ភ្នំពេញៈ យ៉ាងហោចណាស់ព័ត៌មានក្លែងក្លាយជាង១០ ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងបំផ្លាញសន្តិភាព ការបង្កចលាចល និងការស្អប់ខ្ពើមជាតិសាសន៍ ត្រូវបានបង្កើតឡើងយ៉ាងពេញទំហឹង ក្នុងមួយថ្ងៃៗ នៅកម្ពុជា ជាពិសេសគឺទាក់ទងទៅនឹងបញ្ហាព្រំដែន។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា។
លោករដ្ឋមន្រ្តីបានថ្លែង ក្នុងសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ នាថ្ងៃទី១៩ ខែធ្នូនេះថា ព័ត៌មានក្លែងក្លាយទាំងនោះ គឺពាក់ព័ន្ធទៅនឹងអាយុជីវិតរបស់ប្រទេសជាតិ ដែលភាគច្រើនបង្កើតឡើងដោយអ្នកនៅខាងក្រៅប្រទេស តាមរយៈ ការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្កើត ការញុះញង់។
លោកបញ្ជាក់ថា៖«បើនិយាយពីលទ្ធិប្រជាធិបតេយ្យ ពីសិទ្ធិមនុស្ស សេរីភាព នៃការបញ្ចេញមតិ ក៏យើងត្រូវនិយាយអំពីនិតិរដ្ឋ ដើម្បីការពារបាន នូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅជាអណាធិបតេយ្យ និងទប់ស្កាត់ការជ្រក ក្រោមឆ័ត្រសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃបំផ្លើស បង្កើតការញុះញង់ រើសអើង បង្កអសនិ្តសុខ ប៉ះពាល់ដល់សន្តិសុខសាធារណៈ ហើយទិសដៅចុងក្រោយគឺ ពួកគេប្រើប្រាស់ ព័ត៌មានបង្កចលាចល»។
លោកបានលើកជាឧទាហរណ៏ថា កន្លងទៅថ្មីៗនេះ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីបំផ្លើស និងបំភ្លៃ ដែលធ្វើឱ្យមានការព្រួយបារម្ភ និងការសង្ស័យរបស់ប្រជាពលរដ្ឋ នៅពេលដែលរឿងនោះ វាមិនមែនជារឿងពិតសោះ។ នោះគឺករណី CLV-DTA។
លោកថ្លែងដូច្នេះថា៖«នេះបានឈានទៅដល់កម្រិតមួយ ដែលយើងអាចកត់សម្គាល់ បានថា វាគឺជាចរិតនៃការប្រើប្រាស់ ព័ត៌មានបំពុលសង្គម ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តពណ៌»។ លើសពីនោះ លោករដ្ឋមន្រ្តីបានអះអាងថា គ្រាន់តែព្រឹកថ្ងៃទី១៩ ខែធ្នូនេះ មិនតិចជាង២០ព័ត៌មានទេ ដែលខាងក្រុមមួយចំនួន បានបង្កើតព័ត៌មានក្លែងក្លាយឡើង ដើម្បីញុះញង់ប្រជាពលរដ្ឋ ដោយព្យាយាមដុតពាក់ព័ន្ធនឹងស្ថានភាពកោះគុត។
ក្នុងរយៈពេល២ខែចុងក្រោយ គឺខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាករណីព័ត៌មានក្លែងក្លាយសរុបចំនួន ៦៥១។ ក្នុងត្រីមាសទី៣ ឆ្នាំនេះ ក្រសួងក៏បានកត់ត្រាករណីព័ត៌មានក្លែងក្លាយចំនួន ៩៨៥ករណីផងដែរ ហើយបើធៀបនឹងត្រីមាសទី២ គឺមានការកើនចំនួន១១ ភាគរយ។ នេះបើយោងតាម AKP នាថ្ងៃទី ១៩ ខែធ្នូនេះ។
ជាវាគ្មិនម្នាក់ នៅក្នុងវគ្គពិភាក្សា ក្នុងសន្និសីទនេះ លោកមេធាវី លោក សេក សោភ័ណបានលើកឡើងពីសេរីភាពសារព័ត៌មាន ឬសិទ្ធិសម្តែងមតិ ដែលមានកម្រិតព្រំដែន។ ចំណុចនេះចែងក្នុងកតិកា សញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ(ICCPR) ត្រង់មាត្រា១៩ ដែលពាក់ព័ន្ធទៅនឹងកិត្តយស សេចក្តីថ្លៃថ្នូបុគ្គល ឬអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់សង្គម, សុខភាព និងសីលធម៌សាធារណៈ។
លោកមេធាវីបានថ្លែងថា៖«អង្គការសហប្រជាជាតិបកស្រាយថា សណ្តាប់ធ្នាប់សាធារណៈហ្នឹង មិនមែនតែ១ភូមិ ឬក៏បាតុកម្មអីតិចតួចហ្នឹងសណ្តាប់ធ្នាប់ទេ គឺទាល់តែប៉ះពាល់ដល់សមត្ថភាពរដ្ឋក្នុងការបន្តនិរន្តរភាពជារដ្ឋ»។
អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោកប្រាក់ ថាវអមិដា បានលើកឡើងក្នុងឱកាសនោះថា រដ្ឋាភិបាលក៏ដូចជាក្រសួងមិនមានចេតនា យកបណ្តាញសង្គម ជាកន្លែងដែល តាមចាប់កំហុសអ្នកណាម្នាក់នោះទេ។លើកលែងតែ អ្នកដែលឈរលើគោលការណ៍ ដែលផ្តល់ព័ត៌មានមិនពិតប៉ុណ្ណោះ។
លោកToby Mandel នាយកមជ្ឈមណ្ឌលច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ក៏បានថ្លែងផងដែរថា ការប្រើប្រាស់បណ្តាញសង្គម ដូចជាហ្វេសប៊ុក និងតិកតុកជាដើមនេះ គួរតែមានច្បាប់គ្រប់គ្រងឱ្យបានត្រឹមត្រូវទៅតាមបរិបទនៅក្នុងប្រទេសនីមួយៗ។ ប៉ុន្តែលោកបានបញ្ជាក់ប្រាប់ថា គ្មានវិធីណា ដែលអាចបញ្ឈប់មនុស្សមិនឱ្យ«កុហក»បាននោះទេ។
លោកបន្តថា មនុស្សនៅតែកុហកទាំងនៅលើអនឡាញ និង នៅកន្លែងផ្សេងទៀត បើទោះបីជាមានច្បាប់ក្នុងការដាក់ពិន័យ ឬដាក់ទោសទណ្ឌ ចំពោះការចែករំលែកព័ត៌មានមិនត្រឹមត្រូវនោះ។ ដើម្បីទប់ស្កាត់បញ្ហានេះ គេត្រូវមើលទៅលើដំណោះស្រាយជាប្រព័ន្ធ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ។
លោករដ្ឋមន្ត្រី លោកនេត្រ ភក្ត្រា ក៏បានលើកឡើងពីលទ្ធផល នៃរបាយការណ៍ស្ទង់មតិរបស់ក្រសួងព័ត៌មាន ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលបានចេញផ្សាយកាលពីខែមេសាកន្លងមក។ អ្នកសារព័ត៌មានចំនួន ៣៤១នាក់នៅទូទាំងប្រទេស ត្រូវបានជួបសំភាស ដែលជាផ្នែកមួយ នៃការធ្វើរបាយការណ៍នេះ។ ក្នុងនោះ គឺមាន ៧៩,៨ភាគរយបានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។
ដោយយោងទៅលើ លទ្ធផលនេះ លោករដ្ឋមន្រ្តីបានស្នើឱ្យអ្នករិះគន់សូម«មើលព្រៃទាំងមូល ក៏ប៉ុន្តែ មិនមើលតែឈើ១ដើម នៅក្នុងស្ថានភាព នៃក្របខណ្ឌ នៃស្ថានភាពសារព័ត៌មាននោះទេ»។ ការអនុវត្តច្បាប់ចំពោះ អ្នកសារព័ត៌មាន ដែលកំហែងយកប្រាក់ គឺមិនមែនរឹតត្បិតសេរីភាព នៃការបញ្ចេញមតិនោះទេ។
លោករដ្ឋមន្រ្តីថ្លែងដូច្នេះថា៖«ពាក់ព័ន្ធនឹងអ្វីដែលយើងឃើញជាមួយស្ថានភាព នៃសេរីភាពសារព័ត៌មាន កម្ពុជាយើងវាមិនល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែ បើយើងប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់របស់យើង កម្ពុជាមិនមែនជាសិស្សអាក្រក់ទេ ក៏ប៉ុន្តែគឺជាសិស្សល្អមួយ នៅក្នុងក្របខណ្ឌ នៃសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»។
លោក ថាវអមិដា ក៏បានឱ្យដឹងផងដែរថា ក្រសួងក៏គ្រោងនឹងបើយុទ្ធនាការមួយប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះដែរ ហើយលោករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងយុទ្ធការនេះផងដែរ។ ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់លំអិតពីយុទ្ធនាការនេះបាននៅឡើយទេ៕