លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ប្រាប់​មន្ត្រី​ជាន់​ខ្ពស់​សន្តិសុខ​ជាតិ​ជប៉ុន​ថា កម្ពុជា​គាំទ្រ​យុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​របស់​ជប៉ុន ហើយ​នឹង​​អនុញ្ញាត​ឲ្យ​នាវា​ជប៉ុន​ចូល​ចត​នៅ​កំពង់ផែ​រាម​មុន​គេ នៅ​ពេល​កំពង់​ផែ​នេះ សាង​សង់​រួច​រាល់។

លោក​ថ្លែង​ដូច្នេះ​ នៅ​ក្នុង​ជំនួប​ជា​មួយ Akiba Takeo ​ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​សន្តិសុខ​ជាតិ​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​ធ្នូ​នេះ នៅ​វិមាន​ព្រឹទ្ធសភា។ នេះ​បើ​តាម​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

លោក Akiba Takeo បាន​ថ្លែង​ប្រាប់​លោក ហ៊ុន សែន ថា ​យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ​របស់​ជប៉ុន ធ្វើ​ឡើង​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ការ​វិវឌ្ឍ​សភាពការណ៍​របស់​តំបន់ ដោយ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សន្ទនា​ស្ថាបនា​ជាមួយ​ប្រទេស​ដៃ​គូ និង​ប្រទេស​មហា​អំណាច​ធំៗ ​ដូចជា​ប្រទេស​ចិន​ជាដើម។ 

លោក​ថា បើ​គ្មាន​កិច្ច​សន្ទនា និង​កិច្ច​សហការ​រវាង​គ្នា ជាពិសេស​ជាមួយ​ប្រទេស​ចិន​នោះ​ទេ ស្ថិរភាព វិបុលភាព និង​ការ​អភិវឌ្ឍ​នានា ក៏​នឹង​មិន​អាច​សម្រេច​បាន​ដែរ។

លោក​បន្ត​ថា ជប៉ុន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ជាមួយ​អាស៊ាន និង​បណ្តា​ប្រទេស​មហា​អំណាច​នានា ដើម្បី​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។

លោក ហ៊ុន សែន ថ្លែង​ថា យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ​របស់​ជប៉ុន ក៏​មិន​ខុស​គ្នា​អំពី​ទស្សនទាន​របស់​កម្ពុជា​ដែរ ពោល​គឺ​ប្រទេស​ទាំង​ពីរ​មាន​បំណង​ប្រាថ្នា​ពង្រឹង​សន្តិភាព​ដូច​គ្នា។

លោក​ក៏​បាន​លើក​ឡើង​ពី​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ ទាំង​ជើង​ទឹក និង​ជើង​គោក ដែល​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ។ 

ជប៉ុន​គិត​គូ​ពី​ផល​ប្រយោជន៍​ប្រទេស​នៅ​ក្នុង​តំបន់ ​គោរព​មជ្ឈភាព​អាស៊ាន និង​ជាដៃគូ​របស់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា៖ «នៅ​ក្នុង​ន័យ​នេះ សម្តេច​តេជោ បាន​លើក​ឡើង​អំពី​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​យុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ​របស់​ជប៉ុន»។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ត​ថា កម្ពុជា​នឹង​គាំទ្រ​នូវ​រាល់​យុទ្ធសាស្រ្ត​និង​គំនិត​ផ្តួច​ផ្តើម​នានា ឱ្យ​តែ​យុទ្ធសាស្រ្ត​និង​គំនិត​ផ្តួច​ផ្តើម​ទាំង​នោះ​បម្រើ​ឱ្យ​សន្តិភាព ការ​អភិវឌ្ឍ​និង​កិច្ច​សហ​ប្រតិបត្តិការ ​មិន​បម្រើ​ឱ្យ​ការ​ច្បាំង​គ្នា។ 

លើស​ពី​នេះ​ទៀត យុទ្ធសាស្ត្រ​នោះ​មិន​មែន​ជា​ឧបករណ៍​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ និង​ ត្រូវ​គោរព​មជ្ឈភាព​របស់​អាស៊ាន។

លោក ហ៊ុន សែន ក៏​បាន​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​សន្ទានា​ឱ្យ​បាន​ច្រើន​រវាង​ជប៉ុន និង​ចិន ដើម្បី​បង្កើន​នូវ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។កាល​ពី​សប្ដាហ៍​មុន ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា ទូក​ល្បាត​សមុទ្រ​ចំនួន ៤ គ្រឿង ទៅ​ដល់​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក​​របស់​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​ជាង​ ៧ លាន​ដុល្លា។ 

ជំនួយ​នេះ​ក៏​ជា​ផ្នែក​មួយ​របស់​ផែនការ​ យុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​របស់​ជប៉ុន ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​ទីមួយ​នៅ​អាស៊ាន​ដែល​បាន​ទទួល​ជំនួយ​បែប​នេះ៕