ភ្នំពេញ/សៀមរាបៈ ក្រសួងបរិស្ថាននិងក្រសួងធនធានធម្មជាតិចិនបានចុះអនុស្សារណៈយោគយល់គ្នានាថ្ងៃទី២ ខែធ្នូ ក្រោមគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការមហាសមុទ្រ ប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយចីរភាពរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន។
ពិធីនេះខាងភាគីកម្ពុជាតំណាងដោយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងភាគីចិនតំណាងដោយលោក SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោក SUN Shuxian បានថ្លែងក្នុងឱកាសនោះថា៖ «គំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជាចិន ដែលជាមិត្តដែកថែបយូរអង្វែងនេះ នឹងឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង/ខៀវ នៃការលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរភាព ក្នុងនោះរួមមាន ការសម្អាតមហាសមុទ្រ ការកសាងសមត្ថភាពនិងការផ្ទេរបច្ចេកវិទ្យា»។
លោកបន្តថា ទាំងនេះគឺជាគោលបំណងយ៉ាងជាក់លាក់ក្នុងការបង្កើតអត្ថប្រយោជន៍ដ៏មានអត្ថន័យនិងយូរអង្វែងសម្រាប់បរិស្ថាន សម្រាប់សហគមន៍ និងមនុស្សជំនាន់ក្រោយរបស់កម្ពុជា និងចិន ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងយូរអង្វែងរបស់ប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា បញ្ហាបរិស្ថាន គឺមិនមានព្រំដែនកំណត់នោះឡើយ។ តាមរយៈកិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិទាំងពីរ ដែលបានកសាងឡើងរួមគ្នា ដោយការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមគ្នាដើម្បីភាព ស្អាត ភាពបៃតង និងចីរភាពនាពេលអនាគត ដើម្បីការពារមហាសមុទ្ររបស់យើង គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីវចម្រុះ ការបំពុល និងការប្រែប្រួលអាកាសធាតុ។
ទាក់ទងទៅនឹងការងារប្រយុទ្ធប្រឆាំងទៅនឹង ការប្រែប្រួលអាកាសនេះផងដែរ នៅថ្ងៃដដែលនេះ ក្រសួងបរិស្ថានបានឱ្យដឹងថា ថ្នាល«បណ្តុះកូនឈើ»ខ្នាតតំបន់ទី២នឹងសម្ពោធបើកការដ្ឋាននៅក្នុងពេលឆាប់ៗខាងមុខ នៅក្នុងឧទ្យានព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»។
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ទំហំប្រមាណ១០ហិកតា ដែលអាចមានសមត្ថភាពផលិតកូនឈើបាន ប្រមាណ៣លានដើម ក្នុងមួយឆ្នាំ។
ក្រសួងបញ្ជាក់ថា ប្លង់គោលសាងសង់ថ្នាល«បណ្តុះកូនឈើ»នេះ ត្រូវបានរៀបចំឡើងរួចរាល់ហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ លោករដ្ឋមន្រ្តី ហើយគ្រោងសម្ពោធបើកការដ្ឋានសាងសង់គ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ២០២៥ខាងមុខនេះ។
លោករដ្ឋមន្រ្តី បានចុះពិនិត្យទីតាំងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដ៏ធំមួយនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមក។
លោកបានមានប្រសាសន៍ក្នុងឱកាសនោះថា៖«ក្រសួបរិស្ថាន បានរៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែកដាំដើមឈើពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០»។
លោករដ្ឋមន្រ្តីបានលើកឡើងថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី២ ក្នុងសៀមរាបមានទំហំធំ និងត្រូវរៀបចំសម្រាប់បង្កើនគម្របព្រៃឈើ តាមផែនការរបស់រដ្ឋាភិបាល និងក៏ដូចជាសម្រាប់ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈគោលដៅលំហែបៃតង។
ក្រសួងបានកំពុងជំរុញការងារនេះ ក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានឱ្យមានការរីកចម្រើន និងសំដៅការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥។ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១ ទំហ៣ហិកតា ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីខែកញ្ញាកន្លងមក ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ, ថ្នាល នៅខេត្តសៀមរាប ទំហំ១០ហិកតា, ថ្នាល នៅខេត្តកំពង់ស្ពឺ ទំហំ២០ហិកតា, ថ្នាល នៅខេត្តមណ្ឌលគិរី ទំហំ ១០ហិកតា និងថ្នាល នៅខេត្តកោះកុង ទំហំ៣ហិកតាផងដែរ។
ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន បានកំពុងតែរៀបចំថ្នាលបណ្តុះកូនឈើនៅទូទាំងរាជធានីខេត្ត។ ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើ ដែលបានមកពីការបណ្តុះទាំងនោះ ជូនដល់សាធារណជន ដោយឥតគិតថ្លៃ ប្រមាណជា១.៣លានដើម តាមរយៈការរៀបចំពិព័រណ៍ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» កាលពីខែកក្កដាកន្លងមក។
បន្ថែមពីនោះ សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំថ្នាលបណ្តុះកូនឈើចំនួន ៤ និងចូលរួមបណ្តុះកូនឈើបានជាង ៦ម៉ឺនដើម និងធ្វើការដាំស្តារព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួនផងដែរ៕