ភ្នំពេញ៖ និស្សិតឱសថសាស្ដ្រចំនួន ៣ក្រុម បានក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតពានរង្វាន់គីណាល់ ឆ្នាំ២០២៤ លើកទី ១២ ស្ដីពី «អត្ថប្រយោជន៍នៃផ្លែញ ឬ ផ្លែ ញ ទុកឱ្យទ្បើងមេដើម្បីគ្រប់គ្រងការឈឺចាប់ ឬបញ្ហាសុខភាពផ្សេងទៀត» កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូម្សិលមិញ។
លោក ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងពេលប្រគល់រង្វាន់ដល់ក្រុមនិស្សិតជាប់ជ័យលាភីថា និស្សិតឱសថសាស្ដ្រ ១២៩ នាក់ ដែលមាន ២២ក្រុម មកពីគ្រឹះស្ថានឧត្ដមសុខាភិបាលចំនួន ៩។
លោកបានថ្លែងថា៖ «តាមរយៈនិក្ខេបបទ ស្រាវជ្រាវដែលនិស្សិតបានចងក្រងនេះ មានលក្ខណៈបែបវិទ្យាសាស្ដ្រ មានឯកសារយោង និងទទួលស្គាល់ពីគណកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវអំពីសុខភាពនៃក្រសួងសុខាភិបាល»។
លោក មូស្លីម ទទួលស្គាល់ថា ការស្រាវជ្រាវអំពីឱសថនៅកម្ពុជានៅមានកម្រិត ជាកត្ដាជំរុញឱ្យនិស្សិតបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដែលទាញប្រយោជន៍ពីផ្លែញដើម្បីផលិតជាឱសថជាផ្លូវការ។
លោកបានបន្ដថា ផលិតផលសុខភាពដែលផលិតពីផ្លែញរបស់ក្រុមហ៊ុនឱសថ ប៉េប៉េអឹម ត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាល ដោយសារតែមានឯកសារយោងសមស្រប។
លោក សាកេត សុភសីលា នាយកក្រុមហ៊ុន ប៉េប៉េអឹម-ខនហ្វីរេល បានឱ្យដឹងថា៖ «ផ្លែ «ញ» គឺជារុក្ខជាតិឱសថខ្មែរ ដែលមានសមត្ថភាពព្យាបាលជំងឺផ្សេងៗ យ៉ាងពូកែស័ក្តិសិទ្ធិ។ បុព្វបុរសខ្មែរយើង បានប្រើប្រាស់រុក្ខជាតិឱសថជាច្រើន តាំងពីសម័យអង្គរមកម្ល៉េះ។ តើមានមនុស្សប៉ុន្មាននាក់ ដែលបានដឹងពីអាថ៌កំបាំង នៃរុក្ខជាតិឱសថទាំងនេះ?»។
លោកបន្ដថា៖ «ខ្ញុំគិតថា ព្រឹត្តិការណ៍ថ្ងៃនេះ ប្រៀបបាននឹងពិធីបុណ្យមួយ ដែលយើងរួមគ្នាអបអរសាទរ និងលើកតម្កើង មរតករុក្ខជាតិឱសថរបស់យើង ជាកេរដំណែលដូនតាខ្មែរ ដែលមានប្រសិទ្ធភាពព្យាបាលជំងឺ តាំងពីសម័យអង្គរមក។ ហើយឥឡូវនេះ កំពុងត្រូវបានបន្ត និងអភិវឌ្ឍ ដោយអ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ប្រកបដោយសក្តានុពលគ្មានដែនកំណត់»។
ជាក្រុមនិស្សិតទទួលជ័យលាភីលេខ ១ មានអារម្មណ៍រំភើបរីករាយដែលក្រុមរបស់ពួកគេទទួលបានចំណាត់ថ្នាក់ ដោយមិនត្រឹមតែទទួលបានប្រាក់រង្វាន់ ៤លានរៀលប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីសមត្ថភាពច្នៃប្រឌិតឱសថពីផ្លែញ បើទោះបីជាពួកគេនៅបន្ដការសិក្សាក៏ដោយ។
កញ្ញា សុធី សុនិកា តំណាងក្រុមដែលទទួលបានម្ចាស់ជ័យលាភីលេខ ១ បាននិយាយថា៖ «នេះជាលើកទីមួយដែលពួកយើងបានចូលរួមកម្មវិធីប្រកួតប្រជែងនេះស្ដីពីការស្រាវជ្រាវអំពីអត្ថប្រយោជន៍ផ្លែញ»។
និស្សិតរូបនេះបានបន្ដថា មូលនិធិ គីណាល់ ដែលរៀបចំការប្រកួតប្រជែងនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិតពេទ្យ ដែលមានចំណាប់អារម្មណ៍លើការស្រាវជ្រាវឱសថប្រកបដោយសុវត្ថិភាព។
