ភ្នំពេញៈ ថ្នាក់ដឹកនាំមួយចំនួន ស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ និងត្រូវបានដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើមនេះ មិនត្រូវបានអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ពេលបំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានានោះទេ ដើម្បីធានាឱ្យការប្រើឯកសណ្ឋាននគរបាលជាតិបានត្រឹមត្រូវស្របតាមគោលការណ៍កំណត់។
ការណែនាំនេះត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស សុខា តាមរយៈសេចក្តីណែនាំ ស្តីពីការកំណត់ឱ្យប្រើឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ ចុះថ្ងៃទី១០ ខែធ្នូ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណនាថ្ងៃទី១២ ខែធ្នូ។
សេចក្តីណែនាំបានឱ្យដឹងថា ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្តីពី ការស្លៀកពាក់ឯកសណ្ឋាននិងការប្រើស្លាកសញ្ញានគរបាលជាតិកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់មន្ត្រីនគរបាលជាតិ ឱ្យបានស័ក្តិសមជាកងឯកភាពរៀបរយ សំដៅធានាប្រសិទ្ធភាពនៃការបំពេញ កិច្ចប្រតិបត្តិការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិបម្រើការងារតាមបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិក្នុងពេលបំពេញការងារ បានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំនិងលិខិតបទដ្ឋានដែលបានកំណត់។
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃក៏បាន សង្កេតឃើញថា កន្លងមកមានថ្នាក់ដឹកនាំមួយចំនួនតូច ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយ និងបានដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។
ដើម្បីធានាឱ្យការប្រើឯកសណ្ឋាននគរបាលជាតិបានត្រឹមត្រូវស្របតាមគោលការណ៍កំណត់ លោកឧបនាយករដ្ឋមន្រ្តីបានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយថា៖«មិនអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃនិងចូលរួមកិច្ចប្រជុំនានា។ អនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ក្នុងករណីមានការចាត់តាំងឱ្យចូលរួមក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឱ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ»។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ស្ថាប័នចំណុះក្រសួងមហាផ្ទៃត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវការណែនាំនេះ។ ក្នុងនោះរួមមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ប្រធានអង្គភាពពាក់ព័ន្ធ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី។
ទាក់ទងទៅនឹងការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិនេះផងដែរ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំដល់មន្ត្រីនគរបាលជាតិ ពីការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិលើបណ្តាញសង្គមផ្សេងៗផងដែរកាលពីថ្ងៃទី៩ ខែធ្នូនេះ។
ការណែនាំនេះត្រូវបានធ្វើឡើង ក្រោយពីមានការពិនិត្យឃើញថាបច្ចុប្បន្ននេះ មានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ក៏ដូចជាថតវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook Tiktok Instagram និងបណ្តាញសង្គមផ្សេងៗទៀត។
លោកនាយឧត្តមសេនីយ៍បញ្ជាក់ថា៖«វីដេអូ មួយចំនួនមានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួល បានការរិះគន់ពីសាធារណជនផងដែរ»។
ដើម្បីបង្ហាញពីឆន្ទៈមោះមុត និងភាពមិនទន់ជ្រាយរបស់មន្ត្រីនគរបាលជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ត្រូវ ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ត្រូវស្របតាមអនុក្រឹត្យលេខ១៤ អនប្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០០ ស្តីពីការកែសម្រួលឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិ។
លោកនាយឧត្តមសេនីយ៍បានណែនាំថា៖«ត្រូវបានរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកំសាន្តតាមរយៈ បណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន និងការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គម ដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ»។
ក្រៅពីនោះ ត្រូវប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ក្នុងពេលបំពេញការងារ ក្នុងពេលបំពេញប្រតិបត្តិការ សន្និសីទសារព័ត៌មាន ជាពិសេសមន្ត្រីនគរបាលជាតិដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិល មិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យនោះទេ។
បន្ថែមពីនោះ ប្រធាននាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ត្រូវធ្វើការណែនាំចំពោះមន្ត្រីក្រោម ឱវាទ លើការបង្ហោះវីដេអូផ្សេងៗ ដែលមានលក្ខណៈជាប្រតិបត្តិការ ឬការប្រើប្រាស់កម្លាំងរួម លើបណ្តាញសង្គម ដោយត្រូវមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន-អង្គភាព ឬស្នងការនគរបាលសាមីជាមុន។
អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកយង់ ពៅបានគាំទ្រចំពោះចំណាត់ការផ្សេងៗចំពោះមន្រ្តីអនុវត្តច្បាប់។ លោកបានលើកឡើងថា មន្រ្តីនគរបាល ទោះស្ថិតក្នុងឋានៈណាក៏ដោយ គឺជាមន្រ្តីកងម្លាំងប្រដាប់អាវុធ ដែលធានានូវការអនុវត្តច្បាប់ សណ្តាប់ធ្នាប់សង្គម និងប្រទេស។
លោកបញ្ជាក់ថា៖«អញ្ជឹងប្រសិនបើមន្រ្តីកងកម្លាំងប្រដាប់អាវុធ ដែលធានាដល់ការអនុវត្តច្បាប់ ប៉ុន្តែខ្លួនឯងបានប្រព្រឹត្តខុសពីច្បាប់ នោះគឺជារឿងគួរឱ្យអាម៉ាស ដែលធ្វើឱ្យសង្គមយើងបាត់បង់សណ្តាប់ធ្នាប់ ធ្វើឱ្យមិនអាចអនុវត្តច្បាប់បាន និងឱ្យមានការមើលបំណាំក្នុងការអនុវត្តច្បាប់»។
លោកបានសង្កេតឃើញថា មានការរអ៊ូរទាំចំពោះមន្រ្តីនគរបាលយុត្តិធម៌ នគរបាលចរាចរណ៍ និងនគរបាលនៅតាមឃុំសង្កាត់ជាដើមជាច្រើនករណី ចំពោះការផ្តល់សេវាកម្មសាធារណៈ និងការបំពានអំណាចផ្សេងៗ។
លោកថ្លែងដូច្នេះថា៖អញ្ជឹងការស្លៀកពាក់ហ្នឹងក៏ធ្វើឱ្យមានការភ័ន្តច្រឡំដែរ។ ប្រសិនបើគាត់ជាមន្រ្តីនយោបាយហើយ នៅប្រើប្រាស់សម្លៀកបំពាក់នគរបាលទៀត អញ្ជឹងធ្វើឱ្យមានការភ័ន្តច្រឡំថា គាត់ជាមន្រ្តីនគរបាលអនុវត្តច្បាប់ ឬមន្រ្តីនយោបាយ..យើងជាមន្រ្តីអនុវត្តច្បាប់ តែយើងទៅបំពានច្បាប់ តើឱ្យពលរដ្ឋទៅសង្ឃឹមអីទៀត? តើបង្ខំឱ្យពលរដ្ឋអនុវត្តច្បាប់យ៉ាងដូចម្តេច? ដូច្នេះត្រូវតែអនុវត្តច្បាប់ ហើយមន្រ្តីអនុវត្តច្បាប់ហ្នឹង អនុវត្តមុនគេបង្អស់យ៉ាងតឹងរឹងបំផុត»៕