ភ្នំពេញៈ​ ក្រសួងបរិស្ថានគ្រោងនឹងប្រកាសដាក់ចេញយុទ្ធនាការ៣បន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខនេះ ដែល​រួ​​ម​មាន​ការ​សំអាតផ្លូវជាតិនៅទូទាំងប្រទេស និងការផ្តោតសំខាន់ទៅលើជីវិតមនុស្ស តាមរយៈ​ការពង្រឹង​លើការ​ងារ​ត្រួត​ពិនិត្យ​គុ​ណ​ភាពទឹក។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានថ្លែងថា នាពេលបច្ចុប្បន្ន ក្រសួង រួមនឹងស្ថាប័នពាក់ព័ន្ធ​កំពុ​ង​តែសា​ក​ល្ប​ង​សម្អាតនៅតាមផ្លូវជាតិមួយចំនួន ដូចជាផ្លូវជាតិលេ៣ លេខ៤ លេខ៤១ និងផ្លូវជាតិលេខ៥១ជាដើម។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ផ្លូវជាតិឆ្នាំ២០២៥ ត្រូវតែស្អាត​ គ្រប់ផ្លូវជាតិទាំងអស់។ នេះជា យុទ្ធនាការថ្មី ដែលយើង កំ​ពុង​​តែសាកល្បង។ ខ្ញុំនឹងប្រកាស​បើកយុទ្ធនាការនេះ នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ ប៉ុន្តែអ្វីក៏ដោយ អ្វី​ដែល​ខ្ញុំធ្វើគឺខ្ញុំសិក្សា ខ្ញុំសាកល្បង ហើយខ្ញុំប្រកាស...ផ្លូវជាតិលេខ៥១ មួយសប្តាហ៍ក្រោយ ស្អាតអស់ហើយមើលទៅ​ ព្រោះ​រោង​ចក្រអី ចេញមកអស់ហើយ មកសម្អាត»។

នៅក្នុងសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងលើកទីសដៅការងារឆ្នាំ២០២៥ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបាន​ដាក់​ចេញ​យុទ្ធនាការ​ភាព​ស្អាត​លើដី ភាពស្អាតក្នុងទឹក ភាពស្អាតលើមេឃ ជាបន្តបន្ទាប់ និងមួយជំហានម្តងៗ ដើម្បី​ទទួល​បានភាព​ស្អាតក្នុង​សង្គម​កម្ពុជា​និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និង​ញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ រហូតមកដល់ពេលនេះ មានការ​ចូល​រួម​ប្តេជ្ញា​ចិត្ត​ពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧លាន អង្គ/នាក់។ រីឯយុទ្ធនាការ“កម្ពុជាស្អាត ខ្មែរធ្វើបាន” មាន​សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០ភាគរយ​និង​កាត់​បន្ថយ​សំរាម​/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣»។

នាពេលកន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាម ចំនួន ៦៣គ្រឿង រថយន្ត​៨៨គ្រឿង ម៉ូតូកង់បី ១៦១គ្រឿង ធុងចម្រោះទឹក និងធុងសំរាមរាប់ពាន់ធុង ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌល​សុខភាព និងវត្តអារាម មានធុង​ដាក់​សំ​រាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយ ធ្វើឱ្យប្រសើរឡើង នូវគុណ​ភាព​បរិស្ថាន​នៅ​ក្នុងមូល​ដ្ឋាន​។​

បន្ថែមពីនោះ ក្រសួងបានបន្តគាំទ្រ មធ្យោបាយ សម្ភារៈ ក្នុងនោះមានរថយន្តដឹកសំរាមចំនួន ១៨គ្រឿង ដើម្បីគាំទ្រការ​ចូលរួម​សម្អាត​ផ្លូវជាតិ ឆ្ពោះទៅ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិនៅឆ្នាំ២០២៥»។ ដៃ​គូ​ស​ហការមួយចំនួនទៀតបានគាំទ្រនិងផ្តល់សម្ភារជាបន្តបន្ទាប់ មកដល់ក្រសួងបរិស្ថាន ដើម្បីអនាគត​កម្ពុជា​មាន​ភាព​ស្អាត​ផង​ដែរ។

លោករដ្ឋមន្រ្តីក៏បានថ្លែងផងដែរថា ស្របនឹងភាពជោគជ័យ ក្រសួងបរិស្ថានក៏បានដាក់ចេញការងារបន្តឆ្នាំ២០២៥ គឺ​ត្រៀម​ដាក់ចេញយុទ្ធនាការចំនួន៣បន្ថែមទៀត ដោយផ្តោតសំខាន់លើជីវិតមនុស្ស ក្នុងនោះបានពង្រឹង​លើការងារ​ត្រួត​ពិនិត្យគុណភាពទឹក តាមរយៈការបំពាក់ឧបករណ៍ត្រួតពិនិត្យ​សំណល់រាវនៅតាមរោង​ចក្រសហគ្រាស​មុន​ការ​ប​ញ្ចេញ​ទៅ​ក្រៅ។

នាពេលបច្ចុប្បន្ននេះ ក្រសួងបាននឹងកំពុងតែធ្វើទំនើបកម្មការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ។ ក្នុង​នោះ រោងចក្រសហគ្រាសចំនួន៣៦ ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ត្រូវ​បានបំពាក់​ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួនរួចរាល់​គិត​ត្រឹម​ខែ​ធ្នូនេះ។

លោករដ្ឋមន្រ្តី សុផល្លែតបានថ្លែងទៅកាន់អ្នកចូលរួមជាង៥០០នាក់ដូច្នេះថា៖«យើងសុខចិត្តឱ្យមានការបិទរោងចក្រ ស​ហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈ ជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង»៕