រដ្ឋាភិបាល​ឥណ្ឌា​បន្ត​គាំទ្រ​គម្រោង​បោស​សម្អាត​មីន​នេះ​នៅ​កម្ពុជា ដោយ​បន្ថែម​​ជំនួយ​ឥត​សំណង​​ក្នុង​ទឹក​ប្រាក់ ៥ម៉ឺន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​បោស​សម្អាត​មីន​លើ​ផ្ទៃដី​មាន​មីន​ចំនួន ​១៩៦ ៨១០ ម៉ែត្រក្រឡា ក្នុង​ភូមិ​កោះប៉ោ ឃុំ​បាក់ខ្លង​ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។

ជំនួយ​ឥត​សំណង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ​នេះ ក្រោម​ក្រម​ខណ្ឌ​គម្រោង​ផ្តល់​ផល​រហ័ស «Quick Impact Projects» ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ លី ធុជ ទេសរដ្ឋមន្រ្តី ​អនុប្រធានទី១ ​អាជ្ញាធរមីន ​និង​លោកស្រី​ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា។

លោក លី ធុជ បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ឥណ្ឌា និង​ស្ថាន​ទូត​ឥណ្ឌា ដោយ​ថ្លែង​ថា៖ «ការ​គាំទ្រ​ឥត​ងាករេ​របស់​ឥណ្ឌា​ និង​ការ​ប្រឹងប្រែង​នានា​មាន​សារៈ​សំខាន់​ក្នុង​បន្ថែម​ទៅ​លើ​គំនិត​ផ្ដួច​ផ្ដើម​សង្គ្រោះ​ជីវិត​មនុស្ស ដែល​នឹង​នាំ​មក​នូវ​សុវត្ថិភាព ក្ដី​សង្ឃឹម និង​ឱកាស​អភិវឌ្ឍន៍​សម្រាប់​ប្រជពលរដ្ឋ​ខេត្ត​កោះកុង»។

លោក​​បន្ត​ថា ជំនួយ​ឥត​សំណង​សម្រាប់​ការ​សម្អាត​មីន​នៅ​ភូមិ​កោះប៉ោ​នេះ គឺ​ជា​សក្ខីភាព​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ឥណ្ឌា​សម្រាប់​បុព្វហេតុ​មនុស្សធម៌ និង​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ចិរភាព​នៅ​កម្ពុជា។

យោង​តាម​អាជ្ញាធរ​មីន ប្រទេស​ឥណ្ឌា​បាន​ចូលរួម​បោស​សម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០២២ ក្រោម​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មីន និង​ធ្វើការ​បោស​សម្អាត​នៅ​ក្នុង​ខេត្ត​កោះកុង ​លើ​​ផ្ទៃ​ដី​ប្រមាណ​ ២,២០ គីឡូម៉ែត្រ​ក្រឡា ដែល​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC)។

ស្ថានទូត​ឥណ្ឌា ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​ផ្តល់​នូវ​អវយវៈ​សិប្បនិមិត្ត​ដល់​ជន​មាន​ពិការភាព​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​​ជាង ៧០០ នាក់ ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​ផង​ដែរ។

លោស្រី​ Devyani Uttam Khobragade ថ្លែង​ថា​ រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ក្រប​ខណ្ឌគ​ម្រោង​ផ្តល់​ផល​រហ័ស​នេះ មិន​ត្រឹម​តែ​ចូលរួម​ចំណែក​ដល់​ការងារ​បោស​សម្អាត​មីន​ប៉ុណ្ណោះ​ទេ ថែម​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​នៅ​ទីជនបទ វិស័យ​អប់រំ និង​ការ​លើក​កម្ពស់​យេនឌ័រ ផង​ដែរ៕