បទឧក្រិដ្ឋសាហាវយង់ឃ្នង និងអំពើរំលោភផ្លូវភេទលើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ (blacklist) មិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។
នេះជាការកំណត់របស់គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស។
ការកំណត់នេះធ្វើឡើងកិច្ចប្រជុំលើការស្នើសុំលើកលែងនិងបន្ធូរបន្ថយទោសសម្រាប់ទណ្ឌិតចំនួន ៣៣៥នាក់សម្រាប់ឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការជាតិ បានថ្លែងថាគណៈកម្មការថ្នាក់ជាតិបាន «បន្តកំណត់ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ Blacklist នូវទណ្ឌិតទាំងឡាយណាដែលបានប្រព្រឹត្ត បទឧក្រិដ្ឋដែលជាអំពើសាហាវយង់ឃ្នង និងអំពើរំលោភផ្លូវភេទ លើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន»។
បន្ថែមពីលើនេះ គណៈកម្មការថ្នាក់ជាតិ បានសម្រេចដាក់ចេញនូវគោលការណ៍ ពុំលើកយកមកពិនិត្យពិចារណានោះឡើយចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលជា ឧក្រិដ្ឋជនគ្រឿងញៀន, ទណ្ឌិតអំពើសាហាវយង់ឃ្នង ករណីមិនរាងចាល, បទល្មើសដែលប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ ឬសាច់សាលោហិត, បទល្មើសលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ, ករណីរំលោភបូក, ប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត។
លោក គឹម សន្តិភាព បន្តថា គណៈកម្មការជាតិនឹងបន្តរឹតបន្តឹងក្នុងការពិនិត្យ លើកលែងតែករណីចាំបាច់មួយចំនួន ឬហេតុផលមនុស្សធម៌ប៉ុណ្ណោះ។ គណៈកម្មការជាតិក៏បាននឹងរៀបចំកិច្ចប្រជុំពិសេសមួយនាពេលខាងមុខ ដើម្បីពិភាក្សាលើបញ្ជីទណ្ឌិតជាស្ត្រី ជាពិសេសទណ្ឌិតដែលមានគភ៌ និងទណ្ឌិតដែលមានកូនតាមម្តាយ។
សម្រាប់ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសនាឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ គ្មានទណ្ឌិតណាម្នាក់ចំណោមទណ្ឌិតស្នើសុំ១៧នាក់ត្រូវបានលើកលែងទោសនោះទេ ហើយទណ្ឌិត២នាក់ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសារតែប្រព្រឹត្តបទល្មើសយង់ឃ្នង។
ក្រៅពីនេះ គណៈកម្មការបានបន្ធូរបន្ថយទោស ៩ ខែសម្រាប់ទណ្ឌិត៥នាក់ និង ៦ ខែសម្រាប់ទណ្ឌិត ៥២នាក់ និង ៣ ខែសម្រាប់ទណ្ឌិត ១៨៣នាក់៕