ធនាគារ វីង បានបន្ត​សហការ​ជាមួយ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា-អូស្ត្រាលី (HFCA) ដើម្បី​គាំទ្រ​កម្ម​វិធី​បាល់​ទាត់​យុវជននៅក្នុង​​ខេត្តសៀមរាប ដោយ​កិច្ចសហការនេះ​បាន​ឆ្លុះ​បញ្ចាំង​​​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុងការ​ជួយទៅ​ដល់​យុវជន​ក្រីក្រ​ឱ្យ​មាន​លទ្ធភាព​ចូល​រួម​ក្នុង​សកម្មភាព​បាល់​ទាត់ ដែល​មាន​រចនា​សម្ព័ន្ធ​សមរម្យ​មួយ​ ដើម្បី​លើក​កម្ពស់​កាយ​សម្បទា ការងារ​ជា​ក្រុម និង​ការ​អភិវឌ្ឍផ្ទាល់​ខ្លួន​របស់​ពួកគេ​បាន​កាន់​តែ​ប្រសើរ។

ស្ថាបនិក​អង្គការ HFCA លោក Paraic Grogan បាន​ឱ្យ​ដឹង​ថា ការ​បន្តគាំ​ទ្រ​របស់​ធនាគារ វីង លើក​នេះ គឺ​ផ្តោត​ទៅលើ​កម្ម​វិធី​បាល់​ទាត់​យុវជន​នៅ​ភូមិអូររូង ក្នុង​ខេត្ត​សៀម​រាប បន្ទាប់ពី HFCA និង​ វីង ទទួល​បាន​លទ្ធផលជា​ផ្លែ​ផ្កា សម្រាប់ការ​ចាប់​ដៃ​សហការ​គ្នា​ជា​លើក​ដំបូង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ជួយ​គាំទ្រ​ដល់​យុវជន នៅភូមិ​ស្រះស្រង់ ដោយ​ផ្តល់​នូវ​បរិយាកាស​ដែល​មាន​សុវត្ថិភាពសម្រាប់​សកម្មភាព​កីឡា​បាល់​ទាត់។

លោក Paraic បាន​បន្ថែម​ថា ​ការបន្ត​​គាំទ្រ​របស់​ធនាគារ វីង លើក​នេះ ជា​កិច្ចការ​ដ៏​សំខាន់​មួយ​ទៀត ដែល​សំដៅ​លើក​កម្ពស់​ការ​ពង្រឹង​សមត្ថភាព​សហគមន៍​តាម​រយៈ​វិស័យកីឡា ដើម្បី​ធ្វើ​ឱ្យ​​ប្រាកដ​ថា ​កុមារ​នៅ​ភូមិ​អូររូង អាច​ទទួល​បាន​ឱកាស​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​កីឡា​បាល់​ទាត់ អភិវឌ្ឍបំណិន​ជីវិត និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ណែនាំ​តម្រង់​ទិស ដែល​នឹង​ជួយ​ឱ្យ​ពួកគេ​មាន​ការ​រីកចម្រើន​ទាំង​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត។

ស្ថាបនិក​អង្គការ HFCA រូបនេះ​បាន​បញ្ជាក់​ថា៖ «យើង​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស ដែល​បាន​ចាប់ដៃ​សហការ​ជាមួយ​ធនាគារ វីង ក្នុង​នាម​ជា​ស្ថាប័ន​មួយ ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​យូរ​អង្វែង ដើម្បី​ជួយគាំទ្រ​ដល់​សហគមន៍​កម្ពុជា។ ការ​ឧបត្ថម្ភ​គាំទ្រ​នេះ នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ចំណោម​យុវជននៅ ភូមិ​អូររូង ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​ដ៏​មាន​តម្លៃ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់​តែ​រីកចម្រើន»​។

ចំណែក​លោក ហោ ប៊ុនថែ អគ្គនាយក​រង​ធនាគារ វីង បាន​លើក​ឡើង​ថា ការ​បន្ត​សហការ​ជាមួយ HFCA នេះ ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​របស់​ធនាគារ វីង ចំពោះ​ទំនួល​ខុស​ត្រូវសង្គម ហើយ​ក៏​ស្រប​តាម​បេសកកម្ម​របស់​អង្គការ HFCA ដើម្បី​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមានតាម​រយៈ​វិស័យ​កីឡា​បាល់​ទាត់។

លោក​បញ្ជាក់ថា​៖ «កិច្ច​ខិតខំប្រឹង​ប្រែង​រួម​គ្នា​នេះ នឹង​ផ្តល់​នូវ​បរិយាកាស ដែល​មាន​សុវត្ថិភាព និង​បរិយាបន្ន ដោយ​ក្នុង​នោះ​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី​អាច​សម្រេច​នូវ​សក្តានុពល​របស់​ខ្លួន ហើយថែម​ទាំង​ជួយ​ឱ្យ​ពួកគេ រួម​ចំណែក​កសាង​សាមគ្គីភាព នៅ​ក្នុង​សហគមន៍​បាន​កាន់​តែ​រឹងមាំ​ថែមទៀត»។

សកម្មភាព​ហ្វឹក​ហាត់​បាន​បាល់​ទាត់របស់​ក្មេងៗ​នៅភូមិអូររូង ក្នុង​ខេត្តសៀម​រាប ដែល​រៀបចំ​ឡើង​ដោយ​អង្គការ HFCA និង​ដៃគូសហការ។ រូបថត HFCA

ការ​លើក​ឡើង​បែប​នេះ ដោយ​សារ​តែ​លោក ហោ ប៊ុនថែ មើល​ឃើញ​ថា ការ​លេង​បាល់​ទាត់​ជាមធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ការ​លើក​កម្ពស់​សុខុមាល​ភាព  សាមគ្គីភាព និង​ស្មារតី​សហគមន៍ ហើយ​តាមរយៈការ​លេង​បាល់​ទាត់​នេះ កុមារ​មិន​ត្រឹម​តែ​ពង្រឹង​សមត្ថភាព​ផ្នែក​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រៀន​សូត្រ​ពី​បំណិន​ជីវិត​ចាំបាច់​ទាក់​ទង​នឹង​ភាព​ជាអ្នក​ដឹក​នាំ ចេះ​ធ្វើ​ការងារ​ជា​ក្រុម និងការ​កសាង​ភាព​ធន់​ផង​ដែរ។

លោក​បញ្ជាក់ថា៖​ «យើង​ពិត​ជា​មាន​សេចក្តី​រំភើប​រីករាយ ដែលបាន​ចូល​រួម​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម​នេះ​ជាមួយ HFCA ដើម្បី​ជួយ​បណ្តុះ​នូវ​គុណ​តម្លៃ​ទាំង​នេះ​ទៅ​ដល់​យុវជន ហើយ​យើងជឿជាក់ថា ការ​គាំទ្រ​សកម្មភាព​កីឡា​នៅ​ភូមិ​អូររូង នឹង​ផ្តល់​នូវ​ផលវិជ្ជមាន​យូរ​អង្វែង ចំពោះ​កុមារ​ទាំងនេះ ដោយ​ជួយ​ឱ្យ​ពួកគេ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ ដែល​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេឱ្យ​បាន​កាន់​តែ​ប្រសើរ»។

ដោយ​បាន​ធ្វើការ​លើក​ស្ទួយ​វិស័យ​បាល់​ទាត់​នៅ​​កម្ពុជា តាំងពី​ឆ្នាំ​២០០៥​មក អង្គការ HFCA មាន​​ចក្ខុវិស័យ​ផ្តល់​ឱកាស​ដល់​យុវជន​ក្រីក្រ​កម្ពុជា ឱ្យ​​មាន​លទ្ធភាព​ទទួល​បាន​ការ​ហ្វឹក​ហាត់​បាល់​ទាត់​ប្រកប​ដោយ​គុណភាព​ខ្ពស់ ជាមួយ​គ្រូ​បង្វឹក និង​ក្រុម​ការងារ​បច្ចេក​ទេស ដើម្បី​កសាង​ក្រុម និងមាន​ឱកាស​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ពង្រឹង​សមត្ថភាព ក៏ដូច​ជា​លើក​កម្ពស់​សុខុមាល​ភាព ការ​គោរព​ខ្លួនឯង និង​បំណិន​ជីវិត ដោយ​ទាំង​អស់​នេះ ជា​កត្តា​ដ៏​ចាំ​បាច់ ដើម្បី​ជួយ​ឱ្យ​យុវជន​ក្រីក្រ អាច​សម្រេច​បាននូវ​ភាព​​ជោគជ័យ​នា​ពេល​អនាគត។

កុមារី​​វ័យ​១៣​ឆ្នាំ គង់ ហាណា ជាសមាជិក​ក្រុម​បាល់​ទាត់នារី ដែល​កំពុង​ទទួល​បានការ​​បណ្តុះ​​បណ្តាល​បាល់​ទាត់​​នៅភូមិអូររូង ជាមួយ​ក្រុម​គ្រូបង្វឹក​របស់ HFCA បាននិយាយ​ថា៖​ «ខ្ញុំ​ពិត​ជា​ចង់​​​លេង​បាល់​ទាត់​ឱ្យ​ក្រុមនារី​កម្ពុជា​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​​ដល់​​ធនាគារ​ វីង ដែល​បានជួយ​គាំទ្រ​ដល់ក្តី​សុបិន​របស់​ខ្ញុំ»៕