អគ្គស្នងការនគរបាលជាតិ លោក ស ថេត ណែនាំឲ្យសមត្ថកិច្ចខេត្តព្រះសីហនុ កុំឲ្យមានការធ្វេស ប្រហែសលើបញ្ហាសន្តិសុខនៅក្នុងខេត្តនេះ ពោលគឺត្រូវបើកការស្រាវជ្រាវបន្ទាន់ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន នៅពេលមានបទល្មើសកើតឡើង។
ការណែនាំនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោក ស ថេត ចាត់ទុកខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញទៅដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។
គេហទំព័រក្រសួងមហាផ្ទៃបានចុះផ្សាយពីកិច្ចប្រជុំនេះដោយលើកឡើងថា លោក ស ថេត បានណែនាំដល់កងកម្លាំងនគរបាលថា «ត្រូវបន្ដកិច្ចសហការឲ្យបានជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពួតដៃគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពោលគឺការងារនេះមិនអាចធានាទៅបានឡើយ បើមិនមានកិច្ចសហការល្អពីស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាវុធហត្ថ និងស្ថាប័នតុលាការ»។
គេហទំព័រក្រសួងមហាផ្ទៃលើឡើងថា៖ «ចំពោះបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងល្បែងអនឡាញវិញ ក៏ត្រូវតែបន្ដពង្រឹង (ទប់ស្កាត់) ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះបទល្មើសទាំងអស់នេះក៏ជះឥទ្ធិពលមិនល្អដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា ពិសេសខេត្តព្រះសីហនុតែម្ដង»។
លោក ស ថេត បានសង្កត់ធ្ងន់ថ៖ «កងកម្លាំងនគរបាលមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសទាំងនេះឡើយ ពោលក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូដល់ពលរដ្ឋ និងត្រូវតែស្អាតស្អំ»។
យ៉ាងណាក៏ដោយ មិនមានចំនួនករណីបទល្មើសនៅខេត្តនេះដែលត្រូវបានបង្ក្រាប ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍នេះឡើង៕