ភ្នំពេញៈ ការប្រមូលទិន្នផលគម្រោងស្រូវមិត្តក្រៀល (Srov Met Kriel) បានកើនឡើង៤២ភាគរយ​ក្នុងឆ្នាំ​២០២៤​នេះ ក្រោយពីការកែប្រែមកប្រើប្រាស់ជីសរីរាង្គ ស្របពេលដែល​ក្រសួងកសិកម្មជម្រុញឱ្យកសិករ​បង្កើន​ការ​ប្រើប្រា​ស់​ជីស​រីរា​ង្គ​ ដែល​ជួយ​ទាំងការបង្កើន​ប្រាក់​ចំណេញ និងបរិស្ថាន។

ទិន្នផលស្រូវមិត្តក្រៀលចំនួន៣៧០តោនត្រូវបានប្រមូល លើផ្ទៃដី១៤៣ហិកតារបស់គម្រោងស្ថិត នៅ​ជាប់​តំបន់​ការ​ពារ​​ទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ 

ទិន្នផលនេះ មាន​កើន​ឡើង​ប្រ​មាណ​ជា៤០ភាគរយ បើ​ធៀប​ទៅ​នឹងទិន្នផលឆ្នាំ២០២៣កន្លងមក ដែលមានចំនួន២៦០តោន។ នេះបើយោងតាម​លោក ប៊ូ វរ​សក្ស នាយក​អង្គ​ការ​ ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia)។ 

លោកបញ្ជាក់ថា៖«វាមានការកើនឡើងជាងឆ្នាំទៅ ក្នុងទំហំផ្ទៃដីប្រហាក់ប្រហែលគ្នានេះ។ ​គាត់​ជា​កសិករ​ចូល​ក្នុង​គម្រោងរបស់យើងចូលដល់ឆ្នាំទី៣ ទី៤ហើយ។

ការជួយកែប្រែគុណភាពដីរបស់គាត់ កាន់​តែមាន​ភាព​ប្រ​សើរ​ឡើង ព្រោះថាពីមុនគាត់ជោគជាំដោយការប្រើប្រាស់គីមី។ អញ្ជឹងការដែលគាត់ងាកមកប្រើជីសរីរាង្គវិញ​វាជួយ​បង្កើន​គុណ​ភាព​ដី ដែល១ហិកតាបានផល២តោនកន្លះ»។

កសិករចំនួន១២០គ្រួសារ ដែលត្រូវបានជ្រើសរើសឱ្យ​ចូល​រួមក្នុងគម្រោងស្រូវមិត្តក្រៀលបានដាំដុះ នូវ​ប្រភេទ​ស្រូ​វ​ឈ្មោះសំបកកាទឹម និង​ពងលលក។ ​សត្វ​ក្រៀល ដែលកំពុង​តែទទួល​រងការ​គំរាម​កំ​ហែង​ឈានទៅជិតផុតពូជនោះ​​ចូល​ចិត្តស៊ីស្រូវប្រភេទនេះ ស៊ីមើមផ្លុង និងសត្វល្អិតពីក្នុងភក់ល្បាប់ជាចំណីផងដែរ។

កសិករ ដែលចូលរួមក្នុងគម្រោងនេះគឺត្រូវគោរពតាមលក្ខខណ្ឌ១២ចំណុចរបស់គម្រោង ដែលផ្តល់ផលប្រយោជន៍​ដល់​​ទាំង​កសិករ ជាមាជិក និងសត្វក្រៀល។ លក្ខខណ្ឌសំខាន់ៗរួមមាន ត្រូវកាត់បន្ថយការប្រើប្រាស់ជីគីមី៣០ភាគរយ និងថ្នាំ​ពុល​កសិកម្ម​១៥ភាគរយ ក្នុង១ហិកតា, ដាំដុះស្រូ​វប្រភេទសត្វក្រៀលចូលចិត្តស៊ី នៅ​លើទី​តាំង ដែលវារកចំណី,​ទុកស្រូវក្នុងស្រែយ៉ាងតិច៥ភាគរយ ឱ្យសត្វក្រៀលស៊ី នៅពេលប្រមូលផល, មិនប្រព្រឹត្ត ឬក៏​ពាក់​ព័​ន្ធទៅ​នឹ​ងកា​រ​បរ​បា​ញ់ ជួញ​ដូរសត្វព្រៃ ឬនេសាទខុសច្បាប់, មិនពង្រីកផ្ទៃដីក្នុងតំបន់អភិរក្ស និងមិនដុតចំបើង ឬ​ជញ្រ្ជាំ​ង​ក្នុ​ង​ស្រែដែ​ល​ច្រូ​ត​កា​ត់​រួច ជាដើម។ លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងទៅតាមការពិភាក្សាគ្នា ជាមួយនឹងសហគមន៍ផ្ទាល់។

