃ។

ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៦០ភាគរយ សំ​ណល់​​​ថង់​ប្លាសស្ទិក មានប្រមាណ ២០ភាគរយ និងក្រៅពីនេះ គឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។

ការកែច្នៃសំរាម ផលិត​ជីសរីរាង្គធម្មជាតិនេះ គឺធ្វើឡើងតាមរយៈការយកសំរាមចេញពីទីលានទុកដាក់សំរាម សំណល់​រឹង នៅ​ភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា)បានទទួលសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង​នៅតាម​សង្កាត់​ទាំង​៧ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤មក។ ការផលិតជីសរីរាង្គ គឺបាន​ចាប់​ផ្តើ​ម​កាល​ពីថ្ងៃទី៣០ ខែមិថុនាកន្លងមក។ នេះបើយោងតាមក្រសួង​បរិ​ស្ថាន​។​

លោកមានប្រសាសន៍ថា៖«ការធ្វើពាណិជ្ជកម្ម និងការវិនិយោគបៃតង មានសារៈ​សំខាន់ណាស់​ក្នុង​ការ​ដោះ​ស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបាន​ជួយចូល​រួមចំណែកលើកកម្ពស់សុខភាព និងផ្តល់ការងារបៃតងចំពោះប្រជាពលរដ្ឋ»។

លោកស៊ី ឡែន ម្ចាស់សិប្បកម្មបានឱ្យដឹងថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យក​ទៅ​ផលិត​ជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ។

លោកស៊ីឡែន បានអះអាងថា ផលិតផលរបស់សិប្បកម្មរបស់លោក ផ្តល់ផលប្រយោជន៍ជួយបង្កើន គុណ ភាព​ដីកសិកម្ម ឱ្យមានជីជាតិល្អ ជួយឱ្យមានបាក់តេរីកកើតឡើងវិញច្រើន និងឱ្យដំណាំ និងរុក្ខជាតិ​គ្រប់​ប្រ​ភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អ។ នេះបើយោង​តាម​ប្រភពដដែលនេះ។

លោកអាទិត្យា បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិន​ត្រឹមតែដល់ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជា​របស់​ប្រើ​ប្រាស់​ឡើង​វិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

លោកបានបន្តថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិក មាន​ការកើនឡើង​ជា​បន្ដបន្ទាប់​នោះ ទើបក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូល​រួម​យុទ្ធ​នា​ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

យុទ្ធនាការនេះ ទទួល​បាន​ជោគ​ជ័យ​ព្រោះមានអ្នកចូលរួមច្រើនជាងពាក់កណ្តាលប្រទេស។ បន្ទាប់មក គឺ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែល​កំពុងតែមានអ្នកចូលរួមយ៉ាងផុសផុលទូទាំងប្រទេស ចេញរើសសំរាម ទុកដាក់​សំណល់​តាមកន្លែង​បានត្រឹមត្រូវ។ ក្នុងនោះបានចូលរួមសំអាតផ្ទះ សាលារៀន វត្តអារាមទីសាធារណៈនានា ជាពិសេស​តាម​ដង​ផ្លូវនានា។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថាការកែច្នៃកាកសំណល់ និងសំរាម ដែលបានប្រើរួច ធ្វើជា​របស់ប្រើ​ប្រាស់​ឡើងវិញ ដូចជាជីសរីរាង្គនេះជាដើម គឺជាការធ្វើពាណិជ្ជកម្ម​និងការវិ​និយោគដោយ​និរន្ត​រភាពឆ្ពោះទៅ​អ​នា​គតបៃតងរបស់កម្ពុជា ជាពិសេស ការបណ្តុះផ្នត់គំនិតស្អាត ដោយជំរុញ​ឱ្យ​ពលរដ្ឋ​ចេះទុកដាក់សំរាម ឱ្យ​បាន​ត្រឹមត្រូវ ចេះកែច្នៃសំរាម យកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

លោកបានថ្លែងដូច្នេះថា៖«យើងទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់គាំទ្រពាណិជ្ជកម្មទំនិញ និងសេវាកម្មបរិស្ថាន និងការលើកស្ទួយអាជីវកម្មបៃតង»។

ក្រោយពីបានទទួលសិទ្ធិចាប់ពីខែមេសា ឆ្នាំ២០២៤មក ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា)បានសំអាត ​ប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ក្នុងក្រុងពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋសរុប ជាង ៧ម៉ឺននាក់ បានពី ២៨ ទៅ ៣០ តោនក្នុងមួយថ្ងៃ។

មកដល់ថ្ងៃនេះ ការប្រមូល និងដឹកជញ្ជូនបាន​ចំនួនជាង ៥ ៥០០ តោន។ ក្នុងនោះសំរាម ដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១ តោន និង​លក់​ជាអេតចាយ​បានចំនួន ៨៨តោនផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន៕