នៅពេលដែលកម្ពុជាប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីប្ដេជ្ញាជាថ្មីទប់ស្កាត់និងបង្ក្រាបការជួញដូរមនុស្ស ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា គ្មានវត្តមានមេឧក្រិដ្ឋជនជួញដូរមនុស្សនៅកម្ពុជាទេ។
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។
ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមកមានជនល្មើសជាច្រើនដែលភាគជនបរទេសខុសច្បាប់បានសម្ងំលាក់ខ្លួននៅកម្ពុជា និងបានប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យលើទឹកដីកម្ពុជា ដោយបាននាំយកបទល្មើសប្លែកៗទំនើបៗដែលកម្ពុជាមិនធ្លាប់មានមកសាបព្រួសលើទឹកដីកម្ពុជា។
លោកថ្លែងថា សកម្មភាពនៃបទល្មើសឧក្រិដ្ឋទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងប៉ះពាល់ដល់កិត្តិយសរបស់រាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជាតាមគ្រប់រូបភាព។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំសូមប្រកាសជាឧឡារិកថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាតរាល់គ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្សនិងលើកកម្ពស់ការបង្ការទប់ស្កាត់ និងបង្ក្រាបរាលកលល្បិចរបស់ឧក្រិដ្ឋជន បន្តអនុវត្តរាលបទដ្ឋានដែលផ្ដល់ប្រយោជន៍លើកកម្ពស់សិទ្ធិមនុស្ស»។
ការជួញដូរមនុស្សគឺជាបញ្ហារួម ដែលប្រទេសទាំងអស់គួរធ្វើការរួមគ្នា ជាជាងការចោទប្រកាន់តែប្រទេសណាមួយ។ ក្នុងនាមជាប្រទេសជិតខាងល្អ និងជាប្រទេសក្នុងតំបន់ កម្ពុជា ចង់ឃើញកិច្ចសហប្រតិបត្តិការល្អ ដោយមិនធ្វើការសន្និដ្ឋាន ចោទប្រកាន់ដោយខ្វះការសិក្សាស្វែងយល់អំពីសភាពការណ៍ពិត ដែលនាំឲ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អនោះឡើយ។ មានតែកិច្ចសហការទេដែលអាចដោះស្រាយបញ្ហារួមបាន។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត។
អំពើជួញដូរមនុស្សក្នុងទម្រង់ស្មុំកូន ក៏ធ្លាប់កើតមានដែលធ្វើឲ្យកម្ពុជា បានផ្អាកការស្មុំកូនមួយរយៈ។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្មុំកូនអាចជួយដល់កុមាររងគ្រោះដើម្បីបានឪពុកម្ដាយល្អ ប៉ុន្តែ ជនល្មើសបានមើលឃើញពីឱកាសនេះប្រែក្លាយទៅជាការជួញដូរមនុស្ស។
ទម្រង់ផ្សេងទៀតនៃការជួញដូរមនុស្សមានដូចជា ការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសដែលជារឿងស្របច្បាប់ ប៉ុន្តែ ក្រោយរៀបការ អ្នកខ្លះក៏ធ្លាក់ខ្លួនជាជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស។ ករណីពពោះ នៅប្រទេសខ្លះ វាជារឿងស្របច្បាប់ព្រោះគូស្រករខ្លះមិនអាចមានកូន ហើយត្រូវពឹងអ្នកផ្សេងឲ្យពពោះជំនួស។ ប៉ុន្តែ នៅកម្ពុជា ការពពោះដើម្បីយកកូនឆ្លងដែនទៅប្រទេសផ្សេងគឺជាអំពើជួញដូរមនុស្ស។
លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថា កេរ្តិ៍ឈ្មោះនិងកិត្តិយសកម្ពុជាបានប៉ះពាល់ពីអំពើរឿងជួញដូរមនុស្ស។ ទោះបីជាលោកទទួលស្គាល់ថា ពិតជាមានអំពើជួញដូរមនុស្សនៅកម្ពុជាក៏ដោយ លោកថា ការវាយតម្លៃមួយចំនួនក៏មិនបានឆ្លុះបញ្ចាំងពីការពិតទាំងស្រុង ដោយមិនបានមើលឃើញពីការប្រឹងប្រែងរបស់កម្ពុជា។
លោកថា៖ «យើងមិនបដិសេធថាយើងគ្មានបញ្ហាទេ ហើយយើងក៏មិនដែលបដិសេធថាកម្ពុជាគ្មានការជួញដូរមនុស្ស ឬបញ្ហាអសន្តិសុខនោះដែរ។ ហេតុដូច្នេះហើយបានជាយើងពង្រឹងការអនុវត្តច្បាប់ និងសហការជាមួយបរទេស ព្រោះយើងមានសុឆន្ទៈច្បាស់លាស់។ យើងមិនបិទព័ត៌មានទេផ្ទុយទៅវិញយើងត្រូវទទួលស្គាល់»។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងថា ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៤នេះ ការរាយការណ៍អំពីការជួញដូរមនុស្សមានការថយចុះ ហើយបទល្មើសដែលកើតឡើងត្រូវបានបង្ក្រាបទាន់ពេល។
លោកបន្តថា បញ្ហាបច្ចុប្បន្ននៅកម្ពុជា គឺជនល្មើសទាក់ទាញមនុស្សពីប្រទេសផ្សេងៗឲ្យចូលរួមប្រព្រឹត្តបទល្មើស ខណៈដែលមេខ្លោងតែងលាក់ខ្លួនពីប្រទេសមួយទៅប្រទេសមួយ ហើយកម្ពុជា មិនមានវត្តមានមេខ្លោងឧក្រិដ្ឋជនទេ។
លោកបញ្ជាក់ថា៖ «សូមកុំភ្លេចថា មេឧក្រិដ្ឋជនមានកលល្បិចខ្ពស់ ពិតជាមិនបង្ហាញវត្តមាននៅកម្ពុជា ដែលជាកន្លែងធ្វើសកម្មភាពនៃបទល្មើសនោះទេ ពោលគឺឧក្រិដ្ឋជននិងបណ្ដាញមេខ្យល់ និងឧក្រិដ្ឋជនអាចលាក់ខ្លួននៅតាមបណ្ដាប្រទេសនានា។ បណ្ដាញឧក្រិដ្ឋជនមេខ្យល់ដែលនាំមនុស្សមកប្រព្រឹត្តបទល្មើស ឬ រងគ្រោះនៅកម្ពុជានិងបណ្ដាប្រទេសមួយចំនួនទៀត ក៏អាចកំពុងសម្ងំខ្លួននៅទីនោះផងដែរ»។
លោកស្នើឲ្យប្រទេសទាំងអស់ សហការគ្នាស្វែងរកមេខ្លោងឧក្រិដ្ឋជន និងអប់រំប្រជាជនឲ្យគេចផុតពីការរងគ្រោះ»៕