ភ្នំពេញ៖ ការផ្សព្វផ្សាយមួយកាលពីថ្ងៃទី ៨ ខែធ្នូ ទាក់ទងនឹងព័ត៌មានមិនពិតអំពីមេរោគហ៊ីវ និងជំងឺអេដស៍បានសាយភាយពេញបណ្តាញសង្គមបង្កការភ័យខ្លាច និងភាន់ច្រឡំក្នុងចំណោមសាធារណជន។
ការបង្ហោះកាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុក «Hea Ra» បានអះអាងថា ករណីមេរោគហ៊ីវ និងជំងឺអេដស៍កំពុងកើនឡើងនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលបង្ហាញថា មានអ្នកឆ្លងចំនួន ៧០,០០០នាក់ ក្នុងនោះ ៧,០០០នាក់គេចពីការព្យាបាល។
ទោះជាយ៉ាងណាក៏ដោយ ការអះអាងគួរឱ្យព្រួយបារម្ភនេះត្រូវបានបដិសេធដោយមន្ត្រីសុខាភិបាល ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃព័ត៌មានត្រឹមត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (nchads) របស់ក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តតាកែវ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។
សេចក្តីបំភ្លឺព័ត៌មានមួយដែលបានចេញផ្សាយនៅថ្ងៃទី ១១ ខែធ្នូ បានគូសបញ្ជាក់ថា ព័ត៌មានដែលបានចុះផ្សាយខាងលើនេះមិនពិត ខ្វះមូលដ្ឋានច្បាស់លាស់ និងបានបង្កឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។
ជាងនេះទៅទៀត ខ្លឹមសារបំភាន់នេះ បានឈានទៅដល់ការបង្កើតវីដេអូប្រតិកម្ម ដែលបង្ហាញពីការព្រួយបារម្ភហួសហេតុ អំពីស្ថានភាពមេរោគ និងជំងឺអេដស៍នៅក្នុងខេត្តតាកែវ។
សេចក្តីបំភ្លឺព័ត៌មានបានឱ្យដឹងថា៖ «ទោះបីជាម្ចាស់គណនីបានកែតម្រូវខ្លឹមសារនៃការបង្ហោះជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានទំព័រហ្វេសប៊ុកជាច្រើន បន្តផ្សព្វផ្សាយនិងចែករំលែក ព័ត៌មានមិនពិតខាងលើ ដោយមិនបានផ្ទៀងផ្ទាត់ការ ពិតពីអ្នកជំនាញគ្រប់គ្រងទិន្នន័យដែលមានសមត្ថភាព ជាអ្នកផ្តល់សេវាក្នុងការបង្ការ ថែទាំ និងព្យាបាលមេរោគ និងជំងឺអេដស៍»។
ព័ត៌មានមិនពិតដែលកំពុងត្រូវបានបន្តផ្សព្វផ្សាយនេះ ធ្វើឱ្យមានការភាន់ច្រឡំទាក់ទងនឹងករណីជំងឺអេដស៍នៅខេត្តតាកែវ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួនដោយខ្វះក្រមសីលធម៌ បានធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តលើសារព័ត៌មាន ជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងអ្នកដែលអនុវត្តការងារតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចបង្កផលវិបាក និងមហន្តរាយនានាក្នុងទំហំដែលមិនអាចស្មានដល់»។
លោកបន្ដថា៖ «ការផ្សាយព័ត៌មានមិនពិតគឺជាបញ្ហាប្រឈមដ៏ធំមួយ ជាពិសេសដោយសារការរីកសាយភាយយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ លើប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម បានជំរុញការសាយភាយព័ត៌មានក្លែងក្លាយកាន់តែមានឥទ្ធិពល ធ្វើឱ្យមានហានិភ័យខ្ពស់ប្រកបដោយគ្រោះថ្នាក់បំផុត ជះផលអវិជ្ជមានកាន់តែខ្លាំងឡើងដល់ស្ថិរភាព សន្តិសុខសង្គម និងសន្តិភាព ដែលយើងទាំងអស់គ្នាខិតខំការពារនិងថែរក្សា»។
លោក អស្នារិទ្ធ បានលើកឡើងថា អ្នកបង្កើតមាតិកាលើបណ្តាញសង្គម MMO មួយចំនួន មិនត្រូវប្រព្រឹត្តផ្ទុយនឹងសីលធម៌រស់នៅក្នុងសង្គម និងក្រមសីលធម៌ពាក់ព័ន្ធនឹងការផ្សាយ ព្រោះតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង តែបែរជាបំពានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរនោះទេ។
លោកបានបញ្ជាក់ថា ការផ្សាយទាំងនោះបានបំភិតបំភ័យដល់ប្រជាពលរដ្ឋ ដល់អ្នកជំងឺដែលកំពុងជួបការលំបាកស្រាប់ទៅហើយ ហើយបង្កភាពចលាចល និងអស្ថិរភាពក្នុងការរស់នៅ ក៏ដូចជាប៉ះពាល់ដល់ឯកជនភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងថែមទាំងអាចបង្កហានិភ័យ និងព្យសនកម្មនានាជាយថាហេតុទៀតផង។
