ភ្នំពេញៈ ក្រសួងបរិស្ថានបានជម្រុញឱ្យមានចំណាត់ការផ្លូវច្បាប់ ចំពោះអ្នកមិនប្រុងប្រយ័ត្ន បង្កឱ្យមានភ្លើងឆេះព្រៃ ដែល​ជា​បទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់១ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០០លានរៀល។

វិធានការនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុង​រដូ​វ​ប្រាំងរាំងស្ងួតនេះ របស់ក្រសួងបរិស្ថាននាថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ។

ក្រសួងបានកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួត​ខ្លាំង ដែលជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើង ឆេះព្រៃ ប្រការ​ដែល​គួរ​ឱ្យព្រួយ​បា​រម្ភបំផុតនោះ គឺភ្លើងឆេះព្រៃ ដែលបង្កឡើងដោយសារសកម្មភាពរបស់ មនុស្សផ្ទាល់។

កត្តា​ចម្ប​ង​ ដែល​ប​ង្កឱ្យ​មានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការ ដុតរាន ​ព្រៃដើម្បី​ដាំ​ដំ​ណាំ​កសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃ ដើម្បីតាំងលំនៅឋាន ខុសច្បាប់ ការទន្ទ្រាន​កាន់​កាប់ដី​រដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។ល។

ក្រសួងបញ្ជាក់ថា៖«ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការ បាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និង​បរិស្ថាន»។

ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងបានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ​បរិស្ថាន រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បី អប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជា​ស​ហគមន៍ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការ​ដុតស្មៅ ឬព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃឈើក្នុងតំបន់ការពារធម្មជាតិជាដើម។

ក្រៅពីនោះ ត្រូវទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំ កសិ​កម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និង​រាលដាលរហូតដល់ភូមិកររបស់ពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា នៅក្នុង​ឬជុំវិញ​ស​ហ​គមន៍តំបន់ការពារធម្មជាតិ។

ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោម គោលបំណងដាំ​ដំ​ណាំ​កសិ​កម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ក្នុងតំបន់ការពារធម្មជាតិ គឺត្រូវជូនដំណឹងដល់មន្ទីរបរិស្ថានរាជធានី-ខេត្ត​សា​មី ដែលជាសមត្ថកិច្ច ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេស សមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។

ចំពោះការរុករកផល អនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀតក្នុងតំបន់ការពារ ធម្មជាតិ​ដែល​ចាំ​បាច់​ត្រូវ​ប្រើភ្លើងជាមធ្យោបាយ ដូចជាការដុតរណ្តៅជ័រជាដើម មន្ទីរបរិស្ថានត្រូវធ្វើការណែនាំអ្នកពាក់ព័ន្ធឱ្យ ពន្លត់​ភ្លើង​ឱ្យអស់​ជាចាំបាច់ មុនពេលចាកចេញពីដើមឈើឈ្មោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ។

បន្ថែមពីនោះ ក៏ត្រូវរៀបចំផ្លូវភ្លើងព្រៃ ដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត និងចូលរួម ចាត់​វិធានការថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងករណី មានភ្លើងឆេះព្រៃជាយថាហេតុ។

ក្រសួងបានណែនំាថា ក្នុងករណីកើតមានភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជា បន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុង ការ​ប្រើ​កម្លាំងសរុប រួមមាន ពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ។ល។ ដែល​ឈរជើងនៅក្នុងមូលដ្ឋាននោះ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។

សេចក្តីណែនាំបានសរសេរថា៖«ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មន្ទីរ​បរិស្ថាន ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណា ដែលបានកាប់រុករាន ដុតព្រៃ និងកាន់កាប់ដីព្រៃឈើក្នុងតំបន់ ការ​ពារធម្មជាតិដែលឆេះ ដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល»។

លើសពីនោះ ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ការចូលប្រើប្រាស់ដីព្រៃឈើ និងព្រៃលិចទឹក ក្នុង​តំបន់ការពារធម្មជាតិដែលបានឆេះរួច ដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិ ឬ ដាំស្តារ​ព្រៃ​ឈើ​ឡើងវិញ។

ក្រសួងបានលើកឡើងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជី​ខ្ជា មិនប្រុងប្រយ័ត្ន ឬ​មិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើស ធន​ធាន​ធម្ម​ជាតិ​ថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និង​ពិន័យជា​ប្រាក់ពី១០​ ដល់​១០០លានរៀល។ 

ដោយឡែក មាត្រា៨៥១ បានសរសេរថា បុគ្គលណា ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ដោយចេតនា ជា​បទល្មើសធនធានធម្មជាតិ ថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ​១០​ឆ្នាំ​ផង​ដែរ។

កម្ពុជាមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ គ្របដណ្ដប់ លើផ្ទៃដីសរុបជាង៧,២លានហិកតា ដែល​ស្មើនឹង​ជាង​៤០ភាគរយ នៃផ្ទៃដីប្រទេស។ 

លោកនាង វណ្ណៈនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងបញ្ហាភ្លើងឆេះព្រៃនេះ អាជ្ញាធរ​​ខេត្តតែងតែធ្វើការអប់រំ ផ្សព្វផ្សាយជា​ប្រចាំ​ជា​រៀង​រាល់ឆ្នាំ ទៅដល់កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោម​ក៏ដូច​ជា​ប្រជា​ពលរដ្ឋជាដើម​តាមរយៈកិច្ចប្រជុំនានា។ 

លោកបញ្ជាក់ថា៖«យើងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយសហការអន្តរាគមន៍ជាមួយនឹងបញ្ហាភ្លើងនេះ ហើយ​ យើង​នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែបានទូលំទូលាយបន្ថែមទៀត»។
 
ក្នុងកិច្ចប្រជុំលើកទី​១៣ នៃគណៈកម្មាធិការ​តម្រង់ទិស​ ថ្នាក់​រដ្ឋមន្ត្រី​អនុតំបន់​មេគង្គស្តី​ពី​ការ​បំពុលអ័ព្ទឆ្លងដែន ក្នុងអនុតំបន់ទន្លេមេគង្គ (13th MSC Mekong) នាដើមខែធ្នូ​នេះ រដ្ឋលេខាធិកាប្រចាំការ នៃក្រសួងបរិស្ថាន លោកសាន វណ្ណទី បានលើកឡើងថា អនុតំបន់ទន្លេមេគង្គ ល្បីល្បាញខាងជីវចម្រុះ និង​ភាព​សម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី ដែល បានទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ 

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ធនធានដ៏មាន​តម្លៃទាំងនេះ​ប្រ​ឈម​នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីបញ្ហា ភ្លើងឆេះព្រៃ ការបំពុលផ្សែងអ័ព្ទឆ្លងដែន និង​ផល​ប៉ះពា​ល់ធ្ង​ន់ធ្ងរ​កាន់តែខ្លាំងឡើង នៃការប្រែប្រួលអាកាសធាតុ។

ក្នុងកិច្ចប្រជុំនោះ ប្រទេសក្នុងអនុតំបន់​ទន្លេមេគង្គ​ក៏បាន ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការពង្រឹង​សកម្មភាព​ក្នុង​ប្រទេ​ស​នីមួ​យ​ៗ តាមរយៈ​ផែនការ​សកម្ម​ភាពជាតិរៀងៗខ្លួន និង​ផ្តល់​អាទិភាព ដល់ការបង្ការអគ្គិភ័យ ការព្រមានជាមុន ការ​ត្រួត​ពិនិត្យ និងការពន្លត់​អគ្គិភ័យ ដើម្បី​កាត់​បន្ថយ​ការ​កើត​ឡើង​ នៃ​អ័ព្ទឆ្លងដែន​ក្នុងអំឡុង​ពេលនៃអាកាស​ធាតុកាន់​តែ​ស្ងួត​។

អង្គការសហប្រជាជាតិបានព្យាករណ៍ថា ភ្លើងឆេះធ្ងន់ធ្ងរនឹងកើនឡើងជាសកល រហូតដល់ ១៤ភាគរយ ត្រឹម​ឆ្នាំ​២០​៣០ ហើយ ៣០ភាគរយត្រឹមចុងឆ្នាំ២០៥០ និង ៥០ភាគរយ ត្រឹមចុងសតវត្សន៍នេះ៕