កំពង់ឆ្នាំងៈ អភិបាលរងស្រុកកំពង់លែង លោកពុំ សុផល, ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកលឹម ដានីន រួមនឹងម្ចាស់សិប្បកម្មផលិតទឹកកកម្នាក់ត្រូវបានតុលាការខេត្តកំពង់​ឆ្នាំងធ្វើការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នា​គារ​ក្នុងម្នាក់ៗពី៣ ទៅ៤ឆ្នាំនាថ្ងៃទី១២ ខែធ្នូនេះ ពាក់ព័ន្ធទៅនឹង​ការទន្រ្ទានដីព្រៃលិច​ទឹកក្នុងបឹងទ​ន្លេសាបប្រមា​ណជា៩ហិកតា។

ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រម ព្រហ្មទណ្ឌ លេខ ៨០ “ឆ” ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០២៤ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន៣នាក់។ ក្នុងនោះ រួមមាន ឈ្មោះ ពុំ សុផល អាយុ ៥៩ឆ្នាំ ជា អភិបាលរងស្រុកកំពង់លែង, ឈ្មោះលឹម ដានីន អាយុ ៥៣ ឆ្នាំ ជា ប្រធានការិយា​ល័យ​ប្រជាពលរដ្ឋស្រុកកំពង់លែង និងឈ្មោះ ជួន តុំ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរ​បរម្ចាស់សិប្បកម្មផលិត​ទឹកកកត្រពាំងពេជ្រ។

សេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ជនជាប់ចោទចំនួន២ ឈ្មោះលឹម ដានីន​និង​ឈ្មោះ ជួន តុំត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន៤ឆ្នាំ និង​ពិន័យ​ជាប្រា​ក់ចំនួន ១០​ដប់​លាន​រៀល។

អ្នកទាំង២ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញ គៃបំបាត់ និងកាប់ឆ្ការគាស់រានឈូស​ឆាយដីព្រៃ​លិច​ទឹក ប្រ​ព្រឹត្ត​នៅចំ​ណុចតាទុំ ភូមិ​កង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ តាម មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង​មាត្រា៩៨ ចំណុច១ នៃច្បាប់ ស្តីពីជលផល។

សេចក្តីប្រកាសបញ្ជាក់ថា៖«រីឯជនជាប់ចោទ១ រូបទៀត ជាអភិបាលរងស្រុកកំពង់លែង ត្រូវបានផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ចំនួន៣ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ៦លានរៀល ក្នុងអំពើសម គំនិតពីបទបំផ្លាញ គៃបំបាត់ និង​​កាប់​ឆ្ការ​គាស់​រាន​ឈូស​ឆាយ ​ដីព្រៃលិចទឹក ប្រព្រឹត្ត នៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំ​ពង់​លែង កាល​ពីអំឡុង​ខែមីនា ឆ្នាំ២០២៤»។  

ជនជាប់ចោទឈ្មោះពុំ សុផលត្រូវបានចោទប្រកាន់តាម​ មាត្រា​២៩ មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃ​ច្បាប់​ស្តីពី ការ​ប្រ​ឆាំងអំពើពុករលួយ និងមាត្រា៩៨ ចំ​ណុច​១ នៃច្បាប់ស្តីពីជលផល។

ចំពោះវត្ថុចាប់យកមួយចំនួន ត្រូវបានតុលាការសម្រេចរឹបអូស និងមួយចំនួនទៀត ត្រូវបានប្រគល់ឱ្យ ម្ចាស់​ដើម​វិញ។

ជនចាប់ចោទទាំង៣នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅ តុ​លាកា​រ​ខេត្ត​កំ​ព​ង់ឆ្នាំងកាលពីខែមេសាកន្លងមក​ពាក់ព័ន្ធ​នឹង​ការទន្ទ្រានយកព្រៃលិចទឹក​ក្នុងបឹងទន្លេសាប​តំបន់​២​ប្រ​មា​ណ​​ជា​ ៩​ហិកតា។

កាលពីឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយក៏បានមានចំណាត់ការផ្លូវ​ច្បាប់ចំពោះឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកកែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃ​ស្នង​កា​រ​ដ្ឋាន​ន​គ​របាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​នឹង​ការទន្ទ្រានយកព្រៃលិចទឹកក្នុងបឹងទន្លេសាបនៅតំបន់៣ ក្នុង​ស្រុក​កំពង់​លែងផងដែរ។

អ.ប.ពបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ដីព្រៃលិចទឹកបឹងទន្លេសាបក្នុងតំបន់៣ និងតំបន់២​​ ជិត៤ម៉ឺន​ហិក​តា ត្រូវបានមនុស្ស​ចំនួន​១៧៦នាក់ រំ​លោភ​កាន់កាប់ក្នុងទ្រង់ទ្រាយធំ ​ដោយខុសច្បាប់។ 

ក្នុងនោះ មាន​១៥២​នាក់ បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ដីជូន​រដ្ឋ​វិញ ដែលមានផ្ទៃដី៣០ ១០៩ ហិកតា។ ប៉ុន្តែ២៤នាក់ កាន់កាប់ខុសច្បាប់ ៩ ៤៦៣ ហិកតា ដែលអ្នកខ្លះកាន់កាប់រហូតដល់ ២ ៥០០ ហិកតា បានប្រកែកមិនព្រមប្រគល់ដីជូនរដ្ឋវិញ។

អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ លោកសយ ច័ន្ទវិចិត្ត បានឱ្យដឹងថា អ.ប.ព​កំពុងតែ​មាន​ចំ​ណាត់​កា​​​រប​ន្តទៅលើបញ្ហាទន្រ្ទានយកដីធ្លី​នៅក្នុង​​​បឹង​ទន្លេសាបនេះ៕