ព័ត៌មានក្លែងក្លាយនេះមានឥទ្ធិពលណាស់។ កម្ពុជាបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយសម្រេចបាន ៨៩ភាគរយ នៃគោលដៅពិភពលោក ៩៥-៩៥-៩៥ នៅឆ្នាំ ២០២៣។
សេចក្តីបំភ្លឺ បានបង្ហាញថា៖ «៩៥ភាគរយនៃអ្នកដែលមិនបានដឹងខ្លួនថា ផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពនៃមេរោគអេដស៍របស់ខ្លួន ហើយ ៩៥ភាគរយនៃបានដឹងខ្លួនថា ផ្ទុកមេរោគអេដស៍បានទទួល ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ខណៈ ៩៥ ភាគរយនៃអ្នកដែលបានទទួលការព្យាបាលមានបន្ទុក មេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប (Viral Suppressed)»។
មជ្ឈមណ្ឌលជាតិបានទទួលស្គាល់ថា ទោះបីជាទទួលបានជោគជ័យក៏ដោយ ក៏មេរោគអេដស៍មិនទាន់ត្រូវបានកម្ចាត់ចេញពីប្រទេសកម្ពុជានៅឡើយទេ។
របាយការណ៍នេះបានឱ្យដឹងថា៖ «ក្នុងឆ្នាំ២០២៣ យើងមានអ្នករស់នៅជាមួយ មេរោគអេដស៍ ចំនួន ៧៦ ០០០នាក់ ក្នុងនោះ ៦៩ ៤១៣ នាក់ កំពុងទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍គិតត្រឹមត្រីមាសទី ៣ ឆ្នាំ២០២៤»។
ដូចនេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណជា ៧០០០ នាក់ដែលមិនទាន់ដឹងខ្លួនថាផ្ទុកមេរោគអេដស៍ ហើយមិនទាន់ទទួលបានសេវាព្យាបាល។
នៅឆ្នាំ ២០២៣ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចំនួន ១២ ០០០ នាក់ ក្នុងនោះ ៨៦% គឺស្ថិតក្នុងចំណោមប្រជាជានចំណុច និងដៃគូរួមភេទរបស់ពួកគាត់។
ក្រុមប្រជាជនចំណុច ត្រូវបានចាត់ទុកថា ជាក្រុមដែលមានការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមាន ក្រុមស្ត្រីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទជាស្ត្រី ក្រុមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន។
ខេត្តតាកែវ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អ្នកដែលកំពុងរស់នៅជាមួយមេរោគអេដស៍ កំពុងទទួលការបង្ការថែទាំ និងការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍មានសរុបចំនួន ២៨១៤ នាក់ ក្នុងនោះស្ត្រីមានចំនួន ១ ៥៣៥ នាក់។
គួរកត់សម្គាល់ថា មានអ្នកជំងឺត្រឹមតែ ១៤ នាក់ ប៉ុណ្ណោះដែលបានចាក ចេញពីសេវាជាបណ្តោះអាសន្ន និងកំពុងកិច្ចខិតខំប្រឹងប្រែងតាមដាន ទំនាក់ទំនងដើម្បីនាំពួកគាត់វិលត្រឡប់មកសេវាថែទាំ និងព្យាបាលវិញ។
មន្ត្រីសុខាភិបាលសាធារណៈអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាថា ព័ត៌មានត្រឹមត្រូវមាននៅក្នុងទិដ្ឋភាពឌីជីថល។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ច្រានចោលយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលខ្វះមូលដ្ឋានដែលអាចជឿទុកចិត្តបាន។
ជាងនេះទៅទៀត មជ្ឈមណ្ឌលអំពាវនាវដល់បុគ្គល ជាពិសេសអ្នកដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ និងយុវជន ឱ្យប្រកាន់យកនូវផ្នត់គំនិតវិជ្ជមានក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។
សេចក្ដីបំភ្លឺបានបញ្ជាក់ថា៖ «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ និងបើបានប្រព្រឹត្តឬសង្ស័យថាខ្លួនបានប្រឈម នឹងការឆ្លងមេរោគអេដស៍ ចូលប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ ក្នុងការសម្រេចចិត្ត ទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា»។
យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងយុទ្ធសាស្ត្របង្ការមានគោលបំណងផ្តល់សិទ្ធិអំណាចដល់បុគ្គល ជាពិសេសអ្នកដែលស្ថិតក្នុងក្រុមមានហានិភ័យខ្ពស់ ដើម្បីគ្រប់គ្រងសុខភាពរបស់ពួកគេ និងស្វែងរកការគាំទ្រចាំបាច់៕