«រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវការ​សារព័ត៌មាន​ដែល​មាន​ថាមពល​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​វិជ្ជាជីវៈ ​និង​អ្នក​សារព័ត៌មាន ដែល​ហ៊ាន​និយាយ​ការពិត​និង​ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​គ្រប់​តថភាព​សង្គម ដើម្បី​ជៀស​វាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តែ​មួយ​ជ្រុង​ ឬ​ព័ត៌មាន​ក្លែង​ក្លាយ»។

នេះ​ជា​ផ្នែក​មួយ​នៃ​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត សម្រាប់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា លើក​ទី២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ​ខាង​មុខ​នេះ ក្រោម​ប្រធានបទ «វិជ្ជាជីវៈ​សារព័ត៌មាន​ការ​បញ្ចេញ​មតិ»។

នៅ​ក្នុង​លិខិត​ចំនួន ៣ ទំព័រ លោក ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ដល់​សារព័ត៌មាន​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​កម្ពុជា ដូចជា​ករណី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ការ​លើក​កម្ពស់​សក្ដានុពល​ទេសចរណ៍​កម្ពុជា និង​ព្រឹត្តិការណ៍​ប្រពៃណី​វប្បធម៌​ផ្សេងៗ​ទៀត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​អះ​អាង​ថា ក្នុង​ដំណាក់​កាល​ណា​ក៏​ដោយ​ រាជរដ្ឋាភិបាល​កម្ពុជា​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ខាង​ការ​បញ្ចេញមតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន»។

យ៉ាង​ណា​ក៏​ដោយ លោក​ក៏​សង្កេត​ផង​ដែរ​ថា ការ​ប្រើ​ប្រាស់​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​ហួស​ព្រំ​ដែន​ច្បាប់ នៅ​តែ​កើត​មាន ​ដែល​បាន​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ ប្រជាពលរដ្ឋ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​សារព័ត៌មាន​មិន​ត្រូវ​ប្រើ​សិទ្ធិ​ក្នុង​របប​សារព័ត៌មាន​ ដែល​ធ្វើ​ឲ្យ ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ និង​ប៉ះ​ពាល់​ដល់​ទំនៀម​ទម្លាប់​សង្គម ​សណ្ដាប់​ធ្នាប់ សាធារណៈ ​រួម​ទាំង​សន្តិសុខ​ជាតិ​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បន្ត​ថា រដ្ឋាភិបាល «ត្រូវការ​នូវ​ការ​រួម​ចំណែក​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ ការ​កែ​ទម្រង់​ច្បាប់ ​និង ប្រព័ន្ធ​យុត្តិធម៌​សង្គម ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ ការ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ការ​កសាង​សង្គម​មួយ​ប្រកប​ដោយ​ភាព​យុត្តិធម៌ សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​យូរ​អង្វែង​ដែល​ជា​បំណង​ប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា»។

លោក​លើក​ទឹក​ចិត្ត​ឲ្យ​សារព័ត៌មាន​ សហការ​ដោះស្រាយ​ការបំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ការផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​បំភ្លៃ​ការពិត ការ​បញ្ចេញមតិ​ដែល​មាន​ចរិត​បំពុល​សង្គម ការ​ជេរប្រមាថ ​ការ​ញុះញង់​បង្ក​ឱ្យ​កើត​មាន​អរិភាព និង​ការ​បែក​បាក់​សាមគ្គីភាព​ជាតិ។ សារព័ត៌មាន​ក៏​ត្រូវ​ចូល​រួម​ថែរក្សា​សុខ​សន្តិភាព ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

ក្រៅ​ពី​ជួយ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ចង់​ឃើញ​សារព័ត៌មាន​ «ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ពិត​ជាក់​ស្តែង និង​ភាព​អសកម្ម​នៅ​ក្នុង​សង្គម​ដើម្បី​រាជរដ្ឋាភិបាល ​មាន​មូលដ្ឋាន​ដោះ​ស្រាយ​បញ្ហា​ចំ​គោល​ដៅ ​និង​មាន​ប្រសិទ្ធភាព»។

លោក​ក៏​ស្នើ​ឲ្យ​សារព័ត៌មាន​ ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ អំពី​វិធាន​ការ​បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ការ​ជួញដូរ​មនុស្ស ហើយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​តុល្យភាព និង​ភាព​គ្រប់​ជ្រុង​ជ្រោយ​នៃ​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ដែល​ធ្វើ​ឱ្យ​ខូច​ផលប្រយោជន៍​ជាតិ និង​បាត់បង់​ទំនុក​ចិត្ត​ពី​សាធារណជន។

ក្លិប​អ្នក​កាសែត​កម្ពុជា នឹង​រៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ​នេះ ដោយ​មាន​វត្តមាន​របស់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ថ្នាក់​ដឹកនាំ​ និង​តំណាង​ស្ថាប័ន​សារព័ត៌មាន​ជាង១០០​នាក់។

ក្លិប​អ្នក​កាសែត​កម្ពុជា​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ អ្នក​សារព័ត៌មាន​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​បាន​អនុវត្ត​វិជ្ជាជីវៈ​ និង​ការ​បញ្ចេញ​មតិ​ បាន​ត្រឹមត្រូវ​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ប្រឈម​នឹង​ផ្លូវ​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា»។

លោក ណុប វី នាយក​ប្រតិបត្តិ សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ថ្លែង​ថា បន្ថែម​ទៅ​លើ​ការ​ខ្លឹមសារ​ដូច​មាន​នៅ​ក្នុង​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល​គួរ​អនុវត្ត​ជាក់​ស្ដែង​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​លំហ​នៃ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ដែល​លោក​យល់​ថា​កំពុង​ថយ​ចុះ។ បន្ថែម​ទៅ​លើ​នេះ លោក​ថា និទណ្ឌភាព​ទៅ​លើ​ករណី​ដែល​មាន​អ្នក​សារព័ត៌មាន​ជា​ជន​រងគ្រោះ​គួរ​តែ​ត្រូវ​បាន​ពន្លឿន​ក្នុង​នីតិវិធី​ច្បាប់។

លោក​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ពន្លឿន​ការ​ធ្វើ​គោល​នយោបាយ​ពាក់​ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​ដូចជា​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន និង​ច្បាប់​ទទួល​បាន​ព័ត៌មាន។

លោក​ថ្លែង​ថា៖ «រឿង​ដែល​កាន់​តែ​សំខាន់​ថែម​ទៀត​នោះ​គឺ​សន្តិសុខ​សម្រាប់​អ្នក​សារព័ត៌មាន។ យើង​ឃើញ​ថា​ថ្មីៗ​នេះ​អ្នកសារព័ត៌មាន​នៅ​ខេត្ត​សៀមរាប​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដោយសារ​តែ​គាត់​បាន​ចុះ​យក​ព័ត៌មាន និង​រាយការណ៍​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​បទ​ល្មើស​ព្រៃឈើ​នៅ​សហគមន៍​ជន​ជាតិ​ដើម»។

លោក​បន្ត​ អ្នក​សារព័ត៌មាន​មិន​គួរ​ត្រូវ​បាន​សម្លាប់​ដោយ​សារ​តែ​ការ​បំពេញ​ការងារ​ ហើយ​ប្រសិន​បើ​មាន​ករណី​ក្ដីក្ដាំង​ណា​មួយ តុលាការ​គួរ​ប្រើ​ច្បាប់​របប​សារព័ត៌មាន​សម្រាប់​ដោះស្រាយ៕