ភ្នំពេញៈ “ភូមិគំរូ”ចំនួន៣០ ក្នុងចំណោមភូមិ ដែលត្រូវបានជ្រើសរើសនិងរៀបចំបង្កើតចំនួន៦៤ត្រូវបានប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រជាផ្លូវការ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយពន្លឿនការអភិវឌ្ឍក្នុងសហគមន៍ និងលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោកពិត ករុណាបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃ១២ ធ្នូនេះថា ដើម្បីជាប់ជាភូមិគំរូ គឺត្រូវឆ្លងកាត់ ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យ ចំនួន ៥។ ក្នុងនោះរួមមាន សេដ្ឋកិច្ច, សង្គម និងវប្បធម៌, សុខភាព និងបរិស្ថានរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធ និង ចុងក្រោយគឺអភិបាលកិច្ច។
តាមរយៈលទ្ធផល នៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃការអភិវឌ្ឍភូមិគំរូ ភូមិចំនួន៣០ ត្រូវបានសម្រេចទទួលស្គាល់ ដែល ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ ដែលជាចំណាត់ខ្ពស់ជាងគេ, ផ្កាយ ២ និងផ្កាយ១។
ក្នុងនោះ ភូមិគំរូ ដែល ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ២ភូមិ, ផ្កាយ២ មានចំនួន ១៦ភូមិ និង ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន១២ភូមិ។ ការប្រកាសទទួលស្គាល់ជាផ្លូវការនេះ ត្រូវបានធ្វើឡើងនាថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១០ ខែធ្នូនេះ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឫទ្ធិសែន។
លោកពិត ករុណាថ្លែងថា៖«ការចាត់ជាចំណាត់ថ្នាក់នេះផ្តោតសំខាន់ទៅលើការវាយតម្លៃទៅតាមលក្ខណៈវិនិច្ឆ័យទាំង៥។ ភូមិគំរូ ដែលមានចំណាត់ថ្នាក់ផ្កាយ១នេះ យើងនឹងបន្តជួយគាត់ ដើម្បីឱ្យគាត់ អាចអភិវឌ្ឍខ្លួនឱ្យ ទទួលបាននូវពិន្ទុ[កាន់តែប្រសើរ] ដើម្បីឡើងកម្រិតផ្កាយ២ និងផ្កាយ៣បន្តទៅទៀត»។
ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, មានសុខភាព និងបរិស្ថានរស់នៅល្អ, ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ។
ភូមិគំរូទាំង៣០នេះ ត្រូវបានបង្កើតឡើង ក្រោមការជួយឧបត្ថមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កូយកា (KOICA) នាពេលកន្លងមក។ ភូមិទាំងនោះមាននៅក្នុងខេត្តត្បូងឃ្មុំ ចំនួន ១០ភូមិ ខេត្ត តាកែវ មាន១០ភូមិ និងខេត្តកំពង់ស្ពឺ មាន ១០ភូមិផងដែរ ដែលភូមិនីមួយៗមានសក្តានុពលផ្សេងៗគ្នា។
លោកករុណាបញ្ជាក់ថា៖«ភូមិគំរូទាំង៣០នេះ គឺជាភូមិ ដែលក្រសួងបានអនុវត្តនាពេលកន្លងមក ហើយក្រសួងទើបបានប្រកាសជាផ្លូវការ។ មកដល់ពេលនេះ ក្រសួងបានរៀបចំបង្កើតបានភូមិគំរូចំនួន៦៤ហើយ ក្នុងខេត្តគោលដៅចំនួន៦ មាន ខេត្តតាកែវ កំពង់ស្ពឺ ត្បួងឃ្មុំ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង ដោយសហការជាមួយអង្គការដៃគូ កូយកា»។
ក្នុងពិធីប្រកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងការអបអរសាទរចំពោះ ជ័យលាភី “ភូមិគំរូ” ទាំង៣០ភូមិ លើកទី១ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ នៅតំបន់ជន បទដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើត ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈ ការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច»។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់នាយកដ្ឋានជំនាញពាក់ព័ន្ធរបស់ក្រសួង ឱ្យធ្វើការសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងារពិពិធកម្មសេដ្ឋកិច្ច នៅជនបទឱ្យមានការរីកចម្រើន។ ជាពិសេសការជំរុញការអភិវឌ្ឍន៍ភូមិគំរូ ឱ្យទៅជាភូមិគំរូគន្លឹះ។
ក្នុងដំណើរការបង្កើតជាភូមិគំរូ ក្រសួងបានពិនិត្យលើស្ថានភាពភូមិសាស្ដ្រនៅតាមតំបន់ និង តាមខេត្តនីមួយៗ ដែលនៅជិតទីផ្សារសម្រាប់កសិផល ជាពិសេស ភូមិដែលពលរដ្ឋមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍសហគមន៍។
លើសពីនោះ គឺត្រូវជ្រើសរើសភូមិណា ដែលមានអំណោយផល និងមានសក្ដានុពលលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យវប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មជាដើម ដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ។ នេះយោងតាមលោករដ្ឋមន្រ្តីនាពេលកន្លងមក។
ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញ ឱ្យសម្រេចបាន ចក្ខុវិស័យនៃ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ ភូមិគំរូ ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ ក្នុង១ឆ្នាំៗ ក្រសួងគ្រោងបង្កើតភូមិគំរូឱ្យបានយ៉ាងហោចណាស់៥០។
ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