កញ្ញា សេង សាយ៉ាណា និស្សិតឱសថសាស្ដ្រ ឆ្នាំទី ៥ មកពីសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល តំណាងក្រុម ដែលទទួលបានចំណាត់ថ្នាក់លេខ ២ បានឱ្យដឹងថា ក្រុមដែលមានសមាជិក ៦នាក់ ផ្ដោតលើមុខវិទ្យាសិក្សាសក្ដានុពលរបស់ផ្លែញទៅលើប្រជាជនរស់នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។
កញ្ញាបាននិយាយថា៖ «ក្រុមរបស់យើងខ្ញុំបានជួបការលំបាកដូចគ្នាដែរទៅលើការរៀបចំពេលវេលា ដោយសារនៅឆ្នាំទី ៥ យើងត្រូវប្រឡងលើមុខវិទ្យាទ្រឹស្ដី និងកម្មវិធីផ្សេងៗ ក៏ដូចជាការបែងចែកពេលវេលាទៅលើការស្រាវជ្រាវឱសថនេះ»។
ក្រុមជ័យលាភីលេខ ២ ដែលទទួលបានប្រាក់រង្វាន់ ២លានរៀល បានបន្ដថា ការប្រកួតប្រជែងនេះ បានបង្ហាញពីសមត្ថភាពនិស្សិតឱសថសាស្ដ្រកម្ពុជាដ៏មានសក្ដានុពល និងជាធានធនផ្នែកសុខាភិបាលរបស់កម្ពុជា។
តំណាងក្រុមជ័យលាភីលេខ ៣ កញ្ញា ហេង សិរីលក្ខិណា ជានិស្សិតឆ្នាំទី៤ មកពីវិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាលខេមរៈភូមិន្ទ បានឱ្យដឹងថា សាមគ្គីភាពក្នុងក្រុមគឺជាកត្ដានាំឈានទៅរកភាពជោគជ័យ។
ក្រុមជ័យលាភីលេខ ៣ ដែលទទួលប្រាក់រង្វាន់ ១,២លានរៀល បានបន្ដថា ពួកគេស្រាវជ្រាវលើឱសថធម្មជាតិផលិតពីផ្លែញ ដោយផ្ដោតលើជំងឺរលាកសន្លាក់។
កញ្ញា សិរីលក្ខិណា បាននិយាយថា៖ «យើងចង់ឱ្យប្អូនៗនិស្សិតជំនាន់ក្រោយសាកល្បងចូលរួមប្រកួតពានរង្វាន់គីណាល់នេះ ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដើម្បីឱ្យយល់ដឹងអំពីការស្រាវជ្រាវ ទំនាក់ទំនង និងពង្រឹងការងារជាក្រុម»។
លោក សុភសីលា បានរំឭកអំពីឱសថបណ្ឌិតលោក កុក សុខគីម អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ថាជាបុគ្គលបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយសារលោកជាអ្នកវិទ្យាសាស្ត្រខ្មែរដំបូងគេ ដែលបានបង្កើតឱសថ 'គីណាល់' ជាថ្នាំបំបាត់ការឈឺចុកចាប់ដំបូងគេ នៅកម្ពុជា។
លោក សុភសីលា បានឱ្យដឹងថា ឱសថបំបាត់ការឈឺចាប់នេះ មិនត្រឹមតែជួយប្រជាជនខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជានិមិត្តរូប នៃមោទនភាពជាតិខ្មែរទៀតផង។
លោកបានណែនាំឱ្យនិស្សិតពេទ្យដែលបានចូលរួមការប្រកួតប្រជែងថា ការស្រាវជ្រាវអំពីផ្លែញ ក៏កំពុងតែដើរតាមគន្លង នៃលោកឱសថបណ្ឌិត កុក សុខគីម ដោយបន្តប្រើប្រាស់ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាសុខភាព។
លោកបានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ ឱសថកម្ពុជានេះត្រូវបានដាក់លក់នៅ ១៦ ប្រទេសដែលបម្រើប្រជាជន ៣៥០ លាននាក់នៅជំវិញពិភពលោកក្នុងឆ្នាំ២០២៤។ យើងរំពឹងថា នៅឆ្នាំ ២០២៥ យើងឈានដល់គោលដៅថ្មី គឺរហូតដល់ ៤០០ លាននាក់»។
នោះជាមូលហេតុដែលមូលនិធិគីណាល់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ សម្រាប់ជាវេទិកាប្រកួតប្រជែងស្រាវជ្រាវឱសថនៅកម្ពុជា៕