ជន​ណា​ដែល​ជីក​កប់ ជីក​គាស់ និង​ជីកលុង​​ ឬ​ចោះ​ខួង​ផ្លូវ​ដើម្បី​ដាក់​ប្រព័ន្ធ​លូ​ចូល​ក្នុង​ប្រព័ន្ធ​ទឹក​កខ្វក់​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​​ជាប់​ពន្ធនាគារ​ពី​ ១ ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​សែន​ទៅ ៤​លាន​រៀល។ នេះ​បើ​តាម​មាត្រា​១០៤ នៃ​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ច្បាប់​​ស្ដី​ពី​ទឹក​កខ្វក់​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​គុណភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ប្រព័ន្ធ​ទឹក​កខ្វក់​ និង​ការ​ការពារ​បរិស្ថាន​ ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សុខភាព​សាធារណៈ។ ច្បាប់​នេះ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

យោង​តាម​ច្បាប់​នេះ រាល់​ការ​សាង​សង់​អគារ​ឬ​មណ្ឌល​អាជីវកម្ម​និង​ផលិតកម្ម ឬ​ទីតាំង​ប្រហាក់​ប្រហែល​ផ្សេង​ទៀត ​ត្រូវ​សាង​សង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ បណ្តាញ​លូ​និង​សំណង់​សិល្បការ្យ​ទឹក​កខ្វក់​ផ្សេង​ទៀត​ឱ្យ​បាន​គ្រប់​គ្រាន់ និង​សម​ស្រប​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​ប្រព័ន្ធ​ទឹក​កខ្វក់ ​មុន​នឹង តភ្ជាប់​ជាមួយ​បណ្តាញ​លូ។ នេះ​បើ​តាម​មាត្រា​ ២៦​នៃ​ច្បាប់​នេះ។

យោង​តាម​មាត្រា ៣៩​ ការ​ត​ភ្ជាប់​បណ្តាញ​លូ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស សួន​ឧស្សាហកម្ម ឬ​សួន​នវានុវត្តន៍​ជាមួយ​បណ្តាញ​លូ ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​គ្រប់​គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដោយ​ត្រូវ​ផ្ដោត​លើ​តម្រូវ​ការ​បច្ចេកទេស ពេល​វេលា កម្រិត​សារធាតុ​បំពុល និង​លំហូរ​ទឹក​សំណល់​ដែល​ហូរ​ចូល​ក្នុង​ចំណុច​តភ្ជាប់។

មាត្រា ១០៣ ចែង​ថា៖ «ជន​ណា​ដែល​តភ្ជាប់​លូ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ សួន​ឧស្សាហកម្ម ឬសួន​នវានុវត្តន៍​ ជាមួយ​បណ្ដាញ​លូ ​ដោយ​គ្មាន​ការ​អនុញ្ញាត ដូច​មាន​ចែង​ក្នុង​មាត្រា ៣៩​នៃ​ច្បាប់​នេះ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤សែន​រៀល ទៅ​៤​លាន​រៀល»។

យោង​តាម​មាត្រា​ ៤៨ និង ១០៥ ជន​ដែល​បញ្ចេញ​ទឹក​កខ្វក់​ក្រៅ​ពី​លំនៅឋាន​ ត្រូវ​សាង​សង់​អាង​ប្រមូល​ផ្ដុំ​រួម​ ឬ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ដោយ​ផ្ទាល់​ខ្លួន ហើយ​ត្រូវ​បញ្ចេញ​ទឹក​ដែល​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​ហើយ​ចូល​ក្នុង​ប្រព័ន្ធ​លូ​ទៅ​តាម​កម្រិត​កំណត់​របស់​មន្ត្រី​មាន​សមត្ថកិច្ច។ ករណី​រឹង​ទទឹង​មិន​សង់​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នឹង​ត្រូវ​ផ្ដន្ទា​ទោស​ពី​១ខែ​ ទៅ​១ឆ្នាំ​ និង​ពិន័យ ៤សែន​រៀល​ទៅ ៤​លាន​រៀល។

កាល​ពី​កន្លង​ទៅ កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​តឹក​កខ្វក់​នោះ​ទេ។ ក្រុមហ៊ុន​មួយ​ចំនួន​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​ក្រសួង​បរិស្ថាន​តាម​រយៈ​អនុក្រឹត្យ ដែល​មាន​ទឹកប្រាក់​ចន្លោះ​ពី ១​ម៉ឺន ទៅ ជាង ៥០​ម៉ឺន​ដុល្លារ ដោយសារ​តែ​បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ស្ទឹង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន។

លោក ខ្វៃ អាទិត្យា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី២​ ខែធ្នូ​នេះ​ថា ច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់ មាន​វិសាល​ភាព​ទូលំ​ទូលាយ រួម​ចំណែក​ដល់​ការ​ការពារ​សោភណភាព​បរិស្ថាន គុណភាព​​ទឹក​ និង​សុខភាព​សាធារណៈ។ លោក​ថា សំណល់​ទាំង​រឹង​និង​រាវ​គឺ​ជា​ក្ដី​កង្វល់​ពីព្រោះ​វា​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​សាធារណៈ។

លោក​ថា ក្រសួង​របស់​លោក​ក៏​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន ដើម្បី​ភាព​ស្អាត​នៅ​កម្ពុជា ដែល​រួម​មាន​ភាព​ស្អាត​នៅ​លើ​ដី ភាព​ស្អាត​ក្នុង​ទឹក និង​ភាព​ស្អាត​លើ​មេឃ។ ភាព​ស្អាត​ទាំង​នេះ ផ្ដោត​សំខាន់​ទៅ​លើ​ការ​ទប់​ស្អាត​ថង​ប្លាស្ទិក ឬ សំរាម​កុំ​ឲ្យ​ហូរ​ចូល​ក្នុង​ប្រព័ន្ធ​លូ។

លោក​បន្ត​ថា សម្រាប់​ភាព​ស្អាត​ក្នុង​ទឹក​វិញ​ ក្រសួង​តម្រូវ​ឲ្យ​ដាក់​រោង​ចក្រ​សហគ្រាស​ច្រោះ​ទឹក បន្ទាប់​មក​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ម្ដង​ទៀត មុន​នឹង​បញ្ចេញ​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​សាធារណៈ។

លោក​ថ្លែង​ថា៖ «រហូត​មក​ទល់​ពេល​នេះ មាន​រោងចក្រ​ចំនួន ១៩ ហើយ​ដែល​បាន​បំពាក់​ឧបករណ៍​សម្រាប់​ត្រួត​ពិនិត្យ​ស្វ័យ​ប្រវត្តិ​នេះ ក្នុង​ចំណោម​រោង​ចក្រ ១២២ ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​សក្ដានុពល​ជា​ប្រភព​បំពុល​នៅ​កម្ពុជា»។

លោក​បន្ត​ថា ក្រសួង​បរិស្ថាន​ចូល​រួម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ទប់ស្កាត់​ការ​បំពុល​ប្រភព​អាហារ​របស់​ប្រជាជន ពោល​គឺ​ត្រី តាម​រយៈ​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​បំពុល​ទឹក​ដោយ​សំរាម ឬ ដោយ​ប្លាស្ទិក៕