លោកវរ​សក្ស បានឱ្យដឹងថា ជាធម្មតាស្រូវលក់ឱ្យឈ្មួញបានតម្លៃតែ៩៦០រៀលទេ ក្នុង១គីឡូក្រាម។ ប៉ុន្តែគម្រោង​ទទួ​ល​​ទិ​ញ​ស្រូ​វ​ពី​​កសិករ ក្នុងតម្លៃលើសទីផ្សារ ​ចំនួន៥​ភាគរយ​សម្រាប់កសិករឆ្នាំទី១ និងខ្ពស់ជាងទីផ្សារ ចាប់​ពី៧,៥​ឡើងទៅ សម្រាប់កសិ​ក​រឆ្នាំទី៣ និងទី៤ ប្រើសិនបើពួកគាត់គោរពតាមលក្ខខណ្ឌទាំងនោះ។

លោកថ្លែងថា៖«គោលបំណងរបស់គម្រោង គឺយើងធ្វើការជាដៃគូជាមួយកសិករ ដើម្បីកែប្រែគុណភាពដី ក្នុង​រយៈ​ពេល​វែងឆ្ងាយ ដើម្បីបានផលទៅដល់សត្វក្រៀល ហើយនឹងមនុស្ស។ អញ្ជឹងកសិករ ប្រើជីសរីរាង្គត្រូវការពេល ដើម្បី​កែប្រែគុណភាពដី ហើយ​ កសិ​ករ​ដែល​ចូល​រួម​ដល់​ឆ្នាំ​ទី​៣ និង​​ទី៤​បាន​ផលច្រើនជាងមុន»។

លោកបានលើកឡើងថា ក្រោយពីចូលរួមក្នុងគម្រោង កសិករក៏ទទួលបានផលប្រយោជន៍ចំនួន៣ផងដែរ។ ក្នុងនោះ នៅឆ្នាំទី១ និងទី២​ ពួកគាត់​ទទួលបានពូជស្រូវប្រភេទ សំបកកាទឹម និងពងលលកដោយមិនគិតថ្លែ, ទទួល​ជីស​រីរា​ង្គ​ស្មើ​នឹ​ង៣០ភាគរយ ដែល​ពួកគាត់ កាត់បន្ថយជីគីមីនោះ យកទៅប្រើប្រាស់ជំនួសជីគីមីវិញ និងចុងក្រោយគឺ ទទួល​បាន​​ការ​បណ្តុះ​ប​ណ្តាល​ពីបច្ចេកទេសកសិកម្ម។

លោកបានឱ្យដឹងថា ការធ្វើជំរឿនចុងក្រោយក្នុងឆ្នាំ២០២៤នេះ បានរកឃើញសត្វក្រៀលចំនួន១៨០ក្បាលនៅកម្ពុជា ដែលចំនួននេះមាននិន្នាការកើនឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអនុវត្តគម្រោងនេះ។ កាល​ពីឆ្នាំ​២០២២ ការ​ធ្វើជំ​រឿន​បា​ន​រ​ក​ឃើញថា ចំនួនសត្វក្រៀលបានធ្លាក់ដល់១៥៦ក្បាលឯនោះ។

