ភ្នំពេញៈ អនុ​ផល​ព្រៃឈើ ដែល​ជាវត្ថុតាង​នៃ​បទល្មើស រឹបអូស​នាពេល​កន្លងមក ជាង៥ពាន់​ម៉ែត្រគុប នឹងត្រូវប្រកាស​ដាក់ឱ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ​នាដើមខែ​ក្រោយ ដែលមានតម្លៃ​ជាមូលដ្ឋាន​ស្មើនឹង​ទឹកប្រាក់​ជិតកន្លះ​លាន​ដុល្លារ​អាមេរិក។

គណៈកម្មការពិនិត្យ វាយតម្លៃ និងដេញថ្លៃ ឬពិគ្រោះថ្លៃលើមធ្យោបាយដឹកជញ្ជូន និងផល អនុផលព្រៃឈើ គ្រប់ប្រភេទ បានជូនដំណឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងដាក់ ឱ្យដេញថ្លៃជាសាធារណៈនូវផល អនុផលព្រៃឈើដែលជាវត្ថុតាង នៃបទល្មើសនៅតាមបណ្តាទីតាំងរក្សាទុកនានារបស់ អធិការដ្ឋានរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ។

គណៈកម្មការ នេះបានឱ្យដឹងថា ក្នុងដេញថ្លៃជាសាធារណៈនេះ មានបរិមាណឈើចម្រុះប្រភេទសរុបជាង ៥ ៣៦៥ ម៉ែត្រគុប និងអនុផលព្រៃឈើមួយចំនួនទៀត ដែលមានតម្លៃជាមូលដ្ឋានស្មើនឹងទឹកប្រាក់សរុបចំនួន ១ ៨២៥ ១៣៨ ៩៨៨ រៀល។

គណៈកម្មការ បានរៀបចំឯកសារសម្រាប់អតិថិជន ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅរដ្ឋបាលព្រៃឈើ ដែល មានអាសយដ្ឋាន លេខ៤០ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៩ខែ ធ្នូឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ ។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនរដ្ឋបាលព្រៃឈើ (នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ) យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅក្រសួងកសិកម្ម មានអាសយដ្ឋានលេខ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ៩ ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

គណៈកម្មការ បានបញ្ជាក់ថា អតិថិជន ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។

ទាក់ទងនឹងការងារព្រៃឈើនេះផងដែរ​ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានណែនាំ ឱ្យរដ្ឋបាលព្រៃឈើធ្វើការផ្សាភ្ជាប់ការអភិរក្ស​ និងការអភិវឌ្ឍនូវធនធានព្រៃឈើ និងសត្វព្រៃ​ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈើ ប្រកបដោយប្រសិទ្ធភាព​ បន្ថែមទៀត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ​។

ការណែនាំនេះធ្វើឡើង ក្នុងពេលធ្វើជាធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី១២ ខែធ្នូ​នេះ។

លោក សួន សុវណ្ណ អនុប្រធានទទួលបន្ទុករួមរដ្ឋបាលព្រៃឈើ បានរាយការណ៍ជូនកិច្ចប្រជុំអំពីលទ្ធផលសម្រេចបានលើវិស័យព្រៃឈើក្នុងឆ្នាំ២០២៤។

ក្រៅពីនោះ លោករដ្ឋមន្រ្តី​ ក៏បានណែនាំដល់រដ្ឋបាលព្រៃឈើត្រូវពង្រឹងការងារឱ្យកាន់តែប្រសើរថែមទៀត​ មានភាពច្បាស់លាស់​ ធ្វើការតាមរយៈខ្សែបណ្តោយ ​សហការជាមួយអជ្ញាធរខេត្ត​ និងមន្ទីរកសិកម្មរាជធានី-ខេត្ត​ អនុវត្តការងារឱ្យមានភាពសកម្ម​ និងចំគោលដៅ។

លោករដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលើប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ។ ក្នុងនោះត្រូវគិតគូរពិនិត្យរួមគ្នាអំពីផែនការថវិកា​ ផែនការសមិទ្ធកម្ម​ និងសមិទ្ធផលនានា​ដែលសម្រេចបាន​ បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុក​ ដែលជាពិសោធន៍ពីឆ្នាំចាស់​ សម្រាប់ឆ្នាំថ្មីខាងមុខនេះ​ប្រកបដោយប្រសិទ្ធភាព​ និងមានមូលដ្ឋានច្បាស់លាស់។

លោករដ្ឋមន្រ្តី​ បានលើកទឹកចិត្តដល់អង្គប្រជុំ​ ឱ្យបន្តជំរុញការងារសហគមន៍ព្រៃឈើទំនើប​ ដែលមានលក្ខ​ខណ្ឌជាក់លាក់​ មានភាពម្ចាស់ការ​ពិតប្រាកដ​ និងមានចំណូលពីផលព្រៃឈើ​ និងកសិ-រុក្ខកម្មផងដែរ។

លោក សួន សុវណ្ណសុំមិនធ្វើអត្ថាធិប្បាយពីលទ្ធផលការដែលសម្រេចបានរបស់រដ្ឋបាលព្រៃឈើនោះទេ។ លោកសុំឱ្យភ្នំពេញប៉ុស្តិ៍ទាក់ទង អ្នកនាំពាក្យក្រសួងកសិកម្មជំនួសវិញ។

អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ មិនអាចទាក់ទងបានទេ នាថ្ងៃទី១៣ ខែធ្នូនេះ៕