ភ្នំពេញៈ តុលាការ​ខេត្ត​សៀមរាប បាន​កោះ​ហៅ​មន្រ្តី​២​រូប​ទៅ​បំភ្លឺ ពាក់ព័ន្ធ​​ករណី​ឆបោក​របស់​​​អតីត​ឧកញ៉ា ឡេង ចាន់ណា បន្ទាប់​ពី​មនុស្ស​ប្រ​ហែល​ជា ២០​នាក់​ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​​ក្រុមហ៊ុន ប្រ៊ី​លាន ស៊ីធី វើលដ៍ឯកនេះ ។

ការផ្សព្វផ្សាយដីកាជាសាធារណនេះ បានកើតមានឡើងក្រោយពី​លោក​នាយ​ក​​​រដ្ឋមន្រ្តីហ៊ុន ម៉ា​ណែត​បានថ្លែង​កាល​ពីសប្តាហ៍មុនថា មេធាវីរាជរដ្ឋាភិបាលបានស្នើដីកា ដើម្បី​កោះហៅ អ្នក​ពាក់ព័ន្ធបន្ថែមទៀត ក្នុង​ដំណើ​រ​ការ ស៊ើបសួរករណីនេះបន្ថែម។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លិ ស៊ីវទានបានចេញដីកាកោះហៅ លោកស ថាវី​អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឱ្យ​ចូលបំភ្លឺ ជាសាក្សី នៅថ្ងៃទី១១ ខែធ្នូ និងលោកស៊ាន បូរ៉ាត រដ្ឋ​លេខាការ​ក្រ​សួង​អប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែ​ធ្នូនេះ។  

ដីកាចុះថ្ងៃទី១៨ ខែវិច្ឆិកាបញ្ជាក់ថា ការកោះហៅនេះគឺ «ដើម្បីចូលទៅបំភ្លឺពីដំណើររឿង  ឆបោក​មាន​ស្ថាន​ទម្ងន់ទោសជាក្រុមមានការចាត់តាំង ដែលបានប្រព្រឹត្តនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប កាល​ពីអំឡុងឆ្នាំ២០២២»។ នេះជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមា​ត្រា​៣៧៧ និងមាត្រា៣៨០ កថា​ខណ្ឌ​១ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ។

មួយវិញទៀត ពីបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំង​ផ្សេង​ទៀត​ក្នុងប្រទេសកម្ពុជា កាល​ពី​អំឡុង​ឆ្នាំ២០១៨ រហូត ដល់បច្ចុប្បន្ន។

នេះក៏ជា បទ​ល្មើស​ព្រ​ហ្មទណ្ឌ​ ដែល​មាន​ចែង​ឱ្យផ្តន្ទា​ទោស​តាម​ប​ញ្ញត្តិ​មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សំអាតប្រាក់ និង​ហិរ​ញ្ញប្ប​ទា​នភេ​រវកម្ម និងពីបទ មិន​បំពេញ​កាត​​ព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់​សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​មាន​ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃ​ច្បាប់​ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និង​ប្រតិបត្តិ​ការ​ទូ​ទាត់​សងប្រាក់។

មេធាវី​រាជ​រដ្ឋាភិបាល​ បាន​ជួប​ផ្ទាល់​ ជាមួយ​នឹង​ពលរដ្ឋ​សរុប​ចំនួន១៤ ​លើក ​ចាប់​តាំង​ពី​ខែ​ឧសភា​កន្លង​មក បន្ទាប់ពី​ប្រមុខ​រាជរ​ដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ជួយ​ការពា​រក្តី​ជូន​ជន​រង​គ្រោះ​រួច​មក។ ក្នុងនោះ ​មាន​ជន​រ​ង​គ្រោះ​​សរុប​ចំនួន ៤ ៩២៩ រូប​បាន​ប្រគល់​សិទ្ធិជូន​មេធាវី ​ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ដល់​ពួក​គាត់។

ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហា​នេះ មិនមានវិធីអ្វីផ្សេង ក្រៅពីប្រើយន្តការច្បាប់ ដើម្បីដោះស្រាយនោះទេ។

តុលាការខេត្តសៀមរាប និង​មេ​ធាវីរាជរដ្ឋាភិបាល​បានកំពុងតែបន្ត​ការ​ងារ​នេះ ដើម្បីជួយដោះស្រាយជូន ពលរដ្ឋទាំងនោះ ដែលសំណុំរឿងនេះ​ត្រូវការ​ពេល​វេ​លាច្រើ​​ន។

លោកមានប្រសាសន៍ថា៖«តាមសួរចំលើយ គាត់ប្រាប់អញ្ជឹងៗ យើងត្រូវច្បាមបន្ថែម...អញ្ជឹងកិច្ចការងារនេះ យើងធ្វើ ហើយមេធាវីរាជរដ្ឋាភិបាលបានស្នើដីកា ដើម្បី​កោះហៅអ្នកបន្តបន្ទាប់ ដើម្បីយកមកស៊ើបសួរបន្ថែម ស្រាវជ្រាវរកមើល»។

ប្រមុខរដ្ឋាភិបាលបានបន្តថា៖«ខ្ញុំមើលតាមការប្រកាសរបស់តុលាការ ឃាត់ខ្លួនប្រហែលជា ២០នាក់ ហើយ​រៀប​ចំ​​ស្រាវជ្រាវបន្ថែម ដើម្បីកំណត់ ហើយបានចេញគោលការណ៍​បង្ក្រក​ទ្រព្យ​សម្បត្តិ​អ្នកពាក់​ព័ន្ធ​មួយ​ចំនួន​។​​ រឿងនេះ អត់ស្រួលទេ បើគាត់ដាក់ទ្រព្យទាំងអស់នេះនៅមួយឃ្លាំង ស្រួលណាស់។ បើកឃ្លាំង យក​មក​ចែក​​គ្នា​តែម្ត​ង។ តែវា​អត់នៅក្នុងឃ្លាំងតែមួយ»។

ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលក៏បានធ្វើការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បី​ឱ្យពលករខ្មែរ ដែលកំពុងតែធ្វើ​ការ​នៅក្រៅប្រទេស ហើយជាជនរងគ្រោះដែរនោះ អាចប្រគល់​សិទ្ធិជូន​មេ​ធាវី ​ដើម្បី​ការពារ​ ជូនពួក​គាត់​ផង​ដែរ។

ទាក់ទងនឹងសំណុំរឿង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ឯ.ក(Brilliant City)នេះ អ្នកនាំពាក្យតុលាខេត្តសៀមរាប លោកយិន ស្រាង បានអះអាងថា លោកមិនបានចាំទេថា មាន​មនុស្ស​ផ្សេងទៀតប៉ុន្មាននាក់ ដែល​ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ​នោះទេ៕