ការផ្តួចផ្តើមបង្កើតគម្រោងនេះគឺក្រោយពីមានការស្លាប់របស់សត្វក្រៀលចំនួន១០ក្បាលកាលពីឆ្នាំ២០១៨។ បន្ទាប់ពី ​យ​កសាកសពទៅពិនិត្យឃើញមានសារធាតុគីមីពុល​ ដែលទំនងបណ្តាលមកពីការប្រើប្រាស់ជីគីមី ឬទុកដាក់កាក​សំ​ណល់​សំ​បក​ថ្នាំ​គី​មីមិនបានត្រឹមត្រូវ។

លោកបញ្ជាក់ថា៖«ការប្រើប្រាស់សារធាតុគីមីច្រើនពេកក្នុងការកសិកម្ម ប្រហែលជាមូលហេតុនៃការស្លាប់សត្វ​ក្រៀល​។ ​អញ្ចឹងបានជាអង្គការផ្តួចផ្តើមឱ្យមានគម្រោងស្រូវមិត្តក្រៀលនេះឡើង ដែលមិន​ធ្វើ​ឱ្យ​កសិ​ករ​បាត់​បង់​ផល​ប្រ​យោ​ជន៍ទេ តែគាត់ទទួលបានផលប្រយោជន៍ពីក្រៀលទៅវិញ»។

ទាក់ទងទៅនឹងការប្រើប្រាស់ជីសរីរាង្គនេះផងដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានកំពុង​តែជំរុញ​ឱ្យ​កសិករបង្កើនការប្រើប្រាស់ជីប្រភេទនេះផងដែរ។

ការជំរុញត្រូវបានធ្វើឡើង ក្រោយពេល​ដែល​មន្រ្តីជាន់ខ្ពស់របស់​ក្រសួង​​​បាន​ចុះទៅពិនិត្យការផលិតជីសរីរាង្គនៅ​ក្នុង​ខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ សៀមរាប​ ឧត្ដរមានជ័យ​ និង​ខេត្ត​កំពង់ធំជាដើមនាពេលថ្មីៗនេះ។

ក្រសួងកសិកម្មបានលើកឡើងកាលពីថ្ងៃទី១៦​ខែធ្នូនេះថា៖«​ជីសរីរាង្គដែល​ផលិតចេញពីកាក​សំណល់ផ្សេងៗ​ក្នុង​ស្រុក ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយ​សារ​មាន​តម្លៃទាបជាងជីគីមីនាំចូល, បង្កើតការងារ, រក្សាគុណភាពដី, ដោះស្រាយបញ្ហាអនាម័យ និងកាត់​បន្ថ​យ​ផល​ប៉ះ​ពាល់​ផ្នែ​ក​បរិស្ថាន»។

ក្រុមហ៊ុន​ Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេស​ នៅខេត្តកំពង់ធំ​ បាន​នាំ​ចេញ​ដោយ​ជោគ​ជ័យ​នូវ​ផលិ​តផ​ល​ជីស​រីរាង្គចំនួន​ ៣០០តោន​ ទៅកាន់ប្រទេសវៀតណាម​ ក្នុងឆ្នាំ២០២៤នេះ​។ ក្រុមហ៊ុនគ្រោងបង្កើនការនាំចេញ​ដល់ ២ ០០០តោន​ នៅឆ្នាំ២០២៥ខាងមុខ។ ក្រុមហ៊ុនក៏មានផែនការពង្រីកទីផ្សារក្នុងស្រុក​ និងក្រៅស្រុកបន្ថែមទៀតផងដែរ​ ស្របពេលដែលក្រុមហ៊ុនបានទិញឧបករណ៍ថ្មី​ និងគ្រោងផលិតជីសរីរាង្គឱ្យបាន​ ១០​ ០០០តោន​ ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងកសិកម្ម។

ក្រសួងកសិកម្មបានលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការប្រើប្រាស់ជីសរីរាង្គ ដោយកាត់បន្ថយការប្រើប្រាស់​ និង​ការ​ពឹងផ្អែកទាំងស្រុងលើជីគីមីនាំចូលពីបរទេស។ ក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់​បន្ថែមដល់​ក្រុមហ៊ុន​ផលិតជីស​រីរាង្គក្នុង​ស្រុក​ ដើម្បី​បង្កើន​សមត្ថភាពផលិត​ ស្របតាមតម្រូវការទីផ្សារ​ និងប្រជាកសិករ៕