ភ្នំពេញៈ ប្រភេទសត្វថ្មីៗចំនួន ២៣៤ ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញនៅក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គក្នុងឆ្នាំ ២០២៣ ដែ​ល​​ធ្វើឱ្យ​ចំ​នួ​ន​សត្វ និងរុ​ក្ខជាតិ ដែលត្រូវ​បានរកឃើញ​ក្នុង​តំបន់នេះ​កើនឡើង​ដល់​ជាង​៣ពាន់ប្រភេទ​គិតចាប់តាំង​ពី​ឆ្នាំ១៩៩៧មក។ នេះបើយោងតាមរបាយការណ៍របស់អង្គការWWF ដែលចេញផ្សាយនៅដើមសប្តាហ៍នេះ។ 

សត្វ និងរុក្ខជាតិសំខាន់ ដែលត្រូវបានរកឃើញចុងក្រោយនេះមានដូចជា ប្រភេទ​ខ្ញី ​ដែល​មាន​ឫស​ មាន​ក្លិន​ដូច​ស្វាយ, សត្វ ពស់មានរោមភ្នែកវែង និងផ្កាអ័រគីដេ ដែលគ្មានស្លឹកជាដើម។

របាយការណ៍នេះ បានចងក្រងឯកសារការងាររបស់អ្នកវិទ្យាសាស្ត្ររាប់រយនាក់ ជាលើកដំបូង មកពីសាកលវិទ្យាល័យ អង្គការ​អភិរក្ស និងវិទ្យាស្ថានស្រាវជ្រាវជុំវិញពិភពលោក។ ពួកគេបានរកឃើញប្រភេទរុក្ខជាតិសរសៃ ១៧៣ប្រភេទ, សត្វ​ល្មូន២៦ពួក, សត្វឈាមត្រជាក់១៧ប្រភេទ​(ដូចជាកង្កែប គីង្គក់..), ត្រី១៥ប្រភេទ និងថនិកសត្វ៣ប្រភេទ នៅក្នុង​ប្រ​ទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។

អង្គការអភិរក្សជំរុញឱ្យចាត់វិធានការការពារជម្រកសត្វព្រៃ ដែលកំពុងតែបាត់បង់នេះ និងទប់ស្កាត់ការ​ជួញ​ដូរ​ស​ត្វព្រៃ​ដែល​គ្មាន​និរន្តរភាព។

នៅពេលដែលប្រភេទសត្វជាច្រើន ដែលកំពុងស្ថិតក្នុងការគំរាមកំហែង ឈានទៅរក​ ការផុតពូជ ដោយសារតែ សក​ម្មភា​ព​រប​ស់មនុស្សនោះ អង្គការWWF បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងប្រទេសទាំងនេះ​ បង្កើនការអភិរក្សប្រភេទ​សត្វ​កម្រ និងអស្ចារ្យទាំងនេះ ដើម្បីកុំឱ្យបាត់បង់ពីធម្មជាតិ។

លោកChris Hallam ដែលជាអ្នកនាំមុខក្នុងការអភិរក្សសត្វព្រៃរបស់អង្គការWWFប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថាទោះបីជាប្រភេទសត្វទាំងនេះទើបតែត្រូវបានពិពណ៌នាដោយវិទ្យាសាស្ត្រកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែពួកវាបាន​រស់​នៅ​ក្នុង​ជម្រកដ៏ពិសេសរបស់វា នៃតំបន់នេះអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។

លោកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការWWFថា៖«ប្រភេទសត្វនីមួយៗទាំងនេះ គឺ​ជាផ្នែ​កដ៏​សំ​ខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ី និងជាគ្រឿងអលង្ការនៅក្នុងតំបន់ ដែលសម្បូរទៅដោយបេតិកភណ្ឌធម្មជាតិ»។ 

ប្រធានកម្មវិធីតំបន់ជួញដូរសត្វព្រៃខុសច្បាប់ នៃមហាអនុតំបន់ទន្លេមេគង្គ របស់អង្គការWWF លោក Jedsada Taweekanបានលើកឡើងថា ពេលខ្លះ ប្រភេទសត្វត្រូវបានគេរកឃើញនៅក្នុងកន្លែងធ្វើពាណិជ្ជកម្ម ដូចជាករណី​ផ្កា​អ័រគីដេ និងត្រីជាដើម។

លោកបានថ្លែងថា៖«យើងត្រូវតែធានាថា ប្រភេទសត្វទាំងនេះត្រូវបានធ្វើការសិក្សាយ៉ាងលំអិត និងស្វែងយល់យ៉ាង​ច្បាស់ ដើម្បី​កុំឱ្យ​ពួកវាបាត់បង់ ដោយសារតែការកេងប្រវ័ញ្ចហួសហេតុ»៕