លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ថ្លែង​ប្រាប់​ទៅ​ប្រធាន​សភា​កាតា ហាសាន់ ប៊ីន អាបឌុលឡា អាល ហ្កានីម ​(Hassan bin Abdullah Al Ghanim) ​ថា​ កម្ពុជា​ពេញ​ចិត្ត​ចូលរួម​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​កិច្ច​ប្រជុំ​សភា​អាស៊ី​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​តំបន់ និង​សកល។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក ហាសាន់ ប៊ីន អាបឌុលឡា អាល ហ្កានីម បាន​ថ្លែង​ថា សភា​កាតា​មិន​ទាន់​មាន​ទំនាក់​ទំនង​រឹង​មាំ​ជាមួយ​សភា​នៃ​ប្រទេស​នានា​នៅ​អាស៊ី ជា​ពិសេស​តំបន់​អាស៊ាន។

ថ្នាក់​ដឹក​នាំ​អង្គ​នីតិប្បញ្ញតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​ការងារ​នៅ​រាជធានី​ដូហា ប្រទេស​កាតា កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​មួយ​សប្ដាហ៍​របស់​លោក​ ហ៊ុន សែន ទៅ​កាន់​ប្រទេស​បួន​នៅ​តំបន់​នេះ។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ភាគី​កាតា​ចង់​ឃើញ​មាន​កិច្ច​ប្រជុំ​កំពូល​សភា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​ប្រសើរ​ឡើង ហើយ​សង្ឃឹម​ថា​លោក​នឹង​​អាច​ធ្វើការ​ជាមួយ លោក ហ៊ុន សែន​ លើ​កិច្ចការ​នេះ។

លោក​លើក​ឡើង​ពី​តួនាទី​សំខាន់​របស់​កាតា​នៅ​ក្នុង​តំបន់ និង​ពិភពលោក ជា​ពិសេស​ការ​រួម​ចំណែក​ក្នុង​ការ​សម្រប​សម្រួល​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​អន្តរជាតិ​ដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន ជាដើម។ លោក​កោត​សរសើរ​កម្ពុជា ដែល​មាន​ជំហរ​អព្យាក្រឹត្យ​ចំពោះ​បញ្ហា​ប៉ាឡេស្ទីន។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា​ទើប​តែ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) ហើយ​យន្តការ​នេះ​នៅ​តែ​បើក​ចំហ​ដល់​ប្រទេស​ផ្សេង​ទៀត​ចូល​ជា​សមាជិក។

សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ប្រទេស​យើង​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​គាំពារ​វិនិយោគ​ និង​ពាណិជ្ជកម្ម។ ប្រទេស​កាតា​មាន​សន្តិសុខ​ថាមពល ហើយ​កម្ពុជា​មាន​សន្តិសុខ​ស្បៀង»។

លោក ហ៊ុន សែន ក៏​បាន​វិនិយោគិន​កាតា​មក​កម្ពុជា និង​ចង់​ឃើញ​ការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួង​ការបរទេស​ទាំង​ពីរ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​ថា ពិត​ណាស់ ទោះ​បី​ជា​ប្រទេស​កាតា និង​ប្រទេស​ជិត​ខាង​របស់​កាតា នៅ​មិន​ឆ្ងាយ​ពី​តំបន់​អាស៊ាន ទំនាក់​ទំនង​ថ្នាក់​តំបន់ និង​ទ្វេភាគី​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​ក៏​មិន​សូវ​ជិត​ស្និទ្ធ​ដែរ។

លោក​ថា ទំនាក់​ទំនង​កម្រិត​តំបន់ និង​ទ្វេភាគី អាស្រ័យ​លើ​ផល​ប្រយោជន៍​ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដែល​សំបូរ​ប្រេង​ មាន​ទំនាក់​ទំនង​ខ្លាំង​ជាមួយ​ប្រទេស​នៅ​អឺរ៉ុប ហើយ​មើល​រំលង​ប្រទេស​នៅ​អាស៊ី​អគ្នេយ៍ ទាំង​ផ្នែក​នយោបាយ​និង​ពាណិជ្ជកម្ម។

លោក​បន្ត​ថា ភាព​ឆ្ងាយ​ពី​គ្នា​នេះ​ក៏​បាន​បន្ថែម​ដោយ​ទិដ្ឋភាព​សង្គម​វប្បធម៌ និង​សាសនា​ផង​ដែរ ដែល​រារាំង​ប្រទេស​ឬ​តំបន់​ទាំង​ពីរ​មិន​ឲ្យ​ខិត​កៀក​គ្នា នៅ​លើ​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ទោះ​បី​ជា​ប្រទេស​អាស៊ាន​មួយ​ចំនួន​គោរព​សាសនា​ឥស្លាម​ដូច​គ្នា។

លោក​ថ្លែង​ថា៖ «ភាព​ចាំបាច់​ខាង​នយោបាយ សេដ្ឋកិច្ច​សង្គម​ វប្បធម៌ និង​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន មិន​សូវ​មាន​ភាព​អាស្រ័យ​គ្នា។ ដូច្នេះ​ហើយ​បាន​ជា ទំនាក់ទំនង​វា​ខ្សោយ​ទៅ​តាម​ហ្នឹង